នាយករដ្ឋមន្ដ្រីចិនលោក វេន ជាបាវ (Wen Jiabao) ថ្លែងថាសេដ្ឋកិច្ចរបស់ប្រទេសចិនស្ថិតនៅលើមាគ៌ាសម្រាប់ការពង្រីកសេដ្ឋកិច្ច៥ឆ្នាំខាងមុខ។ លោកក៏បានថ្លែងសង្កត់មកលើសេចក្ដីត្រូវការឲ្យមានសេដ្ឋកិច្ចស្ទុះលឿនបន្ថែមនៅក្នុងស្រុក ដែលនឹងបំព្រួញភាពចន្លោះធំធេងរវាងអ្នកមាននិង អ្នកក្រ។ មេដឹកនាំចិនបានលាតត្រដាងបង្ហាញផែនការសេដ្ឋកិច្ចរបស់រដ្ឋាភិបាល នៅក្នុងសន្ទរកថាតាមលំនាំស្ថានភាពសហព័ន្ធរបស់ស.រ.អ.នៅពេលថ្លែងក្នុងសភាប្រជាមានិតចិន។
នៅក្នុងមហាសាលប្រជាជនដ៏ធំល្វឹងល្វើយ ដែលមានក្រឡុកក្រលៀតច្រើនស្ថិតនៅចំកណ្ដាលរដ្ឋធានីប៉េកាំង នាយករដ្ឋមន្ដ្រីចិន លោក វេន ជាបាវ បានថ្លែងសន្ទរកថាដ៏ស្រគត់ស្រគំមួយ ជាសារប្រាប់អំពីបញ្ហាសង្គមនិងសេដ្ឋកិច្ចដែលប្រទេសជាតិកំពុងប្រឈមមុខ។
លោក វិន ជាបាវ ថ្លែងថា ប្រទេសចិនស្ថិតនៅលើមាគ៌ាប្រាំឆ្នាំទៀតនៃការលូតលាស់សេដ្ឋកិច្ចដ៏ខ្លាំងក្លាដែលមានកម្រិតប្រមាណ៧%។ តែលោកថ្លែងថា អតិផរណានិងអំពើពុករលួយគំរាមលើស្ថិរភាពសង្គមដែលត្រូវតែទប់ស្កាត់។
អតិផរណាបានក្លាយទៅជាការព្រួយបាម្ភរបស់រដ្ឋាភិបាលជាយូរមកហើយ។ ប្រជាពលរដ្ឋចិនធម្មតារាប់លាននាក់ចំណាយពាក់កណ្ដាលនៃប្រាក់ចំណូលរបស់ខ្លួនលើអាហារ ហើយតម្លៃរបស់វាកាន់តែឡើងខ្ពស់។
អាត្រាអតិផរណារបស់ប្រទេសជាតិបានត្រូវប៉ាន់ស្មានថាមានប្រមាណជិត៥% ហើយសេដ្ឋវិទូខ្លះ និយាយថា អត្រានេះនឹងកើនជាបន្តទៀត ទោះបីជាមានការតឡើងអត្រាការប្រាក់ចំនួន៣លើកក៏ដោយ។ មេដឹកនាំចិនសច្ចាថានឹងបម្រួញគម្លាតទ្រព្យសម្បត្តិ រវាងអ្នកមាននិងអ្នកក្រ ដើម្បីដោះស្រាយអ្វីដែលគេពិពណ៌នាថាជា ការអភិវឌ្ឍសេដ្ឋកិច្ចមិនស្មើគ្នា។ លោក វេន ជាបាវ ថ្លែងថា រដ្ឋាភិបាលរបស់លោកនឹងខិតខំឲ្យមានសេចក្ដីត្រូវការក្នុងស្រុក ដោយតំឡើងការជួយឧបថ្ថម្ភដល់កសិករនិងជនក្រីក្រនៃតំបន់ទីក្រុង។
ជនជាតិចិនរាប់រយលាននាក់នៅពុំទាន់បានទទួលប្រយោជន៍ពីការលូតលាស់សេដ្ឋកិច្ចខ្លាំង។ ការខកចិត្ដរបស់ប្រជាពលរដ្ឋបានឆេះងំដោយគេមើលឃើញអំពីភាពមិនស្មើគ្នានៅក្នុងសេដ្ឋកិច្ច ក៏ដូចគ្នានឹងរឿងពុករលួយរបស់មន្ដ្រីផ្លូវការនិងកម្មសិទ្ធិដីធ្លី ព្រមទាំងភាពកខ្វក់បរិស្ថាន។ លោក វេន ជាបាវ ដោះស្រាយការព្រួយបារម្ភទាំងនោះដូចតទៅ។
លោកថ្លែងថា រដ្ឋាភិបាលត្រូវធ្វើឲ្យប្រសើរឡើងដល់ជីវភាពរបស់ពលរដ្ឋដោយធ្វើការកែទម្រង់សំខាន់ៗ ធ្វើឲ្យមានការអភិវឌ្ឍនិងស្ថេរភាព។ លោកថ្លែងទៀតថា មេដឹកនាំត្រូវធានាឲ្យច្បាស់ថា ពលរដ្ឋពេញចិត្ដនឹងជីវិតរបស់គេ និងការងារ ហើយសង្គមស្ងប់ស្ងៀមនិងមានសណ្ដាប់ធ្នាប់ រួច ប្រទេសជាតិរីករាយនឹងសន្ដិភាពយូរអង្វែងនិងស្ថេរភាព។
ស្ថេរភាពសង្គមធ្លាប់ជាការព្រួយបារម្ភរបស់រដ្ឋាភិបាលចំពេលដែលមានការបះបោរខាងនយោបាយដែលរាលដាលនៅក្នុងតំបន់មជ្ឈឹមបូព៌ា។ បណ្ដាញពត៌មានរដ្ឋចិនព្រមានកាលពីថ្ងៃសៅរ៍ប្រឆាំងនឹង សេចក្ដីអំពាវនាវឲ្យធ្វើតាមបាតុកម្មនិយមលទ្ធិប្រជាធិបតេយ្យនៅមជ្ឈឹមបូព៌ា។
កងកម្លាំងសន្ដិសុខចិនបានត្រូវដាក់ពង្រាយយ៉ាងច្រើននៅទីកន្លែងសំខាន់ៗនៃទីក្រុងធំៗ ដែលត្រូវកំណត់យកជាចំណុចប្រមូលផ្ដុំគ្នាដោយក្រុមសកម្មជននិយមលទ្ធិប្រជាធិបតេយ្យ ហើយដែលក្រុមនេះបានចុះផ្សាយការអំពាវនាវនេះនៅក្នុងបណ្តាញអ៊ីនធឺណិត៕
ប្រែសម្រួលដោយ អ៊ូ ធួក