សង្គមស៊ីវិលជាង១០ស្ថាប័ន ជំរុញឱ្យរដ្ឋាភិបាលបើកលំហសេរីភាពដល់យុវជនដើម្បីអាចចូលរួមកិច្ចការងារសង្គមដោយគ្មានការភ័យខ្លាច បន្ទាប់ពីយុវជនជាច្រើនមិនចាប់អារម្មណ៍ការងារសង្គម និងនយោបាយ ដោយសារបារម្ភពីការយាយីតាមផ្លូវតុលាការ។
នៅថ្ងៃព្រហស្បតិ៍នេះ សង្គមស៊ីវិលចំនួន១២ស្ថាប័ន រួមមាន សមាគមបណ្តាញយុវជនកម្ពុជា អង្គការតម្លាភាពកម្ពុជា អង្គការជាដៃគូដើម្បីបរិស្ថាននិងការអភិវឌ្ឍ និងអង្គការសង់ត្រាល់ជាដើម បានរៀបចំសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជនឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ»។
សង្គមស៊ីវិលទាំងនោះ បានចាត់ទុក ថា ការចូលរួមរបស់យុវជនក្នុងកិច្ចការងារសង្គម នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាការជំរុញនូវវឌ្ឍនភាព និងបង្កើតបានភាពល្អប្រសើរនៃយុត្តិធម៌សង្គម។ ពួកគេថា ប្រសិនបើយុវជនពុំទទួលបានសិទ្ធិសេរីភាពពេញលេញ និងបរិយាកាសល្អប្រសើរទេ នោះយុវជននឹងក្លាយជាកម្លាំងចលករបំពេញមហិច្ឆតារបស់អ្នកនយោបាយតែប៉ុណ្ណោះ ហើយសំឡេងរបស់យុវជននឹងត្រូវបានបំបាត់ចោល។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននោះថា លំហសិទ្ធិសេរីភាពរបស់យុវជនមិនទាន់មានភាពល្អប្រសើរនៅឡើយ ខណៈសកម្មជនមួយចំនួនត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។
លោកថ្លែងថា៖ «មានរបាយការណ៍មួយចំនួនបានកត់សម្គាល់ថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះចំនួននៃការឃាត់ខ្លួនមានការកើនឡើង។ ហើយប្រាំបីខែចុងក្រោយនេះ ការចាប់ខ្លួនសកម្មជននយោបាយ សង្គម និងសកម្មជនផ្សេងៗទៀត មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលយើងចាត់ទុកថា នេះគឺជាការណ៍មួយដែលយើងមានការព្រួយបារម្ភមែនទែន។ ហើយជាពិសេសទាក់ទងទៅនឹងប៉ុន្មានថ្ងៃនេះដូចជាមានការព្យាយាមរឹតបន្តឹងទៅលើការជួបប្រជុំជាដើម សុទ្ធសឹងតែយើងមានការព្រួយបារម្ភថា អាចធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិនៃការចូលរួម ហើយការចូលរួមរបស់យុវជន» ។
បើតាមលោក ហេង គឹមហុង កម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួន ក៏ប៉ុន្តែកម្ពុជាក៏ត្រូវតែដើរឱ្យស្របតាមសហគមន៍អន្តរជាតិ ជាពិសេសការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យរងការរិះគន់។
លោកថ្លែងថា៖ «ខ្ញុំទទួលស្គាល់ថា យើងជារដ្ឋអធិបតេយ្យ ប៉ុន្តែយើងមិនមែនជារដ្ឋដែលរស់នៅឯកាពីសហគមន៍អន្តរជាតិទេ។ សហគមន៍អន្តរជាតិយើងត្រូវការពួកគេ។ យើងពឹងផ្អែកទៅលើពួកគេ ហើយក៏ពួកយើងអត់ចង់ឃើញសហគមន៍អន្តរជាតិធ្វើការកត់សម្គាល់ ឬក៏វាយតម្លៃណាមួយមកលើយើងដែលថា មានភាពមិនល្អប្រសើរផ្នែកអំពើពុករលួយ [និង]ផ្នែកអនុវត្តសិទ្ធិផ្សេងៗ។ យើងចង់ឱ្យសហគមន៍អន្តរជាតិមើលមកយើងក្នុងរូបភាពល្អ ហើយបើចង់ឱ្យមើលមកយើងក្នុងរូបភាពល្អ ទាល់តែយើងហ្នឹងអនុវត្តបានល្អប្រសើរដូចគ្នា»។
ចំណែកលោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ ដែលជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាននោះលើកឡើងថា យុត្តិធម៌សង្គមមិនទាន់មានភាពល្អប្រសើរនៅឡើយ ដោយសារនៅពេលប្រជាពលរដ្ឋមានបញ្ហាអ្វីមួយ តែងតែស្វែងរកយុត្តិធម៌តាមបណ្តាញសង្គម ជាជាងការប្រើប្រាស់តុលាការ។
លោកថ្លែងថា៖ «យើងឃើញនៅពេលដែលមានវិបត្តិនៅក្នុងសង្គមធ្ងន់ធ្ងរ ជាក់ស្ដែងដូចជាករណីគម្រោងអភិវឌ្ឍឆបោកប្រាក់រាប់រយលានដុល្លារ គម្រោងដីឡូត៍អចលនទ្រព្យដែលអតិថិជនគាត់បង់លុយហើយអត់បានយុត្តិធម៌ អត់ទទួលបានផ្ទះ ក៏មនុស្សទាំងអស់ហ្នឹងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បីបង្ហោះដើម្បីអំពាវនាវសុំយុត្តិធម៌។ នេះគឺជាការឆ្លុះបញ្ចាំងថា សង្គមយើងវានៅអត់ទាន់មានយុត្តិធម៌ល្អប្រសើរទេ បានជាប្រជាពលរដ្ឋគាត់ពឹងទៅលើប្រជាពលរដ្ឋខ្លួនឯងឱ្យជួយរកយុត្តិធម៌»។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ក្រុមអង្គការសង្គមស៊ីវិលចំនួន១២ស្ថាប័ននេះ បានរៀបចំវេទិកាយុវជនកម្ពុជាលើកទី២ និងប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៤ ដែលមានការចូលរួមពីសិស្ស និស្សិត និងព្រះសង្ឃ ចំនួន៣០០ដើម្បីពិគ្រោះយោបល់លើប្រធានបទចំនួន៤។ ប្រធានបទទាំងនោះរួមមានការលើកកម្ពស់សេរីភាពមូលដ្ឋាន និងយុត្តិធម៌សង្គម ការលើកកម្ពស់សិទ្ធិបរិស្ថាន និងកិច្ចការពារបរិស្ថានធនធានធម្មជាតិ យុវជន និងអក្ខរកម្មឌីជីថលក្នុងការទទួលបានព័ត៌មាន និងទស្សនៈយុវជនចំពោះអំពើពុករលួយ។ ក្រោយការពិភាក្សា ពួកគេបានដាក់ចេញជាអនុសាសន៍ចំនួន១៥ចំណុចទៅកាន់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្នុងការចូលរួមដោះស្រាយ។
ក្នុងចំណោមអនុសាសន៍ចំនួន១៥ចំណុចនោះ មានដូចជា រាជរដ្ឋាភិបាលគួរផ្តល់ឱកាសឱ្យយុវជនចូលរួមកិច្ចការងារសង្គមដោយគ្មានការភ័យខ្លាច បើកលំហសេរីភាពឱ្យយុវជនសម្តែងមតិដោយសេរី និងបង្កលក្ខណៈងាយស្រួលសម្រាប់ការជួបជជែកពិភាក្សាជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្ត។ រាជរដ្ឋាភិបាលគួរពន្លឿននីតិវិធី និងស្នើទៅកាន់រដ្ឋសភា ដើម្បីពិភាក្សាអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ឱ្យលឿនបំផុត។
អនុសាសន៍ផ្សេងទៀត ដូចជា ក្រសួងអប់រំ គួរបង្កើនចំនួនម៉ោង និងវគ្គពិសេសអំពីសិទ្ធិមនុស្សជាមូលដ្ឋាន ដែលរួមមានសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងការពិភាក្សាអំពីកិច្ចការងារសង្គម នយោបាយ សិទ្ធិមនុស្ស និងសេរីភាពនៃការជ្រើសរើសប្រធានបទសិក្សាស្រាវជ្រាវ គួរមានការបើកចំហឱ្យបានទូលាយ។
ក្រៅពីនេះ ពាក់ព័ន្ធការងារបរិស្ថាន ពួកគេផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរបង្កើនការលើកទឹកចិត្តយុវជនឱ្យចូលរួមកិច្ចការពារបរិស្ថាននិងបង្កើនការតាមដាន និងអនុវត្តច្បាប់ដោយគ្មានការលើកលែងចំពោះបុគ្គលណាដែលពាក់ព័ន្ធបទល្មើសធនធានធម្មជាតិជាដើម។
សង្គមស៊ីវិលទាំងនោះបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមនោះថា ការយាយីតាមប្រព័ន្ធតុលាការ គឺជាការរារាំងភាពសកម្មរបស់យុវជន ក្នុងការចូលរួមកិច្ចការងារសង្គម។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖«ការយាយីតាមប្រព័ន្ធតុលាការចំពោះអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន និងសកម្មជនកិច្ចការសង្គមមួយចំនួន រួមមានករណីលោក ស៊ឹង សែនករុណា លោក កើត សារ៉ាយ លោក ស្រ៊ុន ស្រ៊ន យុវជនចលនាមាតាធម្មជាតិ ជាឧទាហរណ៍នៃការរារាំងដល់ភាពសកម្មរបស់យុវជន»។
បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ កំណើននៃការចាប់ខ្លួនសមាជិកគណបក្សជំទាស់ សកម្មជនសង្គម សមាជិកសហជីព ដែលចោទក្រោមបទល្មើសព្រហ្មទណ្ឌ គឺកាន់តែបង្កការខ្លាចរអាខ្លាំងឡើងៗ និងជាហេតុបណ្តាលឱ្យពលរដ្ឋ ជាពិសេសយុវជន មិនមានភាពក្លាហានក្នុងការជជែកបញ្ហានយោបាយ ជជែកអំពីអយុត្តិធម៌ក្នុងសង្គមផងដែរ។
ទិន្នន័យសិក្សាស្រាវជ្រាវរបស់អង្គការតម្លាភាពឆ្នាំ២០២២ បង្ហាញថា ក្នុងចំណោមយុវជន១៦០០នាក់ដែលចូលរួមផ្តល់បទសម្ភាសន៍ មានយុវជន៨២% មិនចាប់អារម្មណ៍នយោបាយ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលើកឡើងថា បច្ចុប្បន្ន យុវជនបានចូលរួមយ៉ាងសកម្មដោយគ្មានការភ័យខ្លាចនៅគ្រប់វិស័យទាំងអស់ លើកលែងតែមនុស្សមួយចំនួនដែលប្រព្រឹត្តសកម្មភាពល្មើសនឹងច្បាប់។
លោកប្រាប់វីអូអេថា៖ «សព្វថ្ងៃនេះ កម្ពុជាមានលំហសេរីភាពយ៉ាងទូលំទូលាយណាស់ អត់មានខ្វះចន្លោះនៅកន្លែងណាទេ។ ហើយរដ្ឋាភិបាលគឺមានគោលនយោបាយលើកទឹកចិត្តឱ្យយុវជនចូលរួម ក្នុងការងារសង្គមឱ្យបានច្រើនមែនទែន ពីព្រោះជាការងារសំខាន់ណាស់ ដែលយុវជនក៏ដូចជាប្រជាពលរដ្ឋទូទៅ ត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយកសាង អភិវឌ្ឍប្រទេសឱ្យលឿនទៅមុខ»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះបន្ថែមថា មាត្រា៤១នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពបញ្ចេញមតិ និងជួបជុំសម្តែងមតិជាដើម ក៏ប៉ុន្តែជនណាក៏ដោយ មិនអាចប្រើសិទ្ធិទៅរំលោភសិទ្ធិអ្នកដទៃ ឬធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ប្រពៃណី ទំនៀមទម្លាប់ និងសន្តិសុខជាតិបានឡើយ។
កាលពីថ្ងៃទី១៣ ខែសីហា អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល ហៅកាត់ថា CIVICUS បានចេញរបាយការណ៍វាយតម្លៃថា ស្ថានភាពលំហស៊ីវិលនៅប្រទេសកម្ពុជាត្រូវបាន«គាបសង្កត់» ដោយសារច្បាប់ដែលមានលក្ខណៈរឹតត្បិតត្រូវបានប្រើខុសជាញឹកញាប់ដើម្បីយាយី និងដាក់ទោសអ្នកការពារសិទ្ធិមនុស្ស សហជីព សកម្មជន យុវជន និងអ្នកនយោបាយប្រឆាំង។ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ច្រានចោល ដោយថា ការវាយតម្លៃរបស់អង្គការ CIVICUS មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយខុសពីស្ថានភាពពិត និងមិនស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា៕
វេទិកាបញ្ចេញមតិ