ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សារ​ព័ត៌មាន​ពលរដ្ឋ​ជំរុញឱ្យ​​រដ្ឋាភិបាល​​បើក​លំហ​សេរីភាព​ក្នុង​ការ​ប្រមូល​ព័ត៌មាន


មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានរៀបចំវេទិកាប្រចាំឆ្នាំស្ដីអំពី៖ «លើកកម្ពស់ការងារពលរដ្ឋអ្នកសារព័ត៌មាន និងបណ្ដាញអ្នកសារព័ត៌មានឯករាជ្យ» កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ (Facebook/CCIM)
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានរៀបចំវេទិកាប្រចាំឆ្នាំស្ដីអំពី៖ «លើកកម្ពស់ការងារពលរដ្ឋអ្នកសារព័ត៌មាន និងបណ្ដាញអ្នកសារព័ត៌មានឯករាជ្យ» កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ (Facebook/CCIM)

អ្នក​សារ​ព័ត៌មាន​ប្រជា​ពលរដ្ឋដែល​កំពុង​បំពេញ​ការងារ​តាម​បណ្តា​ខេត្ត និង​រាជធានី ស្នើ​ឱ្យរដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ចូលរួម​សហការ និងបើក​លំហ​សេរីភាព​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ ក្រោយពួកគេ​អះអាង​ថា​ តែង​រងការ​បំភិត​បំភ័យ និង​ការ​គំរាម​កំហែង។

កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ២០២៤ ​មជ្ឈមណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ​ ហៅ​កាត់​ថា​(CCIM) បាន​រៀបចំ​វេទិកា​ប្រចាំ​ឆ្នាំស្តីពី​ «ការលើក​កម្ពស់​ការងារ​ពលរដ្ឋ​សារព័ត៌មាន​ និង​បណ្តាញ​អ្នកសារ​ព័ត៌មាន​ឯករាជ្យ» ។

លោក​សួន វុត្ថា អ្នកសារ​ព័ត៌មាន​ពលរដ្ឋ​ប្រចាំ​ខេត្ត​ស្វាយរៀង​ប្រាប់​វីអូអេ​ថា រាល់​ពេល​លោក​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​នៅ​តាម​សហគមន៍​ ឬ​តាម​ខេត្ត​ ជាពិសេស​ព័ត៌មាន​ក្តៅ​ ឬ​ព័ត៌មាន​រសើប ​គឺ​លោក​តែង​តែ​ទទួល​រង​ការ​គំរាម​កំហែង និងការ​រារាំង​ពី​សមត្ថកិច្ច​ក្នុង​តំបន់ ដោយ​ពេល​ខ្លះរហូត​ដល់​មាន​ការ​ប្តឹង​ផ្តល់ ឬចាប់​ឃុំ​ខ្លួន​លោក​ដើម្បី​សួរ​ចម្លើយ បញ្ជូន​ទៅ​តុលាការ​ទៀត​ផង។

លោកថា​៖ «ខាង​អាជ្ញាធរ​គឺ​គាត់​មិន​សូវ​ឱ្យ​យើង​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ដោយ​សារ​ទី១ យើង​មិន​មាន​កាត​សម្គាល់​ខ្លួន​ពី​ក្រសួង​ព័ត៌មាន​ដូច​អ្នកសារ​ព័ត៌មាន​អាជីព​ដទៃ​ទេ អ៊ីចឹង​ទៅ​គាត់​មិន​សូវ​ផ្តល់​តម្លៃ​ឱ្យ​ពលរដ្ឋ​អ្នកសារ​ព័ត៌មាន​ទេ»។

លោក​បន្ថែមថា ​រដ្ឋាភិបាល​គួរ​បើក​លំហ​សេរីភាព​ក្នុងការ​ប្រមូល និង​រាយការណ៍​ដល់​ពលរដ្ឋ​អ្នកសារ​ព័ត៌មាន​ក្នុង​ការ​រួម​ចំណែក​ផ្សព្វផ្សាយ​ពី​បញ្ហា​សង្គម​ដល់​ប្រជាលរដ្ឋ និង​រដ្ឋាភិបាល។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ចង់​ឃើញ​រដ្ឋាភិបាល​គួរ​តែ​ផ្តល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​អ្នក​សារព័ត៌មាន ឬ​អ្នក​សារព័ត៌មាន​ហ្នឹង​ឱ្យ​គាត់​បាន​ផ្សព្វផ្សាយ​ពី​បញ្ហា​សង្គម​ ឬ​បញ្ហា​ដែល​កើត​ឡើង​នៅ​មូលដ្ឋាន​ឱ្យ​ជូន​ទៅ​ដល់​គាត់​ឱ្យ​បាន​ដឹង​ទៅ ព្រោះ​អី​កាល​ណា​ដែល​ពលរដ្ឋ​រួម​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត រដ្ឋាភិបាល​ក៏​ទទួល​បាន​ព័ត៌មាន​ពិត​ដែរ»។

​លោក​ សួន វុត្ថា ក៏​បាន​បង្ហាញក្តី​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​ ប្រសិន​បើ​បញ្ហា​បែប​នេះ​នៅ​តែ​បន្ត​កើត​ឡើង និង​មិន​មាន​ដំណោះ​ស្រាយ។

​អ្នកសា​រព័ត៌មាន​ពលរដ្ឋ​មួយ​រូប​ទៀត​កញ្ញា ប៊ូ សុភា ប្រាប់​វីអូអេ​ដែរ​ថា បញ្ហា​ប្រឈម​របស់​កញ្ញា​ក៏​ដូច​ពលរដ្ឋ​អ្នកសា​រព័ត៌មាន ឬ​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ផ្សេង​ទៀត​ដែរ​ គឺ​តែងទទួល​រង​ការ​បំភិត​បំភ័យ ឬ​ការ​រារាំង​ពី​សមត្ថកិច្ចអំឡុង​ពេល​ចុះទៅ​ថតរូប ឬ​ប្រមូល​ព័ត៌មាន​អំពី​បទ​ឧក្រិដ្ឋ​អ្វីមួយ។

កញ្ញា​បន្ថែម​ថា កាល​ពី​ថ្មីៗ​នេះ​ម៉ូតូ​របស់​កញ្ញា​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដុត​បំផ្លាញ​ចោល អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​យក​ព័ត៌មាន​ទាក់​ទង​នឹង​បទ​ល្មើស​ព្រៃ​ឈើ នៅ​តំបន់​សំរោង ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ​។

កញ្ញា​ថា៖ «បើ​និយាយ​ជារួម​ទៅ​ការ​ដុត​ម៉ូតូ​នេះ​វា​អាច​និយាយ​ថា​វា​ជា​ការ​គំរាម​កំហែង​ដែរ ​[...] ទោះ​ជា​ដុតក្នុង​នាម​ជា​អ្នកសារព័ត៌មាន ​វា​ក៏​ជា​រូបភាព​គំរាម​កំហែង​នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ហ្នឹង​ដូច​គ្នា»។

កញ្ញាក៏​ចង់​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំង​អស់បង្កើន​ការ​ការពារអ្នកសារ​ព័ត៌មាន​ទាំង​អាជីព និង​អ្នកសារ​ព័ត៌មាន​ប្រជាពលរដ្ឋ​ដើម្បី​អាច​បន្ត​ការងារ​សម្រាប់​ប្រយោជន៍​សាធារណៈ។​

បើតាម​របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថា​(CCIM) ​គិត​ត្រឹម​ឆ្នាំ​២០២៣​ ពលរដ្ឋអ្នកសារ​ព័ត៌មានដែល​បាន​ឆ្លង​កាត់​ការបណ្តុះ​បណ្តាល​ពី​ CCIM នៅ​គ្រប់​រាជធានី​ខេត្ត​មាន​ចំនួន​៤៣១​នាក់ ​ក្នុង​នោះ១៥០​នាក់​ជា​ស្រ្តី​។

អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា អ្នកសារព័ត៌មាន​ពលរដ្ឋ​មាន​តួនាទី​សំខាន់​ក្នុង​ការ​នាំ​យក​ព័ត៌មាន​ ឬ​បញ្ហា​ផ្សេងៗ​នៅ​តាម​សហគមន៍​របស់​ពួកគេ​រៀងៗ​ខ្លួន​ ទៅ​ឱ្យ​រាជរដ្ឋាភិបាល​ និង​សាធារណជន​បាន​ដឹង​ដើម្បី​រក​ដំណោះ​ស្រាយ។ អ្នកស្រី​ថា ​សមត្ថកិច្ច​គួរ​តែ​ចូលរួម​សហការ ​បើក​ចិត្ត និង​កុំរារាំង​ពួកគេក្នុង​ពេល​ចុះ​ទៅ​យក​ព័ត៌មាន។

នាយិកាប្រតិបត្តិ​រូប​នេះ​លើក​ឡើង​ថា៖ «សម្រាប់​អជ្ញាធរមូលដ្ឋាន​គាត់​គួរ​តែ​បើក​ចិត្ត​ឱ្យ​បងប្អូន​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ហ្នឹង​នៅ​ក្នុង​ការ​ចុះ​ទៅ​យក​ព័ត៌មាន​ដោយ​សេរី​ដោយ​មិនមាន​ការ​បៀត​បៀន មាន​ការ​យាយី​ដោយ​សារ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​យើង​ក្នុង​មាត្រា​៤១ ក៏​មាន​ចែង​ដែរ​ អញ្ចឹង​ហើយ​សូម​កុំ​ធ្វើ​ការ ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​ដល់​បង​ប្អូន​ពលរដ្ឋ​អ្នកសារព័ត៌មាន»។

អ្នកស្រី​បន្ថែម​ថា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កំពុង​រៀប​ចំ​សំណើសុំ​ជួបក្រសួង​ព័ត៌មាន​ដើម្បី​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ទាំងអស់ ព្រម​ទាំង​រក​ដំណោះ​ស្រាយ​សមស្រប​ ​ធ្វើ​យ៉ាង​ណា​ឱ្យអ្នក​សារព័ត៌មាន​មាន​សេរីភាព​លេញ​លេញ​ក្នុង​ការ​ចុះ​ប្រមូល​ព័ត៌មាន​ដោយ​គ្មាន​ការ​បៀតបៀន និង​ភ័យ​ខ្លាច​ពី​សំណាក់​អាជ្ញាធរ។

លោក ទេព អស្នារិទ្ធ អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន ប្រាប់វីអូអេ​ថា ​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ​ ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ហើយ​រដ្ឋាភិបាល​តែ​ង​តែ​ការ​ពារ​ និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​។ លោកថា ​ ការ​បញ្ចេញមតិ​នានា​ត្រូវ​តែ​ស្រប​ទៅ​តាម​ច្បាប់។​

លោក​បញ្ជាក់​ថា​៖ «ខ្ញុំសូម​លើក​ទឹក​ចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​ការ​សហការគ្នា​ក្នុង​ការផ្តល់​ព័ត៌មាន​ ទទួល​បាន​នូវ​ព័ត៌មា​ន​ និង​រាយការ​ណ៍​ព័ត៌មាន​ដោយ​សុច្ចរិតភាព​ ដោយភាព​ស្មោះ​ត្រង់​ ដើម្បី​លើក​កម្ពស់​ការទទួល​បា​ន​ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​យើង​»។

កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​ ១៤៧ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ ដែល​មាន​ន័យ​ថា សេរីភាព​សារព័ត៌មាន​នៅកម្ពុជា​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់​ ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ នេះ​បើ​តាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​ ២០២៣

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG