ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទួកគី ចង់ស្តារ​ឡើងវិញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ចូលជា​សមាជិក​របស់​សហគម​ន៍អឺរ៉ុប


ប្រធានាធិបតី​បារាំង លោក ហ្រ្វង់ស័រ ហូឡង់ដេ ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​កាសែត។
ប្រធានាធិបតី​បារាំង លោក ហ្រ្វង់ស័រ ហូឡង់ដេ ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​កាសែត។

ប្រទេស ទួកគី (Turkey) កំពុង​បង្ហាញ​ពី​ការចាប់អារម្មណ៍​សារជាថ្មី នៅក្នុង​ការស្តាឡើងវិញ​នូវកិច្ចខិតខំ​ប្រឹងប្រែង​ដែល​ជាប់គាំង​របស់ខ្លួន ដើម្បី​ចូលរួម​ក្នុង​សហគមន៍​អឺរ៉ុប​នាពេល​ឥឡូវនេះ ខណៈពេល​ដែល​លោក នីកូឡាស សាកូហ្សី (Nicolas Sarkozy) ដែល​ជាគូរ​ប្រជែង​ចម្បង​មួយ​របស់ខ្លួន លែងជា​ប្រធានាធិបតី​បារាំង​ទៀតហើយ។ ហើយ ដូចដែល ដូរៀន ចូនស៍ (Dorian Jones) រាយការណ៍​ពីទីក្រុង អ៊ីស្តានប៊ូល (Istanbul) ប្លុក​ដែលមាន​ប្រទេស​ចំនួន​២៧ ហាក់ដូចជា​មានបំណង​ធ្វើឱ្យ​សេចក្តី​ប្រាថ្នា​សម្រាប់​សមាជិកភាព​របស់រដ្ឋាភិបាល​ទីក្រុង អង់ការ៉ា (Ankara) មានជីវិត​ត្រឡប់​មកវិញ។

ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារាំង លោក ហ្រ្វង់ស័រ ហូឡង់ដេ (Francois Hollande) ត្រូវបាន​ស្វាគមន៍​នៅក្នុង​ទីក្រុង អង់ការ៉ា។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស ទួកគី លោក សែលឃុក អ៊ុយណាល (Selcuk Unal) និយាយ​ថា មាន​បរិយាកាស​វិជ្ជមាន​មួយ​រួច​ទៅហើយ។

«យើង​សង្ឃឹម​និង​ប្រាថ្នា​ថា ទំនាក់ទំនង​អាច​មានភាព​ប្រសើរឡើង​ជាមួយនឹង​រដ្ឋាភិបាល​បារាំង​ថ្មី។ ប្រធានាធិបតី​នៃ​ប្រទេស ទួកគី និង​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស ទួកគី បានផ្ញើ​លិខិត​អបអរសាទ។ លោក​នាយករដ្ឋមន្រ្តី អឺដូហ្គាន (Erdogan) បាន​ទូរស័ព្ទ​ទៅលោក​ប្រធានាធិបតី ហូឡង់ដេ (Hollande) ដើម្បី​អបអរសាទ​លោក​ដោយ​ផ្ទាល់ ហើយ​នេះ​គឺជា​ការជួប​ប្រជុំ​ប្រកបដោយ​វិជ្ជមាន​មួយ»។

ប្រទេស ទួកគី បានចាប់ផ្តើម​ការចរចារ​របស់ខ្លួន​សម្រាប់​សមាជិកភាព​របស់​សហគមន៍​អឺរ៉ុប (EU) នៅក្នុង​ឆ្នាំ​២០០៥ ប៉ុន្តែ​មាន​ការរីកចំរើន​តិចតួច ដោយសារតែ​ជម្លោះ​មួយជាមួយ​នឹង​ប្រទេស ស៊ីបរុស (Cyprus) ដែលជា​សមាជិក​របស់ EU និង​ការជំទាស់​ពី​អតីត​ប្រធានា ធិបតី​បារាំង លោក សាកូហ្សី (Sarkozy)។ លោក សាកូហ្សី បានអះអាង​ថា ប្រទេស​ដែល​គ្របដណ្តប់​លើសលុប​ដោយ​ម៉ូស្លីម គឺ​មិនមែន​ជាផ្នែក​មួយ​នៃ​ទ្វីប​អឺរ៉ុប​ទេ ហើយ​ចង់ឱ្យ​ប្រទេស ទួកគី ទទួល​យក​ភាពជាដៃគូរ​ពិសេស​មួយ​ជាមួយ EU ជំនួសឱ្យ​សមាជិក​ពេញសិទ្ធិ។ ទួកគី បាន​ទាត់ចោល​ការផ្តល់ឱ្យ​នេះ។

អ្វី​ដែល​បានបង្ក​ឱ្យមាន​ការពន្យាពេល​ដែរនោះ គឺជា​ការចាប់ផ្តើម​នូវ​ជំពូក​ទាំងឡាយ ដែល​គ្រប់​បេក្ខជន​របស់ EU ត្រូវតែ​អនុវត្តតាម។ ជំពូក​ទាំងនេះ​ទាក់ទង​ទៅនឹង​អ្វីៗគ្រប់យ៉ាង ចាប់តាំងពី​បរិស្ថាន​ទៅ​បញ្ហា​សិទ្ធិមនុស្ស ដើម្បីឱ្យស៊ីគ្នា​ទៅនឹង​ស្តង់ដា​របស់ EU។

ចាប់តាំង​ពី​ការចរចារ​បាន​ចាប់ផ្តើម ទួកគី ដោះស្រាយបាន​តែ​ជំពូក​ចំនួន១៣​នៅក្នុង​ចំណោម​ជំពូកឬផ្នែក​ចំនួន​៣៥ ដែល​ប្រទេស​ជាបេក្ខជន​របស់ EU ទាំងអស់ ត្រូវតែ​ធ្វើការចរចារ​មុនពេល​ក្លាយជា​សមាជិក។ មិនមាន​ជំពូក​ណាមួយ​ត្រូវបាន​បើក​សម្រាប់​រយៈពេល​ពីរឆ្នាំ​ទេ។ ជំពូក​ចំនួន១៨​ត្រូវបាន​បង្កក ដែល​ជំពូក​ចំនួន៨​ត្រូវបាន​បង្កក​ដោយ EU ពីព្រោះ​ ទួកគី បដិសេធ​មិនអនុញ្ញាត​ឱ្យ​កប៉ាល់​របស់ ប្រទេស ស៊ីបរុស ប្រើប្រាស់​កំពង់ផែ​របស់ ទួកគី។ ប្រទេស​បារាំង​បានប្រើប្រាស់​សិទ្ធិ​វេតូ​របស់​ខ្លួន ទៅលើ​ជំពូក​ចំនួន៥​បន្ថែម​ទៀត។

អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ សូលី អូហ្សែល (Soli Ozel) នៃ​សារព័ត៌មាន ទួកគី ហាប័រទួក (Haberturk) និយាយ​ថា ទីក្រុង អង់ការ៉ា នឹង​សម្លឹងមើល​ទៅ​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​បារាំង ដើម្បី​ជំរុញដំណើរការ​របស់ EU៕

XS
SM
MD
LG