រដ្ឋាភិបាលចិន បាននិយាយសម្រាលដល់ជម្លោះដែនសមុទ្ររបស់ខ្លួនជាមួយប្រទេសជិតខាងនៅក្នុងតំបន់ ទោះបីនៅអះអាងការត្រួតត្រារបស់ខ្លួនលើប្រជុំកោះក្នុងសមុទ្រភាគខាងកើតនិងខាងត្បូងដែលបានទាមទារដោយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ក៏ដោយ។
នៅពេលដែលប្រទេសចិនបានចេញផ្សាយកាលពីពេលថ្មីៗនេះនូវឯកសារសការពារប្រទេសរយៈពេលពីរឆ្នាំម្តងរបស់ខ្លួន ចិនបានបញ្ជាក់យ៉ាងច្បាស់ថាបញ្ហាសន្តិសុខដែនសមុទ្រទីមួយរបស់ខ្លួនគឺកោះតៃវ៉ាន់ ជាកោះគ្រប់គ្រងដាច់ដោយឡែកដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកជាផ្នែកមួយនៃដែនដីរបស់ខ្លួន។
ប៉ុន្តែបញ្ហាដែនសមុទ្រមួយដែលមានការចាប់អារម្មណ៍បន្តិចបន្តួចគឺប្រជុំកោះដែលមានការឈ្លោះប្រកែកនៅជុំវិញប្រទេសចិន។
ក្នុងសមុទ្រចិនភាគខាងត្បូង មានប្រជុំកោះ Spratly និង Paracel ។ ប្រជុំកោះ Spratly ជាទីខ្ពស់ដ៏ធំដែលពោរពេញទៅដោយផ្ទាំងថ្មនៅក្រោមផ្ទៃទឹកដែលបានទាមទារដោយប្រទេសប្រ៊ុយណេ (Brunei) ចិន ម៉ាឡេស៊ី (Malaysia) និង ហ្វ៊ីលីពីន (Philippines) កោះតៃវ៉ាន់ និងប្រទេសវៀតណាម។ Paracel ជាប្រជុំកោះតូចជាង ដែលបានទាមទារដោយប្រទេសចិន កោះតៃវ៉ាន់ និងប្រទេសវៀតណាម។
ក្នុងសមុទ្រចិនខាងកើត ចិននិងជប៉ុន បានខ្វែងគំនិតគ្នាយ៉ាងខ្លាំងអំពីថាតើប្រទេសណាកាន់កាប់ប្រជុំកោះទាំងអស់នោះដែលភាសាចិនហៅថា ដ្យៅ-យូ(Diao-yu) ហើយភាសារជប៉ុនហៅថាសេនកាគុ (Senkaku) ។
ប្រជុំកោះទាំងអស់នោះនៅជិតផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់ហើយនឹងតំបន់នេសាទពាណិជ្ជកម្មដ៏សំខាន់ៗ។ ប៉ុន្តែ សំខាន់ជាងនោះទៅទៀត ប្រជុំកោះទាំងអស់នោះ ត្រូវគេជឿជាក់ថាស្ថិតនៅពីលើអណ្តូងប្រេងដ៏ធំ។
លោក Gebe Collins ជាអ្នកឯកទេសខាងរបស់ប្រើប្រាស់ដែលធ្វើការវិភាគលើគេហទំព័រហៅថា China SignPost ។ លោកមានប្រសាសន៍ថាលោកគិតថាការស្រេកឃ្លានថាមពលរបស់ចិន ជាការពន្យល់ដ៏សំខាន់មួយចំពោះការដែលចិនចង់ថែរក្សាអធិបតេយ្យភាពលើប្រជុំកោះទាំងអស់នោះ។
«ប្រេងមួយធុងៗដែលអស់លោកអ្នក អាចផលិតមកពីតំបន់ផ្ទៃទឹករបស់អស់លោកអ្នកផ្ទាល់ យ៉ាងហោចណាស់ក៏ជាប្រេងមួយធុងដែលអស់លោកអ្នកមិនចាំបាច់នាំចូលមកពីប្រទេសផ្សេងទៀតដែរ»។
លោក Collins ចង្អុលបង្ហាញថាការផលិតប្រេងនៅក្នុងសមុទ្ររបស់ចិនកំពុងចាប់ផ្តើមធ្លាក់ចុះហើយថាប្រទេសនេះ នឹងត្រូវការរកមើលទីកន្លែងផ្សេងៗទៀតក្នុងពេលឆាប់ៗនេះ។
មូលហេតុដ៏សំខាន់មួយទៀតដែលប្រទេសចិនទាមទារយ៉ាងខ្លាំងលើប្រជុំកោះមានជម្លោះនោះ គឺពាក់ព័ន្ធនឹងមោទនភាពរបស់ប្រទេសជាតិ។ លោក Li Mingjiang ជាសាស្រ្តាចារ្យខាងវិទ្យាសាស្រ្តនយោបាយនៅសាលាសិក្សាកិច្ចការអន្តរជាតិ Rajaratnam ក្នុងប្រទេសសឹង្ហបូរី និយាយថា មនោសញ្ចេតនានេះបានពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តកាលពីពេលថ្មីៗនេះនៅពេលដែលចិនគិតថាមហាអំណាចលោកខាងលិចបានឆ្លៀតកេងប្រយោជន៍ពីបញ្ហានេះ។
«ហើយ នេះជាការពិតមានការទាក់ទិនទៅនឹងអ្វីដែលហៅថាសតវត្សរ៍នៃការអាម៉ាសមុខ។ ហើយ ប្រជាពលរដ្ឋចិនជាច្រើនគិតថាកាលពីអតីតកាល ចិនជាប្រទេសទន់ខ្សោយហើយខ្លួនមិនអាចត្រួតត្រាឬប្រកួតប្រជែងជាមួយមហាអំណាចផ្សេងៗទៀតក្នុងសមុទ្រចិនភាគខាងត្បូងដើម្បីការពារផលប្រយោជន៍របស់ចិន។ ប៉ុន្តែ ឥឡូវនេះ ខ្លួនកំពុងកាន់តែខ្លាំងទៅៗហើយវាជាពេលវេលាដើម្បីការពារផលប្រយោជន៍របស់ខ្លួន»។
ផលប្រយោជន៍ទាំងពីរនេះត្រូវបានលើកយកមកធ្វើជាគោលសំខាន់នៅក្នុងការប្រកាសជាផ្លូវការរបស់ចិនលើប្រធានបទនេះ។
លោកស្រី Jiang Yu អ្នកនាំពាក្យក្រសួងការបរទេសចិនបានត្រូវគេសួរពីគោលជំហររបស់ចិនកាលពីខែមុនលើការរុករកប្រេងរបស់ប្រទេសហ្វីលីពីននៅក្នុងតំបន់ប្រជុំកោះ Spratly ដែលមានជម្លោះនោះ។
លោកស្រី Jiang មានប្រសាសន៍ថាចិន ជាម្ចាស់លើអធិបតេយ្យភាពមានជម្លោះលើប្រជុំកោះ Nansha ជាអ្វីដែលចិនហៅថាប្រជុំកោះ Spratlys។
លោកស្រីនិយាយទៀតថាសកម្មភាពរុករកប្រេងនិងឧស្ម័នដោយប្រទេសឬក្រុមហ៊ុនណាមួយនៅក្នុងផ្ទៃទឹកស្ថិតនៅក្រោមយុត្តាធិការរបស់ចិន ដោយមិនមានការអនុញ្ញាតពីរដ្ឋាភិបាលចិន ជាការរំលោភលើអធិបតេយ្យភាព សិទ្ធិនិងផលប្រយោជន៍របស់ចិន។ លោកស្រី និយាយទៀតថាចិនចាត់ទុកសកម្មភាពបែបនេះជាការខុសច្បាប់។
ប្រទេសផ្សេងៗទៀតជាច្រើន កំពុងតាមដានមើលយ៉ាងដិតដល់ដល់សកម្មភាពនាវារបស់ចិន។
លោកឧត្តមនាវីឯក Robert Williard មេបញ្ជាការនៃទីបញ្ជាការរបស់សហរដ្ឋអាមេរិកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានប្រាប់គណៈកម្មាធិការរបស់សភាតំណាងរាស្រ្តកាលពីសប្តាហ៍មុនថា ទោះបីមានការប្រឈមមុខរវាងនាវាអាមេរិកាំងនិងចិនកម្រកើតមានឡើងក៏ដោយ មានមូលហេតុខ្លះដែលត្រូវតែព្រួយកង្វល់។
«ចិននៅតែបើកតាមនាវាខ្លះរបស់យើងនៅពេលដែលពួកគេបំពេញបេសកម្មរបស់ខ្លួននៅក្នុងដែនទឹកអន្តរជាតិដែលនៅក្បែរប្រទេសចិន។ ការប្រឈមមុខដែលបានកើតមានឡើង បានកើតមានឡើងជាមួយដៃគូនានានិងសម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់»។
លោកបានចង្អុលបង្ហាញដល់ឧប្បត្តិហេតុកាលពីពេលថ្មីៗនេះជាមួយប្រទេសជប៉ុនអំពីប្រជុំកោះសេនកាគុ ឬ ដៃយូ ហើយនឹងជាមួយកប៉ាល់ហ្វីលីពីនក្នុងសមុទ្រចិនភាគខាងត្បូង។
សហរដ្ឋអាមេរិក បានធ្វើឲ្យមានរឿងចម្រូងចម្រាស់ខ្លះនៅក្នុងតំបន់កាលពីខែកក្កដានៅពេលដែលលោកស្រី Hillary Clinton រដ្ឋមន្រ្តីក្រសួងការបរទេស បានមានប្រសាសន៍ថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គិតថា ប្រទេសតវ៉ាទាមទារ គួរតែធ្វើការទាមទារដែនដីរបស់ខ្លួនដោយអនុលោមទៅតាមអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ។
លោកលី ជាសាស្រ្តាចារ្យជាតិសឹង្ហបូរី និយាយថាអត្ថាធិប្បាយទាំងអស់នេះបានធ្វើឲ្យប្រទេសចិនមានការព្រួយបារម្ភ។ លោកមានប្រសាសន៍បន្តទៀតថារដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងស្វះស្វែងធ្វើការដោះស្រាយដែនដីដែលមានជម្លោះដោយទ្វេភាគី ពីព្រោះខ្លួន គិតថាខ្លួនមានឱកាសកាន់តែប្រសើរឡើងដើម្បីដោះស្រាយទៅតាមការដែលខ្លួនពេញចិត្ត។
«នៅពេលឥឡូវនេះ ចិន មិនត្រួតត្រាកោះសំខាន់ៗខ្លះនៅប្រជុំកោះ Spratly ទេហើយខជាច្រើនរបស់អនុសញ្ញាសមុទ្ររបស់អង្គការសហប្រជាជាតិមិនបាននាំឲ្យមានផលចំណេញសម្រាប់ចិនទេ។ ដូច្នេះ ចិនមានការភ័យខ្លាចមួយផ្នែកថា ចិនប្រហែលបញ្ចប់ដោយការបាត់បង់កោះជាច្រើននៅក្នុងសមុទ្រចិនភាគខាងត្បូង ប្រសិនបើជម្លោះនោះ ត្រូវបញ្ជូនទៅអាជ្ញាកណ្តាលអន្តរជាតិនោះ»។
លោកលីមានប្រសាសន៍បន្តទៀតថា ប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍មានការសប្បាយចិត្តខ្លះ ដែលឃើញសហរដ្ឋអាមេរិកពាក់ព័ន្ធក្នុងជម្លោះដែនទឹកសមុទ្រចិនខាងត្បូងនោះ។ ប៉ុន្តែ លោកមានប្រសាសន៍បន្តទៀតថា ពីព្រោះប្រទេសទាំងអស់នៅក្នុងតំបន់មានសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិន ពួកគេក៏មិនចង់ឲ្យគេបង្ខំគាំទ្រភាគីណាមួយទេ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន