មន្ត្រីសុខាភិបាលសហរដ្ឋអាមេរិកបានចាប់ផ្ដើមត្រួតពិនិត្យនៅតាមអាកាសយានដ្ឋានបីក្នុងទីក្រុង San Francisco ទីក្រុង Los Angeles និងទីក្រុង New York ទៅលើអ្នកដំណើរមកពីក្រុង Wuhan ភាគកណ្ដាលប្រទេសចិន ដោយសារតែនៅទីនោះមានការឆ្លងរាលដាលជំងឺរលាកសួត បង្កដោយមេរោគកូរ៉ូណាវីរុស។
គិតមកត្រឹមថ្ងៃសៅរ៍ គណៈកម្មការសុខាភិបាលក្រុង Wuhan បាននិយាយថា មានមនុស្សចំនួនបួននាក់បន្ថែមទៀតត្រូវបានពិនិត្យឃើញថាបានឆ្លងមេរោគនេះ។ កន្លងមកមានមនុស្សចំនួន៤៥នាក់ហើយបានឆ្លងមេរោគនេះ ហើយក្នុងចំណោមនោះ អ្នកជំងឺចំនួន៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ១៥នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ហើយអ្នកជំងឺផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពនឹងនរធម្មតា។
ក្រុមមន្ត្រីនិយាយថា មនុស្សចំនួនពីរនាក់បានស្លាប់ដោយសារឆ្លងមេរោគនេះ។
កាលពីថ្ងៃសុក្រ មជ្ឈមណ្ឌលសហរដ្ឋអាមេរិកសម្រាប់ត្រួតពិនិត្យនិងទប់ស្កាត់ជំងឺបានឲ្យដឹងថា ខ្លួននឹងបញ្ជូនមន្ត្រីចំនួន១០០នាក់ទៅកាន់អាកាសយានដ្ឋានចំនួនបីដើម្បីពិនិត្យមើលអ្នកដំណើរដែលអាចមានអាការៈឆ្លងមេរោគនេះ។ ឥឡូវនេះមន្ត្រីទាំងនោះនឹងផ្ដោតយកចិត្តទុកដាក់ទៅលើអ្នកដំណើរដែលធ្វើដំណើរមកពីក្រុង Wuhan ដោយសារតែគេជឿថា ជំងឺរលាកសួតត្រូវបានឆ្លងរាលដាលចេញពីក្រុងនោះ។
តាំងពីពេលនោះមក មានជើងហោះហើរចំនួនពីរហើយដែលបានចេញដំណើរដោយផ្ទាល់ពីក្រុង Wuhan មកកាន់សហរដ្ឋអាមេរិក។
ជើងហោះហើរមួយបានមកដល់អាកាសយានដ្ឋានទីក្រុង San Francisco កាលពីព្រឹកថ្ងៃសៅរ៍។ អ្នកដំណើរដែលត្រូវបានពិនិត្យនិយាយថា វាគឺជាដំណើរការដ៏ងាយស្រួលមួយ។ មន្ត្រីសុខាភិបាលគ្រាន់តែវាស់សីតុណ្ហភាពក្នុងខ្លួនរបស់ពួកគេនិងឲ្យពួកគេបំពេញទម្រង់បែបបទមួយច្បាប់តែប៉ុណ្ណោះ៕