បន្ទាប់ពីត្រូវបានក្រសួងមហាផ្ទៃបដិសេធបេក្ខជនអនុប្រធានបក្សចំនួន២លើករួចមក គណបក្សសង្គ្រោះជាតិ គ្រោងនឹងរៀបចំប្រជុំ ដើម្បីជ្រើសរើសអនុប្រធានជាថ្មីនៅថ្ងៃពុធខាងមុខនេះ។ មន្ត្រីគណបក្សជំទាស់ឱ្យដឹងថា ការជ្រើសរើសនេះគឺគ្រាន់ចង់ធ្វើឱ្យស្របតាមច្បាប់ និងលក្ខន្តិកៈរបស់គណបក្សប៉ុណ្ណោះ ពោលគឺមិនមានការផ្លាស់ប្ដូរបេក្ខជនអនុប្រធានគណបក្សនោះទេ។
មន្ត្រីគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា គណបក្សខ្លួននឹងប្រជុំជ្រើសរើសអនុប្រធានគណបក្សសារជាថ្មីនៅថ្ងៃពុធខាងមុខ ក្រោយពីមានការព្រមានពីក្រសួងមហាផ្ទៃ។ នេះជាការជ្រើសរើសលើកទី៣ហើយ បន្ទាប់ពីការជ្រើសរើស២លើកកន្លងមក ត្រូវបានក្រសួងមហាផ្ទៃបដិសេធមិនព្រមទទួលស្គាល់។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិប្រាប់ VOA នៅថ្ងៃចន្ទនេះថា នៅរសៀលថ្ងៃទី១៧ ខែឧសភាខាងមុខ គណៈកម្មការនាយករបស់គណបក្សជំទាស់នេះ នឹងប្រជុំដើម្បីជ្រើសរើសអនុប្រធានជាថ្មីចំនួន៣រូប ឱ្យស្របតាមលក្ខន្តិកៈដែលតម្កល់នៅក្រសួងមហាផ្ទៃ។
លោកបន្តថា កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក កឹម សុខា ប្រធានគណបក្ស ដែលនឹងត្រឡប់មកពីទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ។
លោក យឹម សុវណ្ណ មានប្រសាសន៍ថា៖
«ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ គណៈកម្មការនាយកគណបក្ស ប្រជុំនៅស្នាក់ការកណ្ដាល នៅរសៀលថ្ងៃទី១៧ហ្នឹង ដើម្បីរើសអនុប្រធានគណបក្ស ហើយបេក្ខជននោះនៅដដែលទេ គឺបេក្ខជនដែលជាអនុប្រធានគណបក្សពីមុនមកបាទ»។
កន្លងទៅ គណបក្សសង្គ្រោះជាតិ ធ្លាប់បានជ្រើសរើសអនុប្រធានគណបក្សចំនួន២លើកមកហើយ ប៉ុន្តែក្រសួងមហាផ្ទៃបានអះអាងថា ការជ្រើសរើសអនុប្រធានបក្សទាំង២លើកនោះ ធ្វើឡើងផ្ទុយពីលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិខ្លួនឯង។ អនុប្រធានទាំង៣រូបរួមមានលោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និងលោក ប៉ុល ហំម ដែលបច្ចុប្បន្នបំពេញនាទីជាប្រធានស្ដីទី ខណៈពេលដែលលោក កឹម សុខា កំពុងទស្សនកិច្ចនៅក្រៅប្រទេស។
ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យការជ្រើសរើសអនុប្រធានបក្សមានភាពស្របច្បាប់នោះ គណបក្សសង្គ្រោះជាតិ ក៏បានធ្វើការកែប្រែលក្ខន្តិកៈរបស់ខ្លួនចំនួន២លើកផងដែរ។
កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានទទួលស្គាល់ការធ្វើវិសោធនកម្មលក្ខន្តិកៈលើកចុងក្រោយរបស់គណបក្សជំទាស់ ពាក់ព័ន្ធនឹងការជ្រើសរើសអនុប្រធាននេះ។ លក្ខន្តិកៈថ្មីនេះពុំមានកំណត់រយៈពេល៣០ថ្ងៃសម្រាប់ការជ្រើសរើសអនុប្រធានដូចលក្ខន្តិកៈចាស់នោះទេ។ ការកំណត់រយៈពេល៣០ថ្ងៃនេះ ជាមូលហេតុដែលនាំឱ្យមានការបដិសេធពីក្រសួងនាពេលកន្លងមក។
លោក យឹម សុវណ្ណ នៃគណបក្សជំទាស់បង្ហាញពីការជឿជាក់ថា ការជ្រើសរើសអនុប្រធានគណបក្សលើកទី៣នេះ នឹងមិនមានបញ្ហាទៀតនោះទេ។
លោកមានប្រសាសន៍ថា៖ «ធ្វើទៅតាមលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃហើយ ដូច្នេះមិនមានបញ្ហាអីទេ»។
ដោយឡែក លោក មាស នី អ្នកស្រាវជ្រាវ និងជាអ្នកវិភាគនយោបាយនៅក្នុងប្រទេសកម្ពុជាមានប្រសាសន៍ថា រដ្ឋាភិបាល កំពុងព្យាយាមដាក់គំនាបលើគណបក្សជំទាស់ដ៏មានឥទ្ធិពលនេះ ដោយយករឿងផ្ទៃក្នុងរបស់គណបក្សមកធ្វើជាបញ្ហា។
លោកបន្តថា ការជ្រើសរើសអនុប្រធានគណបក្សជាថ្មីតាមការទាមទាររបស់ក្រសួងមហាផ្ទៃ គ្រាន់តែជា «ការធ្វើបង្គ្រប់កិច្ច» និងពុំមានអ្វីខាតបង់នោះទេ។ លោកបន្ថែមថា វាក៏អាចជួយសម្រួលស្ថានការណ៍មុនការបោះឆ្នោត ចៀសវាងកុំឱ្យមានភាពតានតឹងផងដែរ។
«បើសិនជាយើងកុំមានការគុំកួនគ្នា ជាបុគ្គលជាអី ខ្ញុំគិតថា ជួនកាលពេលខ្លះ គេបិទភ្នែក។ ប៉ុន្តែដោយសារយើងវាមិនសូវត្រូវគ្នា ដល់ចឹងរឿងតូចៗគេចាប់យកមកដាក់ធ្វើឱ្យធំបាន»។
ទោះបីជាយ៉ាងណាក៏ដោយ លោក មាស នី លើកឡើងថា គណបក្សសង្គ្រោះជាតិខ្លួនឯង ក៏មានចំណែកខុសផងដែរ ដោយសារការជ្រើសរើសអនុប្រធាននាពេលកន្លងមក មិនបានគោរពតាមលក្ខន្តិកៈរបស់គណបក្ស។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេថ្ងៃចន្ទនេះ។
តែទោះយ៉ាងណា កន្លងទៅក្រសួងមហាផ្ទៃតែងអះអាងថា បញ្ហាមិនទទួលស្គាល់អនុប្រធានគណបក្សប្រឆាំង គឺជារឿងច្បាប់សុទ្ធសាធ គឺមិនមានពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ។ គណបក្សនយោបាយចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ដើម្បីដណ្ដើមតំណែងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១១៥៧២ នៅទូទាំង១៦៤៦ ឃុំសង្កាត់ក្នុងប្រទេសកម្ពុជា៕