ជាលើកទីមួយហើយដែលប្រទេសកំពុងអភិវឌ្ឍនានា បានស្នើឱ្យប្រទេសចិនសងការខាតបង់និងខូចខាតផ្នែកអាកាសធាតុ។ ប៉ុន្តែប្រទេសចិនបានបដិសេធ។
នៅក្នុងសន្និសីទស្តីអំពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP27 ក្នុងប្រទេសអេហ្ស៊ីប បណ្តាប្រទេសជាដែនកោះតូចៗនិយាយថា ប្រទេសចិននិងឥណ្ឌាជាប្រទេសដែលបញ្ចេញផ្សែងពុលច្រើន ហើយពួកគេគួរតែប៉ះប៉ូវសងការខាតបង់និងខូចខាតដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុដល់ប្រទេសក្រីក្រនានា។ ជាច្រើនឆ្នាំមកហើយ ប្រទេសកំពុងអភិវឌ្ឍនានាបានអំពាវនាវឱ្យប្រទេសដែលមានសេដ្ឋកិច្ចប្រសើរជាង ធ្វើតាមការសន្យាដើម្បីប៉ះប៉ូវសងដល់ប្រទេសក្រីក្រនូវការខូចខាតដែលបង្កដោយការប្រែប្រួលអាកាសធាតុដោយសារមនុស្ស។
ការសន្យានោះគឺត្រូវផ្តល់ថវិកាចំនួន១០០ពាន់លានដុល្លារក្នុងមួយឆ្នាំទៅឱ្យបណ្តាប្រទេសកំពុងអភិវឌ្ឍនានាដែលបានសម្របខ្លួននិងកាត់បន្ថយសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់អាកាសធាតុ។ បច្ចុប្បន្ននេះ របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ចំនួននោះគួរតែឡើងដល់២ក្បៀស៤លានលានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដោយដកប្រទេសចិនចេញ។
ប្រទេសចិនត្រូវបានចាត់ថ្នាក់ជាប្រទេសកំពុងអភិវឌ្ឍមួយ ទោះបីជាប្រទេសនេះ ជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរក្នុងពិភពលោកក៏ដោយ។
ជំហររបស់ទីក្រុងប៉េកាំងលើជំនួយថវិកាផ្នែកអាកាសធាតុមិនផ្លាស់ប្តូរទេ។ ប្រតិភូចិននៅតែប្តេជ្ញាថា នឹងសាមគ្គីជាមួយនឹងប្រទេសកំពុងអភិវឌ្ឍនានាដើម្បីឱ្យប្រទេសដែលមានសេដ្ឋកិច្ចប្រសើរៗធ្វើតាមការសន្យារបស់ពួកគេ។
បើនិយាយពីការទទួលខុសត្រូវផ្នែកអាកាសធាតុ សហរដ្ឋអាមេរិកនិងបណ្តាប្រទេសនៅសហភាពអឺរ៉ុបបញ្ចូលគ្នា បានបញ្ចេញឧស្ម័នជិតពាក់កណ្តាលនៃការបញ្ចេញកាបូនចាប់តាំងពីការចាប់ផ្តើមបដិវត្តន៍ឧស្សាហកម្ម។ ប៉ុន្តែឥឡូវនេះប្រទេសចិនត្រូវបានគេឱ្យទទួលខុសត្រូវដែរ។
លោកScott Moore ដែលជានាយកកម្មវិធីចិននិងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តនៅសាកលវិទ្យាល័យ Pennsylvania ដែលលោកមានជំនាញផ្នែកនិរន្តភាពបរិស្ថាននិងទំនាក់ទំនងអន្តរជាតិ បានពិភាក្សាអំពីការផ្លាស់ប្តូរនៃការយល់ឃើញលើប្រទេសចិននៅក្នុងអំឡុងពេលសន្និសីទ COP 27។ លោក Moore បាននិយាយថា៖
«ការបញ្ចេញឧស្ម័នរបស់ចិនដែលបានកើនឡើងក្នុងរយៈពេលតែ២០ទៅ២៥ឆ្នាំប៉ុណ្ណោះ មានភាពធំធេងខ្លាំងដែលសឹងតែអាចនិយាយបានថាប្រទេសចិនពិតជាមានការទទួលខុសត្រូវចំពោះចំណែកដ៏ច្រើននៃការបញ្ចេញឧស្ម័ន»។
ដើម្បីឆ្លើយតបនឹងការស្នើរបស់បណ្តាប្រទេសជាកោះនានា ប្រទេសចិនបាននិយាយថា ខ្លួនគាំទ្រយន្តការសងការខាតបង់និងការខូចខាត ប៉ុន្តែខ្លួននឹងមិនចូលរួមចំណែកសងទេ។
លោកMoore បាននិយាយថា បើសិនប្រទេសចិនប្តេជ្ញាក្នុងការប៉ះប៉ូវការខូចខាតនោះ ប្រទេសចិននឹងប្រឈមនឹងការដាក់សម្ពាធឱ្យធ្វើសកម្មភាព។ លោក Moore បាននិយាយទៀតថា៖
«រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីបង្ហាញថាខ្លួនជាមេដឹកនាំសកលមួយលើបញ្ហាប្រែប្រួលអាកាសធាតុ វានឹងពិបាកខ្លាំងសម្រាប់ប្រទេសចិនក្នុងការត្រឡប់ទៅការប្តេជ្ញានោះដោយមិនប៉ះពាល់ដល់រូបភាពដែលខ្លួនព្យាយាមបណ្តុះយ៉ាងខ្លាំង»។
ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានក្លាយជាប្រទេសម្ចាស់ជំនួយមួយ។ ក្នុងឆ្នាំ២០១៥ ចិនបានបង្កើតមូលនិធិអាកាសធាតុកិច្ចសហប្រតិបត្តិការរវាងខាងត្បូងនិងខាងត្បូង ដែលបានផ្តល់ថវិកាច្រើនជាង៣ពាន់លានដុល្លារដើម្បីជួយប្រទេសកំពុងអភិវឌ្ឍឱ្យសម្របខ្លួននិងកាត់បន្ថយផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ។ រដ្ឋាភិបាលក្រុងប៉េកាំងបានបន្ថែម១ពាន់លានដុល្លារទៀតកាលពីដើមឆ្នាំនេះ។
អ្នកស្រី Gørild Merethe Heggelund សាស្ត្រាចារ្យស្រាវជ្រាវនៃវិទ្យាស្ថានFridtjof Nansen ក្នុងទីក្រុង Oslo ដែលផ្តោតលើគោលនយោបាយការប្រែប្រួលអាកាសធាតុនៃប្រទេសចិនបាននិយាយក្នុងកិច្ចសម្ភាសមួយថា ប្រទេសចិនបានដឹងអំពីការទទួលខុសត្រូវរបស់ខ្លួន។ អ្នកស្រីនិយាយថា៖
«ចិនចង់ធ្វើជាប្រទេសដែលមានការទទួលខុសត្រូវមួយ ហើយឃើញថា ខ្លួនមានការទទួលខុសត្រូវខ្លះៗដើម្បីជួយប្រទេសក្រីក្រដ៏ទៃទៀត។ ប្រទេសចិនកំពុងអភិវឌ្ឍតួនាទីខ្លួនទៅកាន់គោលដៅបែបនោះ»។
ទោះយ៉ាងណាអ្នកស្រីព្រមានថា នៅពេលដែលចិនកំពុងប្រឈមនឹងរលកកម្តៅធ្ងន់ធ្ងរមួយនិងគ្រោះរាំងស្ងួតនារដូវក្តៅក្នុងឆ្នាំនេះ ប្រទេសចិននឹងផ្តោតលើការសម្របខ្លួននិងការបន្ធូរបន្ថយក្នុងស្រុកច្រើនជាង។ អ្នកស្រីបន្តថា៖
«ឆ្នាំនេះយើងមានទឹកជំនន់ និងគ្រោះរាំងស្ងួតដែលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។ ឧទាហរណ៍ក្នុងប្រទេសចិន ការស្រកចុះជាប្រវត្តិសាស្ត្រមួយនូវកម្រិតទឹកទន្លេ Yangtze មានផលប៉ះពាល់ធ្ងន់ធ្ងរលើកម្រិតទឹកក្នុងខេត្ត Sichuan ដែលបានប៉ះពាល់ខ្លាំងលើផលិតផលវារីអគ្គិសនីដែលជាលទ្ធផលត្រូវបានកាត់បន្ថយ៥០%»។
អ្នកជំនាញនិយាយថា ប្រទេសចិនត្រូវបានគេរំពឹងថានឹងប្រឈមនឹងសម្ពាធបន្ថែមទៀតទាំងពីប្រទេសអភិវឌ្ឍនិងកំពុងអភិវឌ្ឍក្នុងការចរចាអំពីបញ្ហាអាកាសធាតុនាពេលអនាគត៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ