មេដឹកនាំគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ និងបានត្រៀមចូលទៅបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជុំវិញការថ្លែងរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសជប៉ុនថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែចុះខ្សោយក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោក ហ៊ុន ម៉ាណែត។
លោក ទាវ វណ្ណុល បានចំណាយពេលជិត២ខែដើម្បីពិនិត្យ និងតាមដានសុខភាពនៅសហរដ្ឋអាមេរិក មុនពេលលោកវិលត្រឡប់ចូលក្នុងប្រទេសវិញ ដោយមានការស្វាគមន៍ពីប្រធានគណបក្សឆន្ទៈខ្មែរលោក សុក ហាច ដែលទើបបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀនដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារ។
មេធាវីការពារក្តីលោក ទាវ វណ្ណុល គឺលោក ជូង ជូងី ប្រាប់វីអូអេថា កូនក្តីរបស់លោក នឹងចូលបំភ្លឺតាមបណ្តឹងរបស់រដ្ឋាភិបាល តបទៅតាមដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញក្រោយសុំពន្យារពេលចូលបំភ្លឺម្តងរួចមកហើយ។
មេធាវីរូបនេះថា កូនក្តីរបស់លោកបានត្រៀមខ្លួនរួចរាល់សម្រាប់ការចូលសវនាការនៅថ្ងៃស្អែកនេះ ហើយថា លោកនឹងព្យាយាមការពារសិទ្ធិលោក ទាវ វណ្ណុល ទៅតាមនីតិវិធីក្នុងនាមជាមេធាវីការពារក្តី។
លោកបានបញ្ជាក់ថា៖«បាទត្រៀមដើម្បីទៅចូលបំភ្លឺថ្ងៃស្អែកហើយបាទ»។
ពាក្យបណ្តឹងរបស់រដ្ឋាភិបាលមកលើលោក ទាវ វណ្ណុល បានផ្តើមចេញពីការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានក្នុងប្រទេសជប៉ុនមួយចំនួន ដែលបានសម្ភាសអ្នកនយោបាយជំទាស់ជើងចាស់រូបនេះ អំពីដំណើរប្រជាធិបតេយ្យនៅកម្ពុជា។ បទសម្ភាសន៍នេះ ធ្វើឡើងអំឡុងពេលលោកបាននិងកំពុងបំពេញបេសកកម្មនៅទីក្រុងតូក្យូប្រទេសជប៉ុន កាលពីខែកុម្ភៈ ឆ្នាំ២០២៤។
ក្រោយបទសម្ភាសន៍នោះ រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកឡើងរបស់លោក ទាវ វណ្ណុល ដែលថា ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែចុះខ្សោយនៅការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មានលក្ខណៈជាការចោទប្រកាន់មកលើរដ្ឋាភិបាលទាំងបំពាន និងខុសពីការពិត។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានដកស្រង់នូវការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia និងការផ្សាយបន្តដោយវិទ្យុបារាំងជាភាសាខ្មែរថា៖ «តាមរយៈការដកស្រង់សម្តីរបស់សារព័ត៌មានទាំងពីរ លោក ទាវ វណ្ណុល បានអះអាងថារាជរដ្ឋាភិបាលបានដាក់កាមេរ៉ានៅមុខផ្ទះរបស់លោក ដើម្បីឃ្លាំមើលសកម្មភាព២៤ម៉ោង»។
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ទាវ វណ្ណុល ក៏បាននិយាយទៀតថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹងប្រជាធិបតេយ្យ ដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពលរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។
ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បដិសេធមិនផ្តល់ការអត្ថាធិប្បាយនៅថ្ងៃពុធនេះ។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានទេនៅថ្ងៃពុធនេះ។
ប្រធានក្រុមមេធាវីការពារក្តីរបស់រដ្ឋាភិបាលលោក គី តិច បញ្ជាក់វីអូអេឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃពុធនេះថា ករណីលោក ទាវ វណ្ណុល សិ្ថតក្នុងដំណាក់កាលអយ្យការ ពោលគឺ ការកោះហៅចូលខ្លួន ឱ្យឆ្លើយបំភ្លឺ ដោយពុំទាន់ដល់ដំណាក់កាលសវនាការទេ។
ថ្នាក់ដឹកនាំមួយចំនួនរបស់គណបក្សភ្លើងទៀន ត្រូវបានគេសង្កេតឃើញថា បានរងការប្តឹងផ្តល់នៅតុលាការតាមបណ្តឹងរបស់មេធាវីរដ្ឋាភិបាលកម្ពុជា ដែលភាគច្រើនពាក់ព័ន្ធនឹងការនិយាយបង្ខូចកេរ្តិ៍ឈ្មោះគណបក្សកាន់អំណាច តួយ៉ាងលោក ថាច់ សេដ្ឋា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំចំពោះការថ្លែងសារនយោបាយពាក់ព័ន្ធនឹងថ្ងៃ៧មករា និងការបង្កើតគណបក្សប្រជាជនកម្ពុជា៕
ភ្នំពេញ —
វេទិកាបញ្ចេញមតិ