ក្រសួងការបរទេសស.រ.អ. វ៉ាស៊ីនតោន៖ លោកស្រី ហ៊ិល្លារី គ្លីនតុន (Hillary Clinton) រដ្ឋមន្រ្តីការបរទេសស.រ.អ. ថ្លែងកាលពីថ្ងៃសុក្រថា ក្រុមតាលីបាន់ (Taliban) មិនអាចផ្ចាញ់ទ្រាំបាននឹងសម្ពាធរបស់យោធាស.រ.អ.រហូតបានទេ ហើយពួកតាលីបាន់ត្រូវតែបែកចេញពីក្រុមអាល់កៃដា (Al-Qaida) ហើយត្រូវធ្វើការផ្សះផ្សាជាមួយរដ្ឋាភិបាល អាហ្វហ្កានីស្ថាន (Afghanistan)។ ក្នុងសន្ទរកថា គោលនយោបាយមួយនៅក្រុងញូវយ៉ក លោកស្រីគ្លីនតុន ក៏បានប្រកាសដែរថា លោក ម៉ាក ក្រូសមែន (Marc Grossman) ដែលជាអគ្គរដ្ឋទូតជើងចាស់ម្នាក់ នឹងចូលធ្វើការជាប្រេសិតពិសេសរបស់ស.រ.អ.សម្រាប់តំបន់នោះជំនួសសពលោក រីឆាត ហូលប្រ៊ូក (Richard Holbrooke)។
ក្នុងសន្ទរកថាអំពីប្រទេសអាហ្វហ្កានីស្ថាននោះ លោកស្រីគ្លីនតុននិយាយថាយុទ្ធសាស្រ្ត របស់រដ្ឋបាលអូបាម៉ា បានដាក់ជម្រើសផ្ទុយគ្នាខ្លាំង គឺឲ្យពួកតាលីបាន់ផ្តាច់ខ្លួនចេញពីពួកអាល់កៃដានិងចូលរួមជាថ្មីឡើងវិញជាមួយសង្គមអាហ្វហ្កានីស្ថាន ឬបន្តប្រយុទ្ធជាមួយក្រុមភេរវករ ហើយត្រូវប្រឈមមុខនឹងផលវិបាកអន្តរជាតិ។
ក្នុងសុន្ទរកថាទៅកាន់អង្គការ«សមាគមអាស៊ី» (Asia Society) នៅបូរីញូវយ៉ក លោកស្រីគ្លីតុន រដ្ឋមន្ត្រីការបរទេសអាមេរិកាំងថ្លែងថា រដ្ឋបាលអូបាម៉ាកំពុង ដឹកនាំឲ្យមានការតម្លើងកម្លាំងបីទិសព្រមៗគ្នា គឺការវាយលុករបស់យោធាទៅលើពួកអាល់កៃដានិងតាលីបាន់ យុទ្ធនាការស៊ីវិលដើម្បីគាំទ្រនិងពង្រឹងរដ្ឋាភិបាលអាហ្វហ្កានីស្ថាននិងប៉ាគីស្ថាន ព្រមទាំងការតម្លើងកម្លាំងខ្លាំងឡើងខាងការទូតដើម្បីជម្រុញឲ្យមានការបញ្ចប់សង្គ្រាមនេះ ហើយត្រួសត្រាយផ្លូវសម្រាប់អនាគតមួយមានសន្តិសុខប្រសើរជាងមុនសម្រាប់តំបន់នេះ។
លោកស្រីគ្លីនតុនថ្លែងថា ក្រុមតាលីបាន់បានសម្រេចចិត្តខុស ដោយបានគាំទ្រ ក្រុមអាល់កៃដានៅក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ហើយឥឡូវនេះ ក្រុមនេះកំពុងត្រូវធ្វើការសម្រេចចិត្តសំខាន់មួយទៀត។
«សព្វថ្ងៃនេះ សម្ពាធដែលកាន់តែខ្លាំងឡើងពីយុទ្ធនាការខាងយោធារបស់យើង កំពុងធ្វើឲ្យក្រុមតាលីបាន់មានជម្រើសកាន់តែតិចទៅៗ ដូចគ្នានឹងកាលពីលើកមុន គឺអ្នកត្រូវតែផ្តាច់ចំណងទាក់ទងជាមួយក្រុមអាល់កៃដា រួចទម្លាក់អាវុធរបស់ខ្លូនហើយគោរពទៅតាមរដ្ឋធម្មនុញ្ញអាហ្វហ្កានីស្ថាន នោះអ្នកនឹងអាចបានចូលរួមរស់ឡើងវិញក្នុងសង្គមអាហ្វហ្កានីស្ថានបាន។ បើអ្នកមិនព្រមធ្វើតាម អ្នកនឹងបន្តប្រឈមមុខនឹងផលវិបាកជាច្រើនពីចំណងទាក់ទងរបស់អ្នកជាមួយក្រុមអាល់កៃដា ដែលជាសត្រូវរបស់សហគមន៍អន្តរជាតិ។ ពួកគេនឹងមិនអាចបន្តពន្យារពេលការសម្រេចចិត្តនេះទេ។ ពួកគេមិនអាចផ្ចាញ់យើងបានទេ។ ហើយពួកគេមិនអាចគេចពីការសម្រេចមួយនេះទេ។
លោកស្រីគ្លីនតុនថ្លែងទៀតថា នៅពេលអន្តរកាលចេះតែបន្តទៅមុខ ហើយរដ្ឋាភិបាលអាហ្វហ្កានីស្ថានកាន់តែរឹងមាំឡើងនោះ ដំណើរការផ្សះផ្សាផ្នែកនយោបាយក៏កាន់តែស្ថិតស្ថេរដែរ។
លោកស្រីគ្លីនតុនបានថ្លែងជាថ្មីម្តងទៀតថាអំពីបំណងរបស់រដ្ឋបាលអូបាម៉ាក្នុងការចាប់ផ្តើមការដកកងទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាននៅខែកក្កដា ដោយផ្អែកទៅលើស្ថានការណ៍ជាក់ស្តែងនៅសមរភូមិ ហើយគេនឹងធ្វើការដកកងទ័ពនេះទាំងស្រុងឲ្យបានត្រឹមដំណាច់ឆ្នាំ២០១៤ ដោយគ្មានវត្តមាន យោធានៅទីនោះទៀតឡើយ។
ប្រែសម្រួលដោយអ្នកស្រី នៅ សារីម