ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​ព្រមាន​ថា ការ​ប្រឈមមុខ​ដាក់​គ្នា​​ជា​សាកល​នៃ​មហា​អំណាច​​បណ្តាល​ឲ្យ​មាន​​ផលវិបាក​ប្រកប​ដោយ​មហន្តរាយ


រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​ផ្ទាំង​កញ្ចក់​មួយ​ក្នុង​ពិធី​តាំង​ពិព័រណ៍​អន្តរជាតិ​ចិន​សម្រាប់​ពាណិជ្ជកម្ម​ក្នុង​សេវាកម្ម (CIFTIS) នៅទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។ (AP Photo)
រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​ផ្ទាំង​កញ្ចក់​មួយ​ក្នុង​ពិធី​តាំង​ពិព័រណ៍​អន្តរជាតិ​ចិន​សម្រាប់​ពាណិជ្ជកម្ម​ក្នុង​សេវាកម្ម (CIFTIS) នៅទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។ (AP Photo)

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាងប្រទេស​មហា​អំណាច​អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ប្រកប​ដោយ​មហន្តរាយ»។ លោក Xi បាន​លើក​ឡើង​ដូច​នេះ​នៅ​ក្នុងសុន្ទរកថារបស់​លោក​ដែល​បាន​ថ្លែង​ទៅ​កាន់​មេដឹកនាំ​ពិភពលោកតាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​វេទិកា​ក្រុង Davosនៃ​ប្រទេស​ស្វីស។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នេះ​ជា​ឆ្នាំ​ទី២ហើយ​ដែលជំនួប​ទល់មុខ​គ្នា​របស់​ប្រទេស​មហា​អំណាច​ខាង​នយោបាយ​និង​សេដ្ឋកិច្ច​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​តំបន់ Alps នៃ​ប្រទេស​ស្វីស​ដោយ​សារ​តែ​ជំងឺ​រាតត្បាត​កូវីដ១៩នៅ​ពុំ​ទាន់​មាន​សញ្ញា​ធូរស្បើយ​នៅឡើយ។

លោក Xi បាន​បើក​កិច្ចប្រជុំ​ជា​មួយ​នឹង​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​ដែល​មាន​ខ្លឹមសារ​ស្រដៀង​គ្នានឹង​សុន្ទរកថា​ដែល​លោក​បាន​ថ្លែង​តាម​អនឡាញ​កាល​ពី​ឆ្នាំ​ទៅ​ដែរ។

លោក​បាន​សរសើរ​ប្រទេស​ចិន​ជា​ទីកន្លែង​ដែល​ជំងឺ​កូវីដ១៩ បាន​លេចចេញ​ឡើង​មុន​ដំបូង​គេ​នៅ​ចុង​ឆ្នាំ២០១៩ថា ជា​រឿង​ជោគជ័យ​នៃ​ការ​រាំង​ខ្ទប់​ការ​រាតត្បាត​ដ៏​កម្រ​មួយ​ហើយជា​ប្រទេស​មានសេដ្ឋកិច្ច​សំខាន់មួយ​ដែល​នៅ​បន្ត​កំណើន​រីក​លូតលាស់​ដ៏​ខ្លាំង។

លោក​ក៏បង្ហាញ​ខ្លួន​លោក​ថា​ជា​អ្នកការពារ​របប​ពហុភាគី​និយម និង​បាន​ព្រមាន​ពី​បញ្ហាក្នុង​ពេល​អនាគត​ស្រប​ពេល​ដែលទំនាក់​ទំនង​នៃ​ប្រទេស​មហាអំណាចកំពុង​ធ្លាក់​ចុះ។

តាម​រយៈ​ការបកប្រែ​សុន្ទរកថា​ដែល​បាន​ផ្សាយ​តាម​អនឡាញ លោក Xi បាន​ថ្លែង​ថា «ពិភពលោក​យើង​នា​ពេល​បច្ចុប្បន្ន​នេះកំពុង​ពោរពេញ​ទៅ​ដោយ​វោហារសាស្ត្រ ជាមួយ​នឹង​ការស្អប់​ខ្ពើម​និង​ការ​រើសអើង»។

លោក​បាន​បន្ថែម​ទៀត​ថា «ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ពេល​វេលា​ហើយ​ជា​ថ្មី​ម្តង ទៀត​គឺ​ថា ការ​ប្រឈមមុខ​ដាក់​គ្នា​នឹង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ឡើយ។ ផ្ទុយទៅវិញ វា​បង្កើត​ឲ្យ​មាន​ផលវិបាក​ប្រកប​ដោយ​មហន្តរាយតែ​ប៉ុណ្ណោះ»។

លោក​បាន​ព្រមាន​ថា «ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សាកល​ត្រូវ​ជួប​បញ្ហា​រអាក់រអួល​ហើយ​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​បន្ត​កើន​ឡើង​ថ្លៃ។ ការ​ផ្គត់ផ្គង់​ថាមពល​នៅ​តែ​មាន​ការ​លំបាក។​

ប្រធានាធិបតី​ចិន​លោក Xi មាន​គម្រោង​បន្ត​កាន់កាប់​អំណាច​អាណត្តិ​ទី៣​របស់​លោក​បន្ត​ទៀត​នៅ​ក្នុង​កិច្ចប្រជុំ​កំពូលរបស់​គណបក្ស​កុម្មុយនីស្ត​ចិនក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ខាង​មុខ​នេះ​ ហើយ​បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ថា បញ្ហា​ស្ថិរភាពនៅ​តែ​ជា​អាទិភាពដ៏​ចម្បង​មួយ​របស់​លោក៕

XS
SM
MD
LG