បញ្ហាសនិ្តសុខនិងសុវត្ថិភាពនៅក្នុងរយៈពេលពីរថ្ងៃដំបូងនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍កន្លងទៅ មានលក្ខណៈល្អប្រសើរ ទោះជាមានករណីប៉ះទង្គិចដោយពាក្យសម្តីរបស់អ្នកចូលរួមការឃោសនាបោះឆ្នោតនេះ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិនិងអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។
នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ VOA ថា មិនមានបញ្ហាធំដុំណាមួយកើតឡើង ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅក្នុងប្រទេសសម្រាប់ថ្ងៃទីមួយនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
«និយាយជារួម យើងនិយាយជារួមគឺ ទូទាំងប្រទេសមានលក្ខណៈល្អប្រសើរ សន្តិសុខវាមិនមានអីធំដុំកើតឡើងទេ ហើយការដង្ហែក្បួន ដង្ហែអីក៏មានលក្ខណៈល្អដែរ ការគោរពតាមច្បាប់ទម្លាប់»។
លោកមានប្រសាសន៍ថា មានករណីមិនប្រក្រតីតិចតួចបានកើតឡើង ក្នុងនោះគឺការបិទស្លាកគណបក្សនៅតាមដើមឈើ នៅមាត់សមុទ្រស្ថិតក្នុងតំបន់ផ្សារក្តាម ខេត្តកែប។ លោកថា សកម្មភាពបិទស្លាកគណបក្សនេះ ធ្វើឡើងដោយគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ លោកគៀត ចន្ទថារិទ្ធ បន្តថា មានករណីប៉ះទង្គិចគ្នាដោយពាក្យសំដីរវាងអ្នកឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលឈានដល់ការពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ៖
«នៅឃុំព្រៃខ្លា ស្រុកកោះអណ្តែតហ្នឹងមាន ប៉ះគ្នាតិចតួច ជាមួយគណបក្សប្រជាជន ជាមួយគណបក្សសង្គ្រោះជាតិ ប៉ុន្តែប៉ះហ្នឹង របៀបផ្លូវវាតូច ហើយមិនដឹងប៉ះគ្នាយ៉ាងម៉េចគឺ មានការឃាត់ដំណើរហែក្បួនរបស់ គណបក្សប្រជាជនហ្នឹង ប៉ុន្តែឥឡូវហ្នឹង ឮថា បានពាក្យប្តឹងទៅ គឺគណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យប្តឹងទៅ គ.ជ.ប»។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែ ឧសភា ដល់ថ្ងៃ ទី ២ ខែមិថុនា។ កម្លាំងការពារសន្តិសុខជិត២ម៉ឺននាក់ ត្រូវបានដាក់ពង្រាយសម្រាប់ការពារដំណើរការនៃការឃោសនាបោះឆ្នោតនេះ។ ការបោះឆ្នោតឃុំ-សង្កាត់នឹងរៀបចំឡើងនៅថ្ងៃទី៤ ខែមិថុនា ក្នុងឃុំ-សង្កាត់ចំនួន ១៦៤៦ នៅទូទាំងប្រទេសកម្ពុជា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ VOA កាលពីថ្ងៃសៅរិ៍ថា ភាពចាស់ទុំនៃអ្នកធ្វើយុទ្ធនាការឃោសនាបោះឆ្នោត បានញ៉ាំងឲ្យ បរិយាកាសសន្តិសុខសម្រាប់ការឃោសនាបោះឆ្នោត ក្នុងថ្ងៃដំបូងនេះ មានលក្ខណៈអំណោយផលដល់គណបក្សនយោបាយនានា។
«ប្រៀបធៀបនឹងការឃោសនាបោះឆ្នោត ឆ្នាំ២០១២ ថ្ងៃចាប់ផ្តើមដំបូងនេះ មានភាពល្អប្រសើរ ហើយអ្នកនយោបាយឬក៏ ប្រជាពលរដ្ឋលោក ឃើញថា មានភាពចាស់ទុំច្រើនខាងនយោបាយទៀត»។
លោកបានបន្តថា មន្ត្រីគ.ជ.ប នៅក្នុងឃុំព្រៃខ្លា ខេត្តតាកែវបានទទួលបណ្តឹងពីអ្នកឃោសនានៃគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃសៅរ៍ ទាក់ទិនការរារាំងហែក្បួន ដែលគណបក្សប្រជាជនកម្ពុជាចោទថា បានបង្កឡើងដោយគណបក្សសង្គ្រោះជាតិ។
លោកបានប្រាប់ VOA បន្ថែមនៅថ្ងៃអាទិត្យនេះថា ពាក្យបណ្តឹងនេះ មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ដោយហេតុថា គណបក្សសង្គ្រោះជាតិនឹងប្តឹងបកមកវិញ។ យ៉ាងណាក៏ដោយ នៅក្នុងថ្ងៃទីពីរនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនេះ លោក ហង្ស ពុទ្ធា ថ្លែងថា បរិយាកាសឃោសនាស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានពាក្យបណ្តឹងថ្មីនោះទេ។
ចំណែកឯលោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតការបោះឆ្នោតនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល ប្រាប់ VOA ថា បរិយាកាសនៃការផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត គឺមានលក្ខណៈប្រសើរ ដោយអ្នកឃោសនាបោះឆ្នោត មិនបានបង្កហិង្សា ឬធ្វើសកម្មភាពមិនប្រក្រតីណាមួយនោះឡើយ។
«យើងមើលឃើញដូចជាមិនមានបញ្ហាអីដែលកើតឡើង គួរឲ្យកត់សម្គាល់ទេណ៎ា គឺមានន័យថា គណបក្សនីមួយៗហ្នឹង ធ្វើការដោយរលូន មិនមានការប៉ះពារទេ ព្រោះវាមិនមានឃើញ ឬក៏ករណីមិនប្រក្រតីណាមួយកើតឡើង ដែលធ្វើឲ្យមានបញ្ហា គេហៅថាជាភាពមិនប្រក្រតីនោះ យើងមើលអត់ទាន់ឃើញនៅឡើយទេ»។
លោក កន សាវាង្ស រំពឹងថា សកម្មភាពឃោសនារបស់គណបក្សនយោបាយនីមួយៗនឹងត្រូវបន្តធ្វើឡើងក្នុងបរិយាកាសសន្តិភាព គ្មានអំពើហិង្សា ប្រសិនបើគណបក្សនីមួយៗ ប្រកាន់គោលការណ៍មិនវាយប្រហារគ្នាជាលក្ខណៈបុគ្គលឬទិតៀនគណបក្សនយោបាយណាមួយដោយចំៗ។
ទាំងនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ និងលោក កន សាវាង្ស មិនទាន់អាចប្រៀបធៀបស្ថានភាពថ្ងៃឃោសនាបោះឆ្នោតដំបូងនៅឆ្នាំ ២០១៧នេះជាមួយនឹងឆ្នាំ ២០១២បានទេ ដោយត្រូវរង់ចាំទទួលបានព័ត៌មាននានា ទាក់ទិនសកម្មភាពឃោសនារបស់គណបក្សនយោបាយនីមួយៗ សម្រាប់ធ្វើការវាយតម្លៃ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន គ្រោងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ជាង៥ម៉ឺននាក់សម្រាប់ការពារអំឡុងពេលបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅថ្ងៃទី៤ ខែមិថុនាផងដែរ។ កងកម្លាំងដែលរួមមាននគរបាលជាតិ កងរាជអាវុធហត្ថនិងកងយោធពលខេមរភូមិន្ទនឹងត្រូវដាក់ឱ្យឈរជើងតាមការិយាល័យបោះឆ្នោត ការពារស្នាក់ការរបស់គណៈកម្មការឃុំសង្កាត់ ត្រៀមអន្តរាគមន៍ភូមិសាស្រ្តក្នុងនិងក្រៅក្រុងស្រុកខណ្ឌ ជាដើម។
ដោយឡែក នៅថ្ងៃទីពីរនៃ ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានហែក្បួនឃោសនាទ្រង់ទ្រាយធំ នៅតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ ដូចដែលគណបក្សប្រឆាំងបានធ្វើនៅថ្ងៃដំបូងនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត៕