នៅតាមចិញ្ចើមផ្លូវនៃវិថី Kensington ក្នុងទីក្រុងហ្វីឡាដាហ្វៀ រដ្ឋ Pennsylvania ភាគឦសានសហរដ្ឋអាមេរិក ពួកអ្នកប្រើប្រាស់ថ្នាំញៀនបានបោះតង់ធ្វើជាផ្ទះសម្បែងរបស់ពួកគេ។ ពួកគេភាគច្រើនរស់នៅក្នុងតង់ដែលស្ថិតនៅក្រោមស្ពានផ្លូវរថភ្លើងចាស់មួយដែលមានពន្លឺភ្លើងស្រអាប់ និងពោរពេញទៅដោយសំរាមថង់ប្លាស្ទិកនៅរាយប៉ាយពាសពេញ។
Eric Belfoire បានចាប់ផ្តើមប្រើប្រាស់ថ្នាំញៀនតាំងពីអាយុ១៦ឆ្នាំ។ នៅពេលមានអាយុ២០ឆ្នាំ Eric បានប្រើប្រាស់ថ្នាំញៀនកាន់ខ្លាំងឡើងរហូតដល់ចាក់បញ្ជូលតាមសសៃ។ ឥឡូវនេះលោកមានអាយុ៣៦ឆ្នាំ ហើយលោកបានភ្ញាក់ខ្លួនថាលោកបានបាត់បង់អ្វីៗគ្រប់យ៉ាង ទាំងក្រុមគ្រួសារ មិត្តភ័ក្តិនិងការងារ។ ហើយឥឡូវនេះ លោករស់នៅក្នុងតង់នៅតាមវិថី Kensington។
ក្មេងៗដើរលេងនិងជិះកង់នៅតាមតង់នានាដែលបានបោះនៅតាមចិញ្ចើមផ្លូវនៃវិថី Kensington និងនៅតាមផ្លូវមមាញឹកពីរបីកន្លែងទៀត។ រូបភាពទាំងនេះបានបង្ហាញពីផលប៉ះពាល់នៅក្នុងសហគមន៍នេះ។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះបានបង្ហាញក្តីបារម្ភពីសុខភាព និងសុវត្ថិភាពរបស់ពួកគេដោយសារបញ្ហាថ្នាំញៀន និងឧក្រិដ្ឋកម្មនានា។ ចាប់តាំងពីខែមករាឆ្នាំ២០១៨មកមន្រ្តីក្នុងទីក្រុងហ្វីឡាដាហ្វៀបានចាត់វិធានការបោសសម្អាតគ្រឿងញៀននៅក្នុងសហគមន៍ទាំងមូល។
លោកស្រី Liz Hersh ប្រធានការិយាល័យគាំពារអ្នកគ្មានផ្ទះសម្បែងបានថ្លែងថា«បើគិតពីសីលធម៌វិញនេះមិនមែនជាជម្រើសសម្រាប់ពលរដ្ឋដែលកំពុងរស់នៅក្នុងជំរំតង់ និងក្នុងស្ថានភាពនេះទេ។ វាគ្មានសុវត្ថិភាពនិងគ្មានអនាម័យសម្រាប់ពួកគេនោះទេ។ ហើយនេះក៏មិនមែនជាជម្រើសរបស់អ្នករស់នៅក្នុងសហគមន៍ និងអ្នកផ្សេងទៀតនោះដែរ។ ដូច្នេះហើយយើងបានចាត់វិធានការបោសសម្អាតបញ្ហានេះ»។
ផែនការរបស់អាជ្ញាធរក្នុងទីក្រុងនេះគឺដើម្បីទប់ស្កាត់ការស្លាប់ដោយសារប្រើប្រាស់គ្រឿងញៀនលើសកម្រិត និងបញ្ជូនអ្នកប្រើប្រាស់គ្រឿងញៀនទៅព្យាបាល។
លោកវេជ្ជបណ្ឌិត Thomas Farleyមកពីគណៈកម្មការសុខមាលភាពទីក្រុងបានថ្លែង ថា«តួលេខអ្នកប្រើប្រាស់គ្រឿងញៀនគឺជាវិបត្តិជាប្រវត្តិសាស្រ្ត។ មានអ្នកស្លាប់ដោយ សារថ្នាំញៀនក្នុងទីក្រុងហ្វីឡាដាហ្វៀចំនួន១,២១៧នាក់ក្នុងឆ្នាំ២០១៧។ ចំនួននេះបង្ហាញថាចំនួនអ្នកស្លាប់បានកើនឡើង៣០ភាគរយបើធៀបនឹងឆ្នាំមុន និងបានកើនឡើង៧០ភាគរយបើធៀបនឹងកាលពីពីរឆ្នាំមុន»។
ពួកអ្នករស់នៅក្នុងជំរំតង់ទាំងនេះបានដឹងយ៉ាងច្បាស់ពីគ្រោះថ្នាក់ទាំងនេះ។
លោក Eric បាននិយាយថា«យើងតស៊ូរស់ជារៀងរាល់ថ្ងៃ ហើយយើងព្យាយាមកុំឲ្យមានអ្វីអាក្រក់កើតឡើងបាន។ យើងមិនគួររស់នៅកន្លែងនេះទេ។ យើងមិនគួររស់នៅក្រោមស្ពាននេះទេ»។
បច្ចុប្បន្នលោក Ericកំពុងទទួលការព្យាបាលពីកម្មវិធីមួយដែលមានរយៈពេល៩០ថ្ងៃនិងអាចទទួលបានផ្ទះសម្បែងជាអចិន្រ្តៃយ៍បន្ទាប់ពីនេះ។ លោកបាននិយាយបន្ថែមថា«កូនសិស្សសាលាមិនគួរឃើញពីទិដ្ឋភាពបែបនេះជារៀងរាល់ថ្ងៃទេ»។
កាលពីដើមឆ្នាំនេះដោយសារមានធនធានតិចតួចពីរដ្ឋក៏ដូចជាពីរដ្ឋាភិបាលសហព័ន្ធនិងជិតដល់ថ្ងៃកំណត់នៃការបោសសម្អាតជំរំតង់ពីរកន្លែង ក្រុមការងារបានសង់ជម្រកដែលគ្រែចំនួន៨០និងបានជួយព្យាបាលឲ្យពួកគេផ្តាច់គ្រឿងញៀន។
ជាអកុសលជម្រកនោះបានពេញហើយមន្ត្រីក្រុងមិនប្រាកដថាពេលណាអាចផ្តល់គ្រែបន្ថែមទៀតនោះទេ។ គម្រោងបោសម្អាតនេះគឺជាការសហការរវាងអាជ្ញាធរក្រុង នាយកដ្ឋានប៉ូលីស និងអង្គការក្រៅរដ្ឋាភិបាលឈ្មោះ Prevention Point។
លោក Ray Converyមេបញ្ជាការប៉ូលីសនៃនាយកដ្ឋានប៉ូលីសទីក្រុងហ្វីឡាដាហ្វៀបានថ្លែងថា៖«ក្រុមការងាររបស់យើងបានចុះទៅដល់ទីនោះ ហើយយើងបានដោះស្រាយបញ្ហាភាគច្រើនដែលពួកអ្នករស់នៅក្រោមស្ពានកំពុងប្រឈម។ បន្ទាប់មកយើងបានជួយឲ្យពួកគេចាកចេញពីទីនោះ។ ប្រសិនបើអ្នកចាត់ទុកអ្នករាល់គ្នាដូចជាបងប្អូនប្រុសស្រី ម្តាយ ឳពុក ម្តាយមីង ឬឳពុកមាររបស់អ្នកនោះយើងនឹងអាចដោះស្រាយបញ្ហាបានយ៉ាងល្អប្រសើរ។
ក្រុមការងាររបស់យើងបានជួយអ្នកដែលចង់ចាកចេញពីកន្លែងនោះ និងត្រូវការជំនួយ។ ហើយអ្នកផ្សេងទៀតបានរើឥវ៉ាន់ទៅកន្លែងផ្សេងទៀត»។ អ្នកដែលទទួលបានជំនួយទាំងនោះអាចទទួលបានទីជម្រកដោយមិនចាំបាច់រង់ចាំរហូតដល់ពួកគេអាចផ្តាច់គ្រឿងញៀនបានដែលជាការទាមទាររបស់ទីជម្រកជាច្រើនផ្សេងទៀត។ នេះគឺជាការលើកទឹកចិត្តមួយបើទោះបីជាមានការផ្លាស់ប្តូរយឺតយ៉ាងណាក៏ដោយ។
នាង Kelly Neeham ដែលជាអ្នកញៀនថ្នាំម្នាក់បាននិយាយថា«ខ្ញុំគិតថានេះគឺជារឿងល្អមួយ។ អ្នកដឹងទេថារស់នៅតាមចិញ្ចើមផ្លូវគឺវាពិបាកណាស់។ ហើយខ្ញុំគិតថាគម្រោងបោសសម្អាតនេះនឹងជួយដល់អ្នកដែលចង់រស់នៅស្អាត ពីព្រោះថាធម្មតាពួកគេចង់បានកន្លែងដែលអាចងូតទឹកបាន កន្លែងបោកខោអាវ និងកន្លែងដាក់ម្ហូបអាហារជាដើម»។
អាជ្ញាធរបោសម្អាតជំរំតង់បានពីរកន្លែងដោយគ្មានបញ្ហាអ្វីកើតឡើង ប៉ុន្តែផលវិបាកនៃការរើចេញរបស់ពួកអ្នករស់នៅទីនោះនៅតែជាបញ្ហានៅឡើយ។
ពួកអ្នកញៀនថ្នាំបានរើចេញពីកន្លែងនោះប៉ុន្តែឥឡូវនេះពួកគេបែរជាទៅរស់នៅតាមមុខហាងលក់ទំនិញ និងតាមកន្លែងសាធារណៈនៅក្នុងសហគមន៍ទៅវិញ។
ពលរដ្ឋនៅក្នុងសហគមន៍បានលើកឡើងពីក្តីបារម្ភនៅអំឡុងពេលមានការប្រជុំនានារបស់សហគមន៍។ ទាំងអស់គ្នាចង់បញ្ឈប់ការរីករាលដាលការប្រើប្រាស់គ្រឿងញៀន។ ពលរដ្ឋមួយចំនួនគាំទ្រជួយដល់ការបោសសម្អាតជំរំតង់ទាំងនេះ ប៉ុន្តែអ្នកខ្លះទៀតនៅរារែកចិត្ត។ ពួកគេចង់ធានាឲ្យមានការយាបាលដល់ពួកអ្នកញៀនថ្នាំទាំងនោះ។
ទស្សនៈផ្សេងគ្នាបានធ្វើឲ្យសហគមន៍មានការខ្វែងគំនិតគ្នា។ អាជ្ញាធរក្រុងថានេះជាការជ្រើសរើសរបស់ពួកគេដើម្បីជួយដល់ការផ្លាស់ប្តូរនេះ។
លោកស្រី Liz Hershបានថ្លែងថា«យើងទាំងអស់គ្នាគឺជាចំណែកនៅក្នុងទីក្រុងនេះ។យើងទាំងអស់គ្នាគឺជាចំណែកនៃគម្រោងសម្អាតក្រុងនេះ។ ខ្ញុំគិតថាយើងកំពុងធ្វើឲ្យមានការផ្លាស់ប្តូរនៅទូទាំងប្រទេស។ ប្រសិនបើមានធនធានបន្ថែមទៀតដើម្បីជួយដល់ពួកអ្នកគ្មានផ្ទះសម្បែងទាំងនោះ វាពិតជាប្រសើរខ្លាំងណាស់។ ជំនួយទាំងនោះនឹងជួយធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ពួកយើង»។
ចំណែកឯលោកវេជ្ជបណ្ឌិត Thomas Farleyវិញបានលើកឡើងថា«បញ្ហាក្នុងទីក្រុងហ្វីឡាដាហ្វៀគឺជាបញ្ហាសំខាន់របស់ប្រទេសជាតិទាំងមូល។ ប៉ុន្តែយើងនឹងមិនរង់ចាំជំនួយពីរដ្ឋាភិបាលសហព័ន្ធទេ ពីព្រោះថាយើងគ្មានក្តីរំពឹងថាពួកគេនឹងចុះមកជួយដោះស្រាយវិបត្តិទាំងនេះឡើយ។ យើងអាចដោះស្រាយបញ្ហាជាច្រើនបានដោយខ្លួនឯង»។
គម្រោងបោសសម្អាតជំរំតង់គឺជាជំហានដំបូងរបស់អាជ្ញាធរក្រុង។ ពួកគេនៅបន្តស្វែងរកទីជម្រកបន្ថែម និងបង្កើតទីតាំងសុវត្ថិភាពនានាដែលមិនទាន់មាននៅក្នុងក្រុងនេះ។
លោកស្រីLizHershបានថ្លែងបន្តថា«យើងអះអាងថាយើងអាចដោះស្រាយបញ្ហាទាំងនេះ។ យើងកំពុងព្យាយាមឲ្យអ្នករស់នៅក្នុងសហគមន៍ចូលរួមជួយដោះស្រាយបញ្ហាជាមួយពួកយើង និងជួយដល់អ្នកផ្សេងទៀតដែលកំពុងត្រូវការជីវិតដ៏ប្រសើរមួយ»៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា