លោកស្រីហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេស មានប្រសាសន៍ថា ស.រ.អានឹង «ប្រកាន់ជំហររឹងមាំ» ចំពោះការឲ្យអំណាចដល់ស្ត្រី ខណៈពេលដែលលទ្ធិប្រជាធិបតេយ្យថ្មីមានរូបរាងហើយនៅក្នុងមជ្ឈិមបូព៌ាប្រទេស។ លោកស្រី គ្លីនតុនបានមានប្រសាសន៍ដូច្នេះនៅឯពិធីមួយ ដែលផ្តល់កិត្តិយសដល់ស្ត្រីមកពីប្រទេស១០ សម្រាប់ការគាំទ្របញ្ហាស្ត្រី រួមមានលោកស្រី រូហ្សា អ៊ូទុនបាយេវ៉ា (Roza Otunbayeva) ប្រធានាធិបតីប្រទេស គីហ្ស៊ីស្ថាន (Kyrgyzstan) ផងដែរ។
លោកស្រី គ្លីនតុនបានប្រើពិធីនោះ ជាផ្នែកមួយនៃពិធីទិវានារីអន្តរជាតិ ដើម្បីប្រើជាការជូនដំណឹងថារដ្ឋបាលលោកអូបាម៉ានឹងធ្វើឲ្យ ការឲ្យអំណាចដល់ស្ត្រីជាគោលនយោបាយមួយមានអាទិភាពនៅក្នុងការដោះស្រាយបញ្ហារបស់ខ្លួន ជាមួយនឹងលទ្ធិប្រជាធិបតេយ្យដែលលេចឡើងនៅក្នុងមជ្ឈិមបូព៌ាប្រទេស។
“ស្ត្រីនៅក្នុងប្រទេសអេហ្ស៊ីពនិងទុយនុយស៊ី និងប្រទេសដទៃទៀតមានសិទ្ធិច្រើនដូចជាបុរសដែរដើម្បីរៀបចំរដ្ឋាភិបាលរបស់ខ្លួនឡើងវិញ ធ្វើឲ្យពួកគេធ្វើការមានប្រសិទ្ធភាព ទទួលខុសត្រូវ និងមានតម្លាភាព។ ស.រ.អនឹងប្រកាន់យកជំហររឹងមាំចំពោះសំណើដែលថាស្ត្រីត្រូវតែបានបញ្ចូលទៅក្នុងការអនុវត្តអ្វីក៏ដោយឲ្យតែមានដំណើរឆ្ពោះទៅមុខ»។
លោកស្រី គ្លីនតុនបានមានប្រសាសន៍ថា គ្មានរដ្ឋាភិបាលណាអាចមានជោគជ័យបានទេប្រសិនបើរដ្ឋាភិបាល បដិសេធស្ត្រី ដែលមានចំនួនពាក់កណ្តាលនៃពលរដ្ឋរបស់ខ្លួន ពីការចូលរួមក្នុងសេចក្តីសម្រេចសំខាន់ៗនោះ។
លោកស្រីរដ្ឋមន្ត្រីការបរទេស ដែលចូលរួមដោយភរិយាប្រធានាធិបតី គឺលោកស្រី មីស្សេល អូបាម៉ា បានធ្វើជាអធិបតីនៅខួបលើកទី៥ នៃពិធីប្រគល់រង្វាន់ស្ត្រីក្លាហាន ដើម្បីផ្តល់កិត្តិយសដល់សកម្មជននៅជុំវិញពិភពលោក ចំពោះការគាំទ្រសិទ្ធិ និងការឲ្យអំណាចដល់ស្ត្រី។
ឆ្នាំនេះ អ្នកទទួលរង្វាន់១០នាក់ រួមមានទាំងស្ត្រីមេដឹកនាំប្រទេសដំបូងបង្អស់ផង ដែលបានទទួលកិត្តិយស គឺលោកស្រី រូហ្សា អ៊ូទុនបាយេវ៉ា ប្រធានាធិបតីនៃសាធារណរដ្ឋ គីហ្ស៊ីស្ថានដែលលោកស្រី គ្លីនតុនបានមានប្រសាសន៍ថា លោកស្រី អ៊ូទុនបាយេវ៉ាបានកាច់ចង្កូតប្រទេសលោកស្រីឲ្យទៅជាប្រទេសមានលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំមុន ក្រោយពីការរលំរបបផ្តាច់ការមួយ។
«លោកស្រី បានសម្រេចចិត្តតាំងពីដំបូង លើអ្វីដែលលោកស្រីនឹងជួយរៀបចំរដ្ឋាភិបាលថ្មី ដើម្បីឲ្យមានរដ្ឋធម្មនុញថ្មីមួយ។ ហើយនៅពេលកាលៈទេសៈមកដល់ បន្ទាប់ពីការបោះឆ្នោតបានចប់សព្វគ្រប់ លោកស្រីបានផ្ទេរអំណាចទៅឱ្យនាយករដ្ឋមន្ត្រីថ្មីនិងរដ្ឋាភិបាលថ្មីនោះ។ នៅក្នុងការធ្វើដូច្នេះ លោកស្រីបានផ្តល់នូវមេរៀនមួយដែលមិនអាចកាត់ថ្លៃបាន ដល់លទ្ធិប្រជាធិបតេយ្យដែលផុសឡើងនៅគ្រប់ទីកន្លែង»។
នៅក្នុងសុន្ទរកថាដែលទទួលយក ក្នុងនាមនៃអ្នកទទួលជ័យលាភីទាំងអស់ លោកស្រីប្រធានាធិបតី អ៊ូទុនបាយេវ៉ាបានមានប្រសាសន៍ថា លទ្ធិប្រជាធិបតេយ្យរបស់ គីហ្ស៊ីស្ថានថ្មី ដែលមានដំបូងបង្អស់នៅក្នុងតំបន់ អាចលេចឡើងដូចជាច្របូកច្របល់ ក៏ប៉ុន្តែ ថាភាពច្របូកច្របល់ដែលអាចមើលឃើញនោះ វានៅឆ្ងាយណាស់ ពីចំណូលចិត្តឲ្យមានការបញ្ជាដែលបង្ខិតបង្ខំដោយអ្នកកាន់អំណាចផ្តាច់ការម្នាក់។
«មែនហើយ នៅពេលលោកអ្នកមានរដ្ឋាភិបាលផ្តាច់ការមួយ វាងាយណាស់នឹងបង្កើតរូបភាពក្លែងក្លាយនៃស្ថិរភាពនិងភាពចុះសម្រុងគ្នា។ នៅពេលលោកអ្នកមានលទ្ធិប្រជាធិបតេយ្យ លោកអ្នកត្រូវតែរៀនទទួលមតិឲ្យបានច្រើន មតិខ្លះទិះតៀនខ្លាំងៗ មតិខ្លះថែមទាំងមើលងាយទៀតផង។ ចំពោះពួកអ្នកក្រៅ មើលឃើញថាលោកអ្នកហាក់ដូចជានឹងរលំគ្រប់វិនាទី»។
ចំណែកអ្នកទទួលរង្វាន់ផ្សេងៗទៀតនៅឯពិធីនោះ មានលោកស្រី ម៉ារីយ៉ា បាស្ហៀរ ព្រះរាជអាជ្ញាប្រចាំតំបន់របស់ប្រទេសអាហ្វហ្កានីស្ថាន អ្នកកាសែត ហេនរីអេត អេកវី អេបុងហ្កូ (Henriette Ekwe Ebongo) នៃប្រទេសកាម៉េរូន លោកស្រីជៀនម៉ី កួយ (Jianmei Guo) មេធាវីចិន លោកស្រី អាណេស អូសតុគីយ៉ាន (Agnes Osztokyan) សមាជិកសភានៃប្រទេសហុងហ្ការី លោកស្រី អេវ៉ា អាប៊ូ ហាឡាវ៉េ (Eva Abu Halaweh) សកម្មជនផ្នែកច្បាប់នៃប្រទេសហ្ស៊កដានី លោកស្រី ហ្គោឡាម ស៊ូក្រា (Ghulam Sughra) សកម្មជននៃស្ត្រីជនបទប្រទេសប៉ាគីស្ថាននិងលោកស្រីម៉ារីសេឡា ម៉ារាឡេស (Marisela Marales)អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសម៉ិចស៊ីក៕
ប្រែសម្រួលដោយ នុច សារីតា