រដ្ឋាភិបាលចិនបានបញ្ជាក់ថា ការលើកឡើងរបស់អង្គការអូតង់ (NATO) ដែលថា ប្រទេសចិនបង្កនូវ «បញ្ហាប្រឈមនៅក្នុងប្រព័ន្ធ» ចំពោះសហគមន៍អន្តរជាតិ គឺជាការនិយាយបំផ្លើស។
ស្ថានបេសកកម្មចិនប្រចាំសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមរបស់បណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអង្គការអូតង់កាលពីថ្ងៃចន្ទ។
បណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអង្គការអូតង់ បានប្ដេជ្ញានៅក្នុងសេចក្តីថ្លែងការណ៍រួមនោះថា នឹងរួបរួមកម្លាំងគ្នាប្រឆាំងនឹងឥរិយាបថយោធាកាន់តែគឃ្លើនរបស់ចិនដែលបានគំរាមកំហែងដល់ «ប្រព័ន្ធរៀបរយអន្តរជាតិដែលផ្អែកលើច្បាប់»។
ស្ថានបេសកកម្មរបស់ប្រទេសចិននេះបានបញ្ជាក់ថា ការចោទប្រកាន់របស់អង្គការអូតង់ គឺជា«ការនិយាយបង្ខូចដល់ការរីកចម្រើនដោយសន្តិវិធីរបស់ប្រទេសចិន ការវិនិច្ឆ័យខុសលើស្ថានការណ៍អន្តរជាតិនិងតួនាទីរបស់ខ្លួន និងការបន្តនូវគោលគំនិតសង្គ្រាមត្រជាក់ និងចិត្តសាស្ត្រនយោបាយដែលមានការរៀបចំទុក»។
សេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មចិននេះ គឺជាសេចក្ដីថ្លែងការណ៍លើកទីពីរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលរដ្ឋាភិបាលចិនបានតបតចំពោះការរិះគន់របស់សម្ព័ន្ធភាពអន្តរជាតិនៅបស្ចិមប្រទេស។
ស្ថានទូតចិននៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយចោទប្រកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G-7 ថា បានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីក្រុមប្រទេស G-7 បានចេញសេចក្តីថ្លែងការណ៍រួមរិះគន់ថា ចិនបានរំលោភបំពានសិទ្ធិមនុស្សលើជាតិសាសន៍ភាគតិចអ៊ុយហ្គ័រ (Uyghur) កាន់សាសនាឥស្លាម នៅក្នុងតំបន់ Xinjiang៕