ប្រទេសថៃនិងចិន មានបំណងបង្កើនការធ្វើពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំ ឲ្យដល់១០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០១៥។ ក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការរយៈពេលបីថ្ងៃ របស់លោកស្រីនាយករដ្ឋមន្រ្តីថៃ យ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រា(Yingluck Shinawatra) ទៅកាន់ទីក្រុងប៉េកាំង ប្រទេសទាំងពីរ បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកហរិញ្ញវត្ថុ ទេសចរណ៍ កសិកម្ម និងគមនាគមន៍។
ប្រទេសទាំងពីរ ក៏បានពិភាក្សាអំពីគម្រោងជាច្រើន ដោយរាប់បញ្ចូលទាំងបណ្តាញផ្លូវរថភ្លើងល្បឿនលឿន តាមការគ្រោងទុក ដែលតភ្ជាប់ប្រទេសចិនភាគខាងត្បូង ទៅកាន់ប្រទេសឡាវ(Laos) ថៃ(Thailand) ម៉ាឡេស៊ី(Malaysia) និងសឹង្ហបុរី(Singapore)។
លោក ថីទីនាន ផនសូទហីរ៉ាក់(Thitinan Ponsudhirak) អ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាជូឡាឡុងកន(Chulalongkorn University) មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រី យ៉ីងឡាក់ បានពង្រឹងតួនាទីដ៏មានសារសំខាន់ក្នុងទំនាក់ទំនងរបស់ប្រទេសចិន នៅតំបន់អាស៊ីអាគ្នេយ៍។
លោក ថីទីនាន ថ្លែងថា ដំណើរទស្សនកិច្ចនេះ ក៏កសាងចំណងមិត្តភាព ដែលបានបង្កើតឡើងនៅក្នុងអណត្តិរបស់បងប្រុសលោកស្រី យ៉ីងឡាក់ គឺអតីតមេដឹកនាំ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា(Thaksin Shinawatra)។ លោក ថាក់ស៊ីន ត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០០៦ ពីបទពុករលួយ។
«ប្រទេសចិនមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសភូមា(Myanmar) ឡាវ(Laos) កម្ពុជា(Cambodia) និងក្នុងកម្រិតតិចជាងនេះ នៅក្នុងប្រទេសវៀតណាម(Vietnam) ប៉ុន្តែ ថៃគឺជាប្រទេសសំខាន់មួយ។ កាលពីទសវត្សរ៍មុន ប្រទេសនេះ បានពឹងផ្អែកទៅលើចិន ពិសេសបន្ទាប់ពីរដ្ឋប្រហារដោយក្រុមកងទ័ព និងការប្រេះឆានៅក្នុងប្រទេសថៃ។ ប៉ុន្តែ ទាំងថាក់ស៊ីន និងសត្រូវរបស់លោកសុទ្ធតែពឹងផ្អែកលើចិនដូចគ្នា។»
អ្នកជំនួញថៃមួយចំនួន បានចូលរួមជាមួយនាយករដ្ឋមន្ត្រី ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ។ ក្រុមប្រឹក្សាវិយោគទុនរបស់ថៃ បានប្រកាសថា ក្រុមហ៊ុនចំនួនប្រាំនៅក្នុងវិស័យគ្រឿងយន្ត ម៉ាស៊ីន គ្រឿងទេសម្ហូបអាហារ និងអចលនាទ្រព្យកំពុងពិចារណាការវិនិយោគ ក្នុងតម្លៃជាង២ពាន់លានដុល្លានៅប្រទេសថៃ។ តាមរយៈកិច្ចព្រមព្រៀងជាដៃគូជាមួយក្រុមហ៊ុនចិន ពាណិជ្ជកម្មថៃ កំពុងស្វែងរកការវិនិយោគរហូតដល់២.៤ពាន់លានដុល្លា។
លោក ថីទីនាន បាននិយាយថា តួនាទីរបស់ប្រទេសចិននៅក្នុងតំបន់ ត្រូវបានគួសបញ្ជាក់តាមរយៈតួនាទីដ៏សំខាន់របស់ខ្លួន ក្នុងនាមជាអ្នកជំរុញឲ្យមានកំណើនសេដ្ឋកិច្ចរបស់តំបន់។
«ប្រទេសចិន កំពុងក្លាយជាកម្លាំងជំរុញដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីខាងកើត។ ដូច្នេះ ប្រទេសនេះ មិនគ្រាន់តែជាទិដ្ឋភាពយុទ្ធសាស្រ្តនយោបាយជានិមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង វិស័យជំនួញយ៉ាងសំខាន់និងផលប្រយោជន៍វិនិយោគផងដែរ។»
ថៃគឺជាប្រទេសដំបូងគេបង្អស់នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌសហប្រតិបត្តការរយៈពេលវែង ជាមួយប្រទេសចិន កាលពីមួយទសវត្សរ៍មុន។
លោក ខាល ថាយើ (Carl Thayer) អ្នកវិភាគនយោបាយនៃសាកលវិទ្យាល័យញូវ សៅវេល (University of New South Wales) នៃប្រទេសអូស្ត្រាលី បានថ្លែងថា ការជំរុញឲ្យក្លាយជាដៃគូសហប្រតិបត្តិការផ្នែកយុទ្ធសាស្ត្រដ៏គ្រប់ជ្រុងជ្រោយ អាចពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
«ការផ្តល់ជូនឋានៈបែបនេះ បានបង្កើតឋានានុក្រមមួយ ហើយយ៉ាងហោចណាស់ អាចឲ្យយើងដឹងអំពីទស្សនរបស់ប្រទេសចិនចំពោះប្រទេសថៃ។ អាស្រ័យហេតុនេះហើយ ចំណុចសំខាន់នោះគឺថាគ្មានការលំបាកខ្លាំងណាស់ណាទេ ទាក់ទងនឹងបញ្ហាដែលត្រូវពឹងផ្អែកលើប្រទេសចិននោះ»។
ក្រៅពីកំណើនខាងទំនាក់ទំនងសេដ្ឋកិច្ច ប្រទេសទាំងពីរ បានព្រមព្រៀងបង្កើនការត្រួតពិនិត្យរួមគ្នា នៅតាមបណ្តោយព្រំដែនប្រទេសចិន ថៃ ឡាវ និងភូមា ដែលស្ថិតនៅតាមដងទន្លេមេគង្គ។
កាលពីខែតុលា ឆ្នាំមុន ក្រុមនាវិកចំនួន១៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយ នៅតាមដងទន្លេមេគង្គ ដែលត្រូវបានបន្ទោសទៅលើក្រុមអន្ធពាលរត់ពន្ធគ្រឿងញៀន។ ការបង្ហូរឈាមនេះ បាននំាឲ្យជាប់គាំងបណ្តោះអាសន្នសម្រាប់ជំនួញនៅតាមទន្លេនេះ ដែលភាគច្រើនបានវិលទៅរកកម្រិតដូចធ្លាប់បានឃើញមុនពេលមានការសម្លាប់នេះ៕
ប្រែសម្រួលដោយ សៀក អេង