ជនស៊ីវិលជាង៣ម៉ីននាក់បានរត់ចេញពីការប្រយុទ្ធគ្នារវាងក្រុមអ្នកគាំទ្ររដ្ឋាភិបាលដែលប្រជែងគ្នារបស់ប្រទេសកូតឌីវ័រ នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម អាប៊ីដហ្សង់។
ក្រោយពីការប្រយុទ្ធគ្នាជិតពីរសប្តាហ៍រវាងក្រុមអ្នកគាំទ្រលោក ឡូរ៉ិនត៍ បាក់បូ ប្រធានាធិបតីក្នុងតំណែង និងគូរប្រជែងរបស់លោកគឺលោក អាឡាស្សាន វ៉ាត់តារ៉ា មក លោកអាកណូដ៍ បេស្សូដែលមានទីលំនៅនៅសង្កាត់អាបូបូថ្លែងថា លោកមានការលំបាកគ្រប់គ្រាន់ហើយ។
លោកបេស្សូនិយាយថា លោកនិងគ្រួសារលោកបានចាកចេញពីសង្កាត់អាបូបូដោយសារតែការប្រយុទ្ធ និងការសម្លាប់គ្នា។ លោកនិយាយថា កងកម្លាំងសន្តិសុខកំពុងឆែកឆេរផ្ទះ ហើយទាំងអស់នេះវាជាភាពគ្មានសណ្តាប់ធ្នាប់មួយ។ មានមនុស្សជាច្រើនដែលបានស្លាប់។ គ្មានអ្វីបរិភោគទេ ព្រោះផ្សារទាំងអស់បានបិទទ្វារ។ លោកបេស្សូនិយាយថា ប្រសិនបើមាននរណាម្នាក់ជួយប្រជាពលរដ្ឋនៃសង្កាត់អាបូបូនោះ ប្រជាពលរដ្ឋនៃសង្កាត់នេះសូមស្វាគមន៍ជាទីបំផុត។
ដោយគ្មានអ្នកណាម្នាក់ជួយពួកគេ លោកបេស្សូ និងគ្រួសារបានចាកចេញដោយគ្មានយកបានអ្វីសោះហើយលបរត់ចេញពីសង្កាត់អាបូបូ ដោយឆ្លងកាត់កន្លែងឆែកឆេរ របស់សកម្មប្រយុទ្ធរបស់លោកបាក់បូចូលទៅក្នុងកន្លែងស្ងប់ស្ងាត់ នៅជិតសួនសត្វរបស់ទីក្រុងអាប៊ីដហ្សង់ដែលនៅពេលនេះត្រូវបានបិទទ្វារ។ ឡើងទៅលើទីទួលដ៏ចោតមួយ ឆ្លងកាត់រថយន្តតាក់ស៊ីតម្រៀបគ្នាជាជួរដែលពួកគេគ្មានលទ្ធភាពនឹងជិះនោះ លោកបេស្សូ និងភរិយាលោក អ្នកស្រី ក្លែរីសយ៉ាវ សប្បាយចិត្តនឹងធ្វើការផ្លាស់ប្តូរលំនៅ។
អ្នកស្រី យ៉ាវនិយាយថា ពីរសប្តាហ៍កន្លងទៅនេះមានការលំបាកខ្លាំងណាស់ចំពោះកូនទាំងបួននាក់របស់ពួកគេ ដែលមានអាយុពី ២ទៅ១៨ឆ្នាំ។ អ្នកស្រីនិយាយថា ពួកក្មេងៗយំ នៅពេលណាពួកគេឮសូរសម្លេងគ្រាប់បែក។ ដោយស្ថានការណ៍មិនបានគ្រាន់បើ ហើយដោយពួកក្មេងៗភ័យខ្លាចផងនោះ ឪពុកម្តាយទាំងឡាយនៅក្នុងសង្កាត់អាបូបូមានការភ័យខ្លាចហើយត្រូវតែស្វែងរកកន្លែងផ្សេងទៀតដើម្បីរស់នៅ។
អ្នកសម្របសម្រួលខាងថែទាំមនុស្សជាតិរបស់អង្គការសហប្រជាជាតិនៅទីនេះនិយាយថា តំបន់ខ្លះនៃសង្កាត់អាបូបូជាតំបន់ដែលត្រូវបានគេបោះបង់ ដោយមានសាកសពនៅលើផ្លូវថ្នល់ដែលត្រូវតែបានបញ្ចុះយ៉ាងឆាប់ៗដែលអាចធ្វើទៅបាន។
ប្រែសម្រួលដោយ នុច សារីតា