សង្គមស៊ីវិល អង្គការសិទ្ធិមនុស្សនិងតំណាងសហជីពសរុបចំនួន១២អង្គការ បានស្នើដល់រដ្ឋសភាជាតិឲ្យចេញសំណៅខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមនិងដាក់ក្នុងកិច្ចពិភាក្សាជាមួយពួកគេ ដើម្បីប្រមូលនូវមតិមួយគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ។
ក្នុងលិខិតមួយទៅកាន់ប្រធានសភាជាតិលោក ហេង សំរិន កាលពីថ្ងៃពុធ ទី១៨ខែកញ្ញានេះ អង្គការសង្គមទាំងនេះ បានសរសេរថា«យើងខ្ញុំទទូចឲ្យសភាជាតិទទួលយកយោបល់ពីតំណាងកម្មករនិយោជិត សហគមន៍ដែលធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីធានាបាននូវប្រសិទ្ធភាពចំពោះអ្នកទទួលផលប៉ះពាល់នៃច្បាប់នេះ»។
យោងតាមសៀវភៅណែនាំ ស្តីពីនីតិវិធីនិងវិធានការនៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីឆ្នាំ២០១៣ បានណែនាំថាក្រសួងនិងស្ថាប័នពាក់ព័ន្ធត្រូវពិគ្រោះយោបល់ក្នុងករណីចាំបាច់ជាមួយនឹងសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងផ្នែកឯកជន ដោយយោងទៅលើវិសាលភាពទាក់ទងនឹងបញ្ហាសង្គម សេដ្ឋកិច្ច និងបញ្ហាថវិការ។
ក្នុងចំណោមអង្គការសង្គមទាំង១២ដែលបានចុះហត្ថលេខាលើលិខិតស្នើសុំឲ្យដាក់សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីពិភាក្សាជាមួយភាគីពាក់ព័ន្ធនោះ រួមមាន អង្គការខុមហ្វ្រែល មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្ព័ន្ធសហជីពកម្មករកាត់ដេរកម្ពុជា និងសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា ជាដើម។
លោក អុន ម៉េង មន្ត្រីផ្នែកច្បាប់នៃសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា បានប្រាប់ VOA ថា ខាងអង្គការរបស់លោករួមទាំងអង្គការសង្គមស៊ីវិលផ្សេងទៀតមិនដែលទទួលបានការប្រឹក្សាយោបល់ទេចាប់តាំងពីសេចក្តីព្រាងច្បាប់នេះ បានអនុម័តដោយគណៈរដ្ឋមន្រ្តី កាលពីខែសីហា។
«បើសិនជារដ្ឋសភាឬរដ្ឋាភិបាលមិនអនុវត្តនៅគោលការណ៍ដែលកំណត់ដោយខ្លួនឯង ខ្ញុំគិតថាអាហ្នឹងវាជាកំហុសរបស់រដ្ឋាភិបាលក្នុងការមិនសហការជាមួយនឹងអង្គការដៃគូ ស្ថាប័ន ដើម្បីពិនិត្យមើលលើសេចក្តីព្រាងច្បាប់ផ្សេងៗ និងដើម្បីស្រូបយកនូវធាតុចូលរបស់សង្គមស៊ីវិលអ៊ីចឹងទៅណា»។
លោក កន សាវាង្ស មន្រ្តីសម្របសម្រួលនៃអង្គការខុមហ្វ្រែល អង្គការមួយក្នុងចំណោមអង្គការសង្គមស៊ីវិលទាំង១២លើកឡើងថា រដ្ឋាភិបាលត្រូវតែពិភាក្សាជាមួយនឹងភាគីពាក់ព័ន្ធនិងអ្នកត្រូវបានប៉ះពាល់ពីច្បាប់នេះដោយផ្ទាល់ដើម្បីធ្វើឲ្យច្បាប់នេះមានប្រសិទ្ធភាព។
«ច្បាប់មួយបើវាអត់ឆ្លងកាត់ភាគីពាក់ព័ន្ធ ជាពិសេសភាគីដែលទទួលផលហ្នឹងទេ ជាច្បាប់មួយដែលយើងមើលឃើញថាការបម្រើផលប្រយោជន៍ហ្នឹងនៅមានឧបសគ្គច្រើនណាស់។ យើងមិនអាចធ្វើច្បាប់មួយដែលមិនបានឆ្លងកាត់អីចឹងបានទេ។ អ៊ីចឹងហើយបានជាយើងចូលរួមគាំទ្រ»។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា មិនអាចទាក់ទងបានទេរហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែលោកបានប្រាប់កាសែតក្នុងស្រុកកាលពីម្សិលមិញថាសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមកំពុងស្ថិតនៅក្នុងដៃអ្នកស្រីឡោក ខេង ប្រធានគណៈកម្មាធិការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលជីវៈ និងកិច្ចការនារី។
VOA ក៏មិនអាចសុំការអធិប្បាយពីអ្នកស្រី ឡោក ខេង ទេនៅថ្ងៃនេះដោយអ្នកលើកទូរស័ព្ទរបស់អ្នកស្រីប្រាប់ថាអ្នកស្រីកំពុងជាប់ប្រជុំ។
យោងតាមប្រភពផ្សេងៗ សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមមានវិសាលភាពគ្របដណ្តប់លើ៤ផ្នែក គឺផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ស្តីពីការងារ គិតរួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍ផងដែរ៕