ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទេសចរ​ចិន​បន្ត​កើន​ឡើង​នៅ​កម្ពុជា ​ខណៈ​ទេសចរ​អឺរ៉ុប​ធ្លាក់ចុះ


រូបឯកសារ៖ ទេសចរ​តម្រង់​ជួរ​ដើម្បី​ឡើង​ទៅ​កំពូល​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ខេត្តសៀមរាប នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ ទេសចរ​តម្រង់​ជួរ​ដើម្បី​ឡើង​ទៅ​កំពូល​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ខេត្តសៀមរាប នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ២០១៧។ (AP Photo/Heng Sinith)

គិត​មក​ត្រឹម​បី​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៩​នេះ​ ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​បន្ត​​កើន​ឡើង ​ដោយ​អ្នក​ទេសចរ​ចិន​មាន​កំណើន​ច្រើន​ជាង​គេ​ ​​ស្រប​ពេល​អ្នក​ទេសចរ​មក​ពី​តំបន់​អឺរ៉ុប​មាន​ការ​ថយ​ចុះ។

ចំនួន​អ្នក​ទេសចរ​អន្តរជាតិ​ដែល​មក​កាន់​កម្ពុជា​គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​នេះបន្ត​កើន​ឡើង​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពីឆ្នាំ​មុន ​ដោយ​ចំនួន​អ្នក​ទេសចរ​ចិន​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​មួយ ​ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ពីបស្ចិម​ប្រទេសធ្លាក់​ចុះ។​ នេះ​បើ​យោង​ទៅ​តាម​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ទេសចរណ៍។​

លោក​គង់ សុភារក្ស ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួង​ទេស​ចរណ៍​ បាន​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​គិត​មក​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​នេះ​ ​ចំនួន​អ្នក​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​មាន​ចំនួន​ប្រមាណ​ជាង​៤​លាន​៨​សែន​នាក់​ដែល​នេះ​ជា​កំណើន​១០​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នេះ​កាល​ពី​ឆ្នាំ​មុន។ ​លោក​បាន​បន្ត​ថា​ ក្រសួង​សង្ឃឹម​ថា ​នៅ​ដំណាច់​ឆ្នាំ​២០១៩​នេះ​ ​ចំនួន​អ្នក​ទេសចរ​អន្តរជាតិ​នឹង​កើន​ដល់​ប្រមាណ​៦​លាន​៧​សែន​នាក់។​

ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ក្រសួង​ទេសចរណ៍​រូប​នេះ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​កំណើន​អ្នក​ទេសចរ​មក​ពី​ប្រទេស​ចិន​មិនមែន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ទេសចរ​មក​ពី​តំបន់​អឺរ៉ុប​ថយចុះ​នោះ​ទេ ​ដោយសារ​តែ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​គឺអាស្រ័យ​ទៅ​លើ​ការ​ផ្គង់ផ្គង់​ដែល​មាន​នៅ​ក្នុង​វិស័យ​នេះ។​

«ប៉ុន្តែ​ ​ខ្ញុំ​គិត​ថា ​សម្រាប់​កំណើន​ទេសចរ​ចិន​ធ្វើ​ឲ្យ​ទេសចរ​អឺរ៉ុប​ថយ​ចុះ​ដែល​មក​លេង​ស្រុក​យើង​ ​ខ្ញុំ​គិត​ថា​ ​ដូច​ជាមិន​សូវ​ត្រូវ​ និយាយ​តាម​ត្រង់។​ ធម្មតា​នៅ​ស្រុក​យើង​ យើង​មាន​ផលិត​ផល​ទេសចរណ៍​ខុសៗ​គ្នា​ ដែល​តម្រូវ​ទៅ​តាម​ទីផ្សារ​ប្រកួត​របស់​យើង»។​

អ្នក​ស្រី​ឆាយ ស៊ីវលីន ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ​បានប្រាប់​ VOA ​ថា ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​សង្កេត​ឃើញការ​ថយ​ចុះ​ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​អឺរ៉ុប ​ស្រប​ពេល​ដែល​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​មាន​ការ​កើន​ឡើង។​

អ្នកស្រី​ស៊ីវលីន​បាន​និយាយ​ថា​ ​ការ​ខូចខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​កំណើន​អ្នក​ទេសចរ​ចិន​ដែល​បង្ក​ឲ្យ​មានបញ្ហា​សណ្តាប់​ធ្នាប់​គឺជា​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ថយ​ចុះ​នៃ​អ្នក​ទេសចរ​ពី​តំបន់​អឺរ៉ុបមកកម្ពុជា។​

«ការ​ខូចខាត​ ជា​ពិសេស​ការ​ខូចខាត​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ ការ​តភ្ជាប់​មួយ​ចំនួន​ ហើយ​នឹង​ការ​កើន​ឡើង​នៃ​ទេសចរ​ចិន​ក៏​បាន​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់​ធ្នាប់​ខ្លះ ​នៅ​តាម​តំបន់​ខ្លះ​ដែល​ជា​តំបន់​ទាក់ទាញ​ភ្លៀវ​ទេសចរ​អឺរ៉ុប»។​

លោកគង់ សុភារក្សប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួង​ទេសចរណ៍​ បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ គិត​មក​ត្រឹម​ខែ​កញ្ញា​ ចំនួន​អ្នក​ទេសចរ​ចិន​មាន​ប្រមាណ​១​សែន​៨​ម៉ឺន​៦​ពាន់​នាក់ ​ដែល​មាន​កំណើន២៩ភាគ​រយ​ធៀប​នឹង​ឆ្នាំ​មុន។ ​ផ្ទុយ​ទៅ​វិញ​ ចំនួន​អ្នក​ទេសច​មក​ពី​តំបន់​អឺរ៉ុប​មាន​ប្រមាណ​៥​សែន​៦​ម៉ឺន​២​ពាន់នាក់​ ដែលមាន​ការ​ថយ​ចុះ​ជិត​៦​ភាគ​រយ​ធៀប​នឹង​ឆ្នាំ​មុន។​

ចំនួន​អ្នក​ទេសចរ​អន្តរជាតិ​នៅ​ឆ្នាំ២០១៨ ​មាន​ប្រមាណ​៦​លាន​២​សែន​នាក់​ដែល​មាន​កំណើន​ជិត​១២​ភាគ​រយ​ធៀប​នឹង​ឆ្នាំ២០១៧ ​ដែល​អ្នក​ទេសចរ​អន្តរ​ជាតិ​មាន​ប្រមាណ​៥​លាន​៦​សែន​នាក់។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​ស្ថិតិ​ទេសចរណ៍ខែ​កញ្ញា​ឆ្នាំ​២០១៩ ​ដែល​ VOA ​ទទួល​បាន។​

អ្នក​ស្រីឆាយ ស៊ីលីន​ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​វិនិយោគ​បន្ថែម​ទៅ​លើ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ការ​ពង្រឹង​ការ​ផ្គត់ផ្គង់​សេវា​កម្ម​នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ដើម្បី​ទាក់​ទាញ​ឲ្យ​មាន​ភ្ញៀវ​ទេសចរ​បរទេស​បន្ថែម​មក​កាន់​ប្រទេស​កម្ពុជា៕

XS
SM
MD
LG