អ្នកឯកទេសខាងផ្នែកយេនឌ័រលើកទឹកចិត្តឱ្យជនរងគ្រោះដោយអំពើហិង្សាត្រូវហ៊ាននិយាយចេញដោយចំហដើម្បីចូលរួមទប់ស្កាត់អំពើនេះមិនឱ្យកើតមានឡើងនៅក្នុងសង្គមកម្ពុជា។
ការអំពាវនាវនេះបានកើតមានឡើងបន្ទាប់ពីមានករណីហិង្សាជាបន្តបន្ទាប់ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ក្នុងនោះ មានដូចជាករណីបុរសវ័យចំណាស់ម្នាក់បានចូលវាយយុវតីសិស្សវិទ្យាល័យមួយក្នុងសាលារៀននៅរាជធានីភ្នំពេញនិងករណីវាយតប់ទាត់ធាក់លើអតីតពិធីការិនីទូរទស្សន៍គឺ កញ្ញា ឯក សុជាតា (ហៅសាសា) ដែលប្រព្រឹត្តឡើងដោយជនសង្ស័យឈ្មោះឧកញ៉ា សុខ ប៊ុន និងអង្គរក្សកាលពីដើមខែកក្កដានេះ។
លោកស្រី រស់ សុភាព នាយកា អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានបញ្ជាក់នៅក្នុងកម្មវិធីHello VOA កាលពីថ្ងៃច័ន្ទថា៖
«យើងបានគិតថាយើងមានការខកចិត្តយ៉ាងខ្លាំងដោយសារថាអំពើទាំងអស់នេះមិនគួរណាឱ្យកើតមានឡើងតទៅទៀតនៅក្នុងប្រទេសកម្ពុជាពីព្រោះប្រទេសកម្ពុជាបានចំណាយពេលវេលាយ៉ាងច្រើននិងធនធានយ៉ាងច្រើនទាំងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលនិងក្រុមស្ត្រីជាច្រើនបានធ្វើការងារនេះរហូតដល់យើងធ្វើការនៅថ្នាក់ជាតិនិងថ្នាក់តំបន់ព្រមទាំងយើងបានលើកយកបញ្ហានេះរហូតដល់ថ្នាក់អន្តរជាតិដែលនៅ ថ្នាក់អង្គការសហប្រជាជាតិពេលថ្មីៗនេះជាដើម»។
លោកស្រីបន្ថែមថាហេតុការណ៍ដែលបានកើតមានឡើងលើពិធីការិនីរូបនេះធ្វើឱ្យសកម្មជនខាងយេនឌ័រមិនអាចនៅស្ងៀមបានទេហើយកំពុងចាត់វិធានការផ្លូវច្បាប់ដើម្បីផ្តល់ការគាំទ្រដល់ជនរងគ្រោះ។
លោកស្រី រស់ សុភាពពន្យល់ថាគ្មានហេតុផលនិងសិទ្ធិអ្វីដែលផ្តល់ឱ្យបុរសយកជាលេសដើម្បីមកវាយដំច្រំធាក់ស្ត្រីបានឡើយ៖ «ទោះជាមូលហេតុយ៉ាងណាក៏ដោយមិនអាចយកមកធ្វើជាការវាយដំហើយនឹងរហូតដល់ធ្វើឱ្យបកអាក្រាតទៅលើស្រ្តីបានទេ»។
កញ្ញាឯក សុជាតាត្រូវបានជនសង្ស័យ សុខ ប៊ុន និងអង្គរក្សដែលមានប្រដាប់ដោយអាវុធខ្លីបានវាយតប់ទាត់ធាក់សម្រាតខោអាវនៅក្លឹបមួយកាលពីរំលងអាធ្រាត្រថ្ងៃទី១ចូលថ្ងៃទី២ខែកក្កដាដោយសារទំនាស់ពាក់ព័ន្ធនឹងជនរងគ្រោះព្យាយាមការពារមិត្តស្រីជនជាតិជប៉ុនមិនឱ្យក្រុមបុរសនេះយកទៅធ្វើបាបដូចក្នុងពេលកន្លងមក។ នេះបើតាមរូបភាពវីដេអូដកស្រង់ពីកាម៉េរ៉ាសុវត្ថិភាពដែលត្រូវចែកផ្សាយតាមបណ្តាញ សង្គមនិងការបញ្ជាក់របស់ជនរងគ្រោះ។
បន្ទាប់ពីហេតុការណ៍នោះក្រុមគ្រួសាររបស់នាងបានដាក់ពាក្យប្តឹង។នាង ឯក សុជាតាបានប្តេជ្ញាថាហេតុការណ៍អាក្រក់ដែលកើតមកលើនាងបានជួយជំរុញឱ្យនាងមានចិត្តចង់ជួយដល់ជនរងគ្រោះដទៃទៀតដែលមិនមានក្តីក្លាហានហ៊ានបកអាក្រាតជនល្មើសដែលមានអំណាចនិងលុយកាក់។
នាងក៏នឹងចូលរួមក្នុងសកម្មភាពលើកកម្ពស់ការយល់ដឹងពីអំពើហិង្សាដែលកំពុងកើតមានឡើងក្នុងសង្គមកម្ពុជាផងដែរ៖ «ប្រសិនបើជាខ្ញុំដោះស្រាយរឿងខ្ញុំហើយអស់គ្រប់ស្ថាប័នអង្គការណាក៏ដោយដែលត្រូវការខ្ញុំទៅនិយាយឬជួយការងារផ្នែកស្រ្តី ឬផ្នែកអំពើហិង្សាក្នុងគ្រួសារឬដំណោះស្រាយផ្សេងៗខ្ញុំរីករាយនឹងចូលរួម»។
កញ្ញាសុជាតាលើកទឹកចិត្តជនរងគ្រោះដទៃទៀតឱ្យហ៊ាននិយាយដើម្បីទប់ស្កាត់កុំឱ្យមានអំពើហិង្សានេះរាលដាលកាន់តែ ច្រើន៖ «ខ្ញុំចង់ឱ្យខ្មែរយើងមានភាពជឿជាក់ក្នុងស្រុកបន្តិចអញ្ចឹងមានភាពយុត្តិធម៌ហើយនឹងអំពើហិង្សាផ្សេងៗដែលកើតមានឡើងមិនថាលើស្រ្តីលើបុរសទេគឺយើងមានសិទ្ធិស្មើគ្នា។ អញ្ចឹងបើយើងស្វែងរកដំណោះស្រាយបញ្ហាអ្វីមួយទាល់តែយើងបើកចំហបានយើងរកដំណោះស្រាយបាន។ ប្រសិនបើយើងនៅតែលាក់យើងអត់ទទួលបានដំណោះស្រាយអ្វីទាំងអស់គឺមានតែភាពឈឺចាប់»។
អ្នកឯកទេសយល់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នេះគឺជាសំណុំរឿងទីមួយពាក់ព័ន្ធនឹងហិង្សាលើរាងកាយអ្នកដែលមានឈ្មោះល្បីក្នុងសង្គមហើយត្រូវបានជនរងគ្រោះយកមកប្តឹងផ្តល់ទៅតុលាការ។ អ្នកឯកទេសសង្ស័យថាមានករណីដូចនេះជាច្រើនទៀតប៉ុន្តែជនរងគ្រោះសំងំនៅស្ងៀមដោយខ្លាចប៉ះពាល់កិត្តិយសនិងខ្លាចអំណាចជនល្មើស។
លោកស្រី រស់ សុភាពបានកោតសរសើរនាងសុជាតាដែលមានចិត្តក្លាហានហ៊ានចេញមុខប្តឹងជនសង្ស័យសុខ ប៊ុន។ លោកស្រីលើកទឹកចិត្តឱ្យជនរងគ្រោះដទៃទៀតកុំរាថយក្នុងការចេញ មុខមកប្តឹងជនល្មើសក្នុងពេលអនាគត។
«យើងទាំងអស់គ្នាត្រូវតែក្រោកឡើងហើយយើងបន្តធ្វើការជំរុញឱ្យមានការយល់ដឹងក្នុងស្រទាប់ប្រជាពលរដ្ឋឱ្យបានច្រើនដើម្បី កុំឱ្យគាត់នៅស្ងៀមហើយនៅស្ងៀមមិនមែនមានន័យថាអាចដោះស្រាយបញ្ហាទេ។ បើយើងនៅស្ងៀមហាក់ដូចជាជំរុញឱ្យជនល្មើសហ្នឹងបន្តពង្រឹងនិងបន្តប្រព្រឹត្តល្មើសតទៅទៀត»។
បន្ទាប់ពី ហេតុការណ៍ហិង្សានោះ ជនសង្ស័យទាំងពីរបានរត់គេចខ្លួនដោយជនសង្ស័យសុខ ប៊ុន ត្រូវបានបណ្តាញសារព័ត៌មាននានារាយការណ៍ថាបានរត់ទៅលាក់ខ្លួននៅប្រទេសសិង្ហបុរី។
លោកស្រី មូរ សុខហួរអ្នកតំណាងរាស្រ្តទទួលបន្ទុកកិច្ចការនារីនិងកុមារនៃការិយាល័យប្រធានក្រុមសំឡេងភាគតិចក៏បានសរសេរលិខិតមួយទៅ ឯកអគ្គរដ្ឋទូតសិង្ហបុរីកាលពីថ្ងៃច័ន្ទដោយស្នើសុំឱ្យរាយការណ៍ពីករណីនេះទៅអាជ្ញាធរពាក់ព័ន្ធនៅសិង្ហបុរីនិងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាដើម្បីចាប់បញ្ជូនខ្លួនជនសង្ស័យសុខ ប៊ុនមកកម្ពុជាវិញបើជននោះស្នាក់នៅ ទីនោះ។
លិខិតនោះ បានបន្ថែមថា៖ «ការអំពាវនាវឱ្យមានកិច្ចសហការយ៉ាងខ្លាំងរវាងអាជ្ញាធរមានសមត្ថកិច្ចក្នុងប្រទេសកម្ពុជានិងសិង្ហបុរីគឺដើម្បី បញ្ជូនសារដ៏ច្បាស់ថាប្រទេសទាំងពីរមិនអត់ឱនឱ្យរាល់អំពើហិង្សាប្រឆាំងស្រ្តីតាមគ្រប់រូបភាពទាំងអស់»។
លោកស្រីមូរ សុខហួរក៏បានបញ្ជាក់ក្នុងបទ សម្ភាសជាមួយនឹង VOA ក្នុងពេលកន្លងមកថានឹងស្នើសុំទៅប្រមុខរដ្ឋាភិបាលឱ្យទូលថ្វាយទៅព្រះមហាក្សត្រដើម្បីដកយកងារ«ឧកញ៉ា»ពីជនសង្ស័យរូបនោះដែលគេដឹងថាជាដៃគូអភិវឌ្ឍន៍ក្នុងស្រុករបស់ក្រុមហ៊ុន TEHO ដែលជាក្រុមហ៊ុនអចលនទ្រព្យរបស់សិង្ហបុរីមួយដែលមានដើមទុនវិនិយោគ៥០០លានដុល្លារក្នុងគម្រោងអគារស្នាក់នៅ និងសណ្ឋាគារនៅតំបន់ជ្រោយចង្វារ៕