និស្សិតភាគច្រើននៅក្នុងប្រទេសកម្ពុជាមានបំណងចង់ចូលបម្រើការងារជាមន្រ្តីរាជការ បើទោះបីជាប្រាក់បៀរវត្សមិនអាចទប់ទល់នឹងការចាយវាយក៏ដោយ។ ក៏ប៉ុន្ដែទីផ្សារការងារនៅតាមស្ថាប័នសារធារណៈនៅតូចចង្អៀតនៅឡើយ។
ប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេសកម្ពុជាសុទ្ធតែបានដឹងរួចមកហើយថា មន្រ្តីរាជការមានប្រាក់បៀវត្សតិច ហើយពិតជាពិបាកធ្វើឲ្យពួកគេរស់នៅដោយមានជីវភាពសមរម្យ ប្រសិនបើពួកគេមិនពឹងផ្អែកលើប្រភពចំណូលពីខាងក្រៅនោះទេ។ ក៏ប៉ុន្តែគុណវិបត្តិនេះមិនបានរារាំងនិស្សិតខ្មែរមួយចំនួនធំដែលតម្រង់ខ្លួនឈានទៅចាប់ការងារជាបុគ្គលិករដ្ឋនោះទេ។ ពួកគេហាក់ដូចជាបានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលយកការងារនោះតាមមុខជំនាញរបស់ពួកគេ។
កញ្ញាសារ៉េតស្រី អង្គាររិទ្ធ ជានិស្សិតឆ្នាំទី៤ផ្នែកហិរញ្ញវត្ថុនិងធនាគារនៃសកលវិទ្យាល័យជាតិគ្រប់គ្រង។ នាងបានឲ្យដឹងថា នាងចង់ចូលបម្រើការងារជាមន្ត្រីរាជការច្រើនជាងការងារឯកជន បើទោះបីជាមានប្រាក់ខែតិចក៏ដោយ។ មូលហេតុដោយសារការងាររដ្ឋគឺមានលក្ខណៈងាយស្រួលជាងឯកជនគឺជាការងារយូរអង្វែង រួមទាំងមានប្រាក់ចូលនិវត្តន៍ផងដែរ។
និសិ្សតរូបនោះបានបញ្ជាក់ថា ធ្វើការងាររដ្ឋអាចយកពេលមួយចំនួនក្នុងម៉ោងធ្វើការទៅបម្រើការងារឬធ្វើអ្វីផ្សេងទៀតបាន ហើយនៅពេលខ្លះក៏អាចរកប្រាក់មួយចំនួនបានផងដែរតាមរយៈផ្តល់សេវាផ្សេងៗនៅពេលមានអ្នកមកពឹងពាក់។
«ភាគច្រើន មិត្តភក្តិខ្ញុំគឺគាត់ពួកខ្ញុំចូលចិត្តធ្វើការងាររដ្ឋ ការងាររដ្ឋមើលទៅដូចមានកិតិ្តយសប៉ុន្តែគុណវិបត្តិគឺប្រាក់ខែតិច ការងាររដ្ឋវាមិនតឹងរឹងប៉ុន្មានយើងអាចឆ្លៀតពេលរកការងារផ្សេងបាន បើគេតឹងរ៉ឹង លុះត្រាតែប្រាក់ខែរដ្ឋច្រើនដូចប្រាក់ខែឯកជនដែរ»។
មន្ដ្រីរាជការកម្ពុជាប្រមាណជា៦០ភាគរយនៃមន្ដ្រីរាជការកម្ពុជាសរុបចំនួនជាង១៨០.៣០០នាក់ទទួលបានប្រាក់បៀវត្សចន្លោះពី៦៥ដុល្លារទៅ១០០ដុល្លារអាមេរិកក្នុងមួយខែ។ ពួកគេធ្វើការចំនួនប្រាំបីម៉ោងក្នុងមួយថ្ងៃនិងប្រាំថ្ងៃក្នុងមួយសប្ដាហ៍។ ក៏ប៉ុន្ដែមន្ដ្រីរាជការកម្ពុជាមួយចំនួនត្រូវគេដឹងថា បានបង្ហាញវត្តមានតិចជាងពេលម៉ោងកំណត់នៅកន្លែងការងាររបស់ខ្លួន លើកលែងតែកន្លែងបំពេញការងារដែលអាចទាញយកកម្រដទៃទៀតបាន ទើបមានការបំពេញការងារជាប់លាប់និងទៀងទាត់។
ប្រាក់ខែមូលដ្ឋាននេះនេះទំនងជាគ្រាន់តែអាចផ្ដល់លទ្ធភាពសម្រាប់ការគ្រប់គ្រងចំណាយជាបុគ្គល ជាជាងលទ្ធភាពចិញ្ចឹមគ្រួសារដែលមានបន្ទុកដូចជាកូន និងសមាជិកគ្រួសារបន្ថែមពីលើនេះ។
ប្រការនេះដែលធ្វើឲ្យនិស្សិតមួយចំនួនសម្លឹងមើលលទ្ធភាពពីរដំណាលគ្នាគឺការកេងចំណេញម៉ោងពេលធ្វើការរបស់រដ្ឋ និងការឆ្លៀតយកតួនាទីទៅបំពេញការងារផ្សេងទៀត ឬសម្រាប់សេវាដែលឈានទៅដល់ការប្រកបអំពើពុករលួយ ដូចជាការលើកឡើងរបស់លោកឈិត ត៉ក់ ជានិស្សិតឆ្នាំទី៤ផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ចនៃសាកលវិទ្យាល័យមេគង្គកម្ពុជាបានគ្រោងទុកជាស្រេចថា បើសិនជាប្រាក់ខែដែលបានមកនោះមិនអាចឆ្លើយតបទៅតាមការចំណាយក្នុងគ្រួសារបានទេនោះ គាត់ប្រហែលជាបង្ខំចិត្តត្រូវលួចម៉ោងការងាររដ្ឋខ្លះដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពជាមិនខាន។
«ថ្ងៃអនាគត បើខ្ញុំចូលការងាររដ្ឋ ហើយបើវានៅតែដូចស្ថានភាពបច្ចុប្បន្ន ខ្ញុំទទួលស្គាល់ថា វាពិតជាជំរុញឲ្យ ខ្ញុំឆ្លៀតយកម៉ោងរបស់រដ្ឋ ប្រហែលទៅរកការងារក្រៅធ្វើបន្តិចបន្តួច ហើយនេះខ្ញុំនិយាយពីបរិបទក្នុងស្ថានភាពស្រុកខ្មែរនាពេលបច្ចុប្បន្ន។ ប៉ុន្តែក្នុងអារម្មណ៍របស់ខ្ញុំ ខ្ញុំគិតថា ស្រុកខ្មែរក្នុងស្ថានភាពបច្ចុប្បន្ននឹងមានការផ្លាស់ប្តូរនៅថ្ងៃខាងមុខ។ ប្រាក់ខែរបស់មន្រ្តីរាជការមានការកើនឡើង។ ប្រសិនជារាជរដ្ឋាភិបាលគាត់ផ្តល់ប្រាក់កម្រៃគ្រប់គ្រាន់ នោះមន្រ្តីរាជការ ដូចជាខ្ញុំនឹងមានទឹកចិត្តក្នុងការបំពេញការងារបានល្អដោយមិនទៅរកការងារក្រៅ នាំឲ្យប៉ះពាល់ដល់ការងារនៅក្នុងរដ្ឋ ដែលបម្រើប្រជាពលរដ្ឋមិនអស់ពីដៃពីជើងទេ»។
លោកជាង សុខា ជានាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនដែលធ្វើការបណ្តុះបណ្តាលជំនាញផ្សេងៗដល់ក្រុមនិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន៣២។ លោកបានឲ្យដឹងថា និស្សិតភាគច្រើនតែងតែចង់ធ្វើការងាររដ្ឋច្រើនជាងឯកជនបែបនេះ ដោយសារពួកគេយល់ឃើញថា គេអាចលួចម៉ោងការងារទៅបម្រើការងារអ្វីផ្សេងបាននិងរកលុយតាមរយៈបម្រើសេវាខាងក្រៅ ហើយពួកគេយល់ឃើញបែបនេះដោយសារពួកគេឃើញមន្រ្តីមុនៗធ្វើបែបនេះកន្លងរួចមកហើយ។
លោកបានបន្តថា ដើម្បីលុបបំបាត់គំនិតបែបនេះចេញពីក្រុមនិស្សិតបាន លុះត្រាតែមានការរឹតបន្តឹងឲ្យបានតឹងរ៉ឹងចំពោះម៉ោងធ្វើការ ហើយប្រការដែលសំខាន់បំផុតគឺត្រូវតែមានប្រាក់ខែសមរម្យ ដែលអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន ហើយបើមិនដូច្នេះទេ ទង្វើបែបនេះនៅតែបន្តមាននៅក្នុងសង្គមខ្មែរ។
«មានបុគ្គលិកដែលធ្វើការត្រឹមត្រូវទៅតាមប្រព័ន្ធមានន័យថា មិនលួចម៉ោង មិនរកសេវាក៏ប៉ុន្តែប្រាក់ខែនៅតែទាបដដែល។ អញ្ចឹងសួរថា គុណភាពការងាររបស់មន្រ្តីរាជការទាំងអស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គមទាំងមូលឬរបស់ប្រជាពលរដ្ឋ តើវាមានគុណភាពដែលឬទេ? វាអត់មានគុណភាពទេ។ អញ្ចឹងហើយស្ថានភាពសង្គមមិនអាចប្រសើរបានទេ ដរាបណាប្រាក់ខែនៅដដែល មូលហេតុត្រង់គឺថា អ្នកដែលបានប្រាក់ខែតិច គាត់មិនអាចបំពេញការងារប្រកបដោយគុណភាពឆ្លើយតបរបស់សង្គមទាំងមូលបានទេ»។
លោកពេជ្រ ប៊ុនធិន រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈបានទទួលស្គាល់ថាកាលពីមុនមានមន្រ្តីរាជការលួចម៉ោងធ្វើការ ទៅបម្រើការងារផ្សេងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយមានមន្រ្តីខ្លះបានរកលុយតាមរយៈបម្រើសេវាផ្សេងៗ។ ក៏ប៉ុន្តែនៅពេលនេះ មន្រ្តីបែបនេះនៅមានតិចតួចណាស់ក្នុងរដ្ឋាភិបាល ដោយសារកាលពីកន្លងទៅមានចន្លោះប្រហោងដែលធ្វើឲ្យមន្រ្តីទាំងនោះអាចប្រព្រឹត្តអំពើបែបនេះបាន។ ក៏ប៉ុន្តែនៅពេលនេះរដ្ឋាភិបាលបានកំពុងបំបាត់មន្រ្តីទាំងនោះ ដោយរដ្ឋាភិបាលមានការរឹតបន្តឹងម៉ោងធ្វើការតាមរយៈដាក់ម៉ាស៊ីនផ្តិតក្រយៅដៃជាដើម។
លោកបានបន្តថា ចាប់ពីពេលនេះតទៅ ការចូលបម្រើការងារជាមន្រ្តីរាជការដើម្បីប្រព្រឹត្តអំពើពុករលួយ ឬលួចម៉ោងការងាររដ្ឋទៀតនោះ ប្រហែលជាមិនអាចធ្វើទៅបានទៀតនោះទេ។ ហើយមន្រ្តីដែលប្រព្រឹត្តអំពើខុសឆ្គងបែបនេះនឹងត្រូវទទួលទោសនៅពេលដែររកឃើញ។
«យើងធ្វើមន្រ្តីរាជការ យើងអាចថា រកក្រៅបានដោយសារស៊ីសំណូក សូកប៉ាន់នោះ គឺជាគំនិតមួយខុសឆ្គង ពីព្រោះវាជាអំពើដែលល្មើសច្បាប់។ឥឡូវនេះយើងថា វាមានការចន្លោះប្រហោងអំពីការគ្រប់គ្រង។ វាអាចនៅអញ្ចឹងបាន ប៉ុន្តែយូរទៅ ខ្ញុំជឿថា សំណាញ់ច្បាប់ ការគ្រប់ គ្រងវាកាន់តែល្អ រួចហើយរដ្ឋដំឡើងប្រាក់ខែ២០ភាគរយរៀងរាល់ឆ្នាំកន្លងមកនេះគឺដើម្បីកាត់បន្ថយកុំឲ្យមន្រ្តីរាជការមានចេតនា ឬនឹកស្រមើស្រមៃដល់អំពើពុករលួយ ស៊ីសំណូកសូកប៉ាន់នេះឯង»។
យ៉ាងណាក៏ដោយ ក្រុមនិស្សិតខាងលើសុទ្ធតែចង់ប្រកបការងារប្រកបដោយភាពស្អាតស្អំ ហើយចង់ឲ្យរដ្ឋាភិបាលផ្ដល់អាទិភាពសម្រាប់ធនធានមនុស្សជំនាន់ថ្មី។
មានយុវជនកម្ពុជាយ៉ាងតិចចំនួន៣០០.០០០នាក់ត្រូវការការងារធ្វើជារៀងរាល់ឆ្នាំ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០០៩របស់កម្មវិធីអភិវឌ្ឈន៍របស់អង្គការសហប្រជាជាតិ UNDP។ របាយការណ៍ដដែលបង្ហាញថា គ្រឹះសា្ថនសាធារណៈ ឬហៅថា ស្ថាប័នរដ្ឋបានទាញយកធនធានមនុស្សទាំងនេះបានតិចតួចតែប៉ុណ្ណោះ។
យោងតាមលោកពេជ្រ ប៊ុនធិន រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈបានឲ្យដឹងថា ជារៀងរាល់ឆ្នាំមាននិសិ្សតជាង៤ម៉ឺននាក់ចេញពីមហាវិទ្យាល័យ ស្វែងរកការងារធ្វើ ក្នុងចំណោមនោះជាង៣ម៉ឺននាក់បានដាក់ពាក្យប្រឡងចូលបម្រើការងារជាមន្រ្តីរាជការនៅតាមក្រសួងនានា។ ក៏ប៉ុន្ដែរដ្ឋាភិបាលមានលទ្ធភាពស្រូបយកនិស្សិតត្រឹមតែជាង៧.០០០នាក់តែប៉ុណ្ណោះចូលក្នុងស្ថាប័នរដ្ឋក្នុងមួយឆ្នាំៗ ស្របពេលដែលមន្ត្រីរាជការចូលនិវត្តន៍មានចំនួនប្រមាណជា៣០០០នាក់ក្នុងមួយឆ្នាំ។
លោកពេជ្រ ប៊ុនធិន បញ្ជាក់ថា ក្នុងមួយឆ្នាំៗ ក្រសួងអប់រំគឺជាជង្រុកដែលបានស្រូបយកនិស្សិត៥.០០០នាក់ឲ្យចូលបម្រើការគឺច្រើនជាងគេក្នុងចំណោមក្រសួងសរុបចំនួន២៦។ ក្រសួងសុខាភិបាលទទួលយកនិស្សិតចំនួនប្រមាណជាង១.០០០នាក់ ក្រសួងការងារជាង៣០០នាក់ ក្រសួងមហាផ្ទៃប្រមាណជាង១០០នាក់ ក្រៅពីនេះក្រសួងផ្សេងៗត្រូវការជ្រើសរើសនិស្សិតតិចតួចតែប៉ុណ្ណោះ។
លោកនុតចាន់ ម៉ូលីវណ្ណ ជានិស្សិតឆ្នាំទី៤ផ្នែករៀបចំដែនដីនិងរដ្ឋបាលដីធ្លីនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។គាត់បានបង្ហាញពីការបេ្ដជា្ញចិត្តដ៏កម្របំផុតមួយក្នុងចំណោមក្រុមនិស្សិត។
«នៅពេលក្រៅពីម៉ោងរដ្ឋ ម៉ោងឯកជនរបស់យើង យើងអាចពង្រីកនូវអាជីវកម្មខ្នាតតូចមួយដែលយើងធ្វើទៅបាន ដើម្បីផ្គត់ផ្គង់ជីវភាពរបស់យើងប្រចាំថ្ងៃ តែសំខាន់ ចំពោះពេលវេលាធ្វើការរដ្ឋ យើងត្រូវគោរព ព្រោះថា យើងត្រូវបម្រើការងារឲ្យសាធារណៈ»។
មន្ដ្រីរាជការបានប្រាក់ខែឧបត្ថម្ភដោយរដ្ឋាភិបាលមានចំនួនតិចតួច ហើយចាយវាយមិនគ្រប់គ្រាន់ទេ។ ដូច្នេះពួកគេបានស្វែងរកមុខរបរទីពីរសម្រាប់ស្រូបយកចំណូលបន្ថែមទៀតដូចជាស៊ីឈ្នួលធ្វើជាកងសន្ដិសុខឲ្យឈ្មួញឯកជន រត់រ៉ឺម៉ក ឬម៉ូតូឌុប ឬអ្នកខ្លះទៀតឈានដល់ប្រព្រឹត្តអំពើពុករលួយប្រចាំថ្ងៃដែលជាទង្វើផ្ទុយនឹងច្បាប់របស់រដ្ឋទៀតផង។
និស្សិតខ្មែរមួយចំនួនបានប្ដេជ្ញាក្នុងចិត្តមិនព្រមចូលបម្រើក្នុងស្ថាប័នរដ្ឋទេ នៅពេលដែលពួកគេបញ្ចប់ការសិក្សា ដោយសារប្រាក់ខែតិចតួច។ និស្សិតមួយចំនួនទៀតចង់ចូលបម្រើការងាររាជការ ដើម្បីយកងារនេះធ្វើឈ្នាន់ទទួលបានអាហារូបករណ៍សម្រាប់បន្ដការសិក្សានៅក្រៅប្រទេស ដូចករណីលោកសូន ម៉ុងត្រាក់ និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មជាដើម។
«ខ្ញុំចង់ធ្វើការងាររដ្ឋ ដែលផ្តល់ឱកាសសម្រាប់រូបខ្ញុំឈានបន្តការសិក្សារបស់ខ្ញុំនៅបរទេស។ ស្ថានភាពនៅក្នុងប្រទេសយើងគឺថា ប្រាក់ខែរដ្ឋគឺថា រាងទាប អញ្ចឹងដំបូងជាកាតព្វកិច្ចគឺយើងត្រូវតែជួយរដ្ឋវិញសិន ប៉ុន្តែនៅពេលដែលយើងមានសមត្ថភាពខ្លាំងយើងអាចរកប្រាក់ខែបានច្រើនជាងនេះ យើងត្រូវតែប្តូរការងារ»។
រដ្ឋាភិបាលកម្ពុជាចំណាយប្រមាណជាង៦១ពាន់លានរៀលគឺស្មើជាង១៤,៦លានដុល្លារជារៀងរាល់ខែសម្រាប់បើកប្រាក់បៀរវត្សដល់មន្រ្តីរាជការនៅទូទាំងប្រទេស ហើយរដ្ឋាភិបាលមានគោលនយោបាយដំឡើងប្រាក់ខែរាជការចំនួន២០%ជារៀងរាល់ឆ្នាំ។ ក៏ប៉ុន្ដែអ្នកសេដ្ឋកិច្ចកម្ពុជា និងមន្ដ្រីរាជការក្នុងប្រទេសចាត់ទុកថា ការដំឡើងប្រាក់ខែនេះមិនមានតុល្យភាពនឹងតម្លៃទំនិញឡើងថ្លៃនៅលើទីផ្សារបច្ចុប្បន្នទេ៕