អង្គការសម្ព័ន្ធភាពនៃប្រទេសប្រជាធិបតេយ្យ (Alliance of Democracies) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងកូប៉ិនហាក (Copenhagen) ប្រទេសដាណឺម៉ាក ត្រូវបានទីក្រុងប៉េកាំងដាក់ទណ្ឌកម្មក្នុងឆ្នាំនេះ ប៉ុន្តែការណ៍នេះនៅមិនអាចបញ្ឈប់អង្គការនេះពីការបន្តបេសកកម្មដែលខ្លួនបានអះអាងថា នឹងដើរតួជា«ឧបករណ៍បំពងសំឡេងឱ្យលទ្ធិប្រជាធិបតេយ្យ» មួយនោះឡើយ។
អង្គការនោះដែលដឹកនាំដោយ អតីតអគ្គលេខាធិការអង្គការអូតង់ លោក Anders Fogh Rasmussen បានបញ្ចប់កិច្ចប្រជុំកំពូលអំពីលទ្ធិប្រជាធិបតេយ្យមួយកាលពីពេលថ្មីៗនេះ ហើយបានអំពាវនាវឲ្យប្រជាជាតិកាន់លទ្ធិប្រជាធិតេយ្យទាំងអស់បង្កើតការការពារបែបសមូហភាពលើដែនសេដ្ឋកិច្ចនៅពេលដែលពាណិជ្ជកម្មកំពុងត្រូវបានទីក្រុងប៉េកាំងយកធ្វើជាអាវុធខ្លាំងឡើងៗ។
លោក Rasmussen បានប្រាប់វីអូអេនៅក្នុងការសម្ភាសន៍ជាលាយលក្ខណ៍អក្សរថា សន្តិសុខសាកលលោកបន្តទាមទារឱ្យមានសមត្ថភាពអំណាចរឹង «ប៉ុន្តែបច្ចុប្បន្នសន្តិសុខក៏[ទាមទារឱ្យមាន]សមត្ថភាពអំណាចទន់ផងដែរ ដូចជាអ៊ិនធឺណិត សន្តិសុខថាមពល សន្តិសុខខ្សែសង្វាក់ផ្គត់ផ្គង់ ភាពធន់នឹងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងច្រើនផ្សេងទៀត។ តាមគំនិតខ្ញុំ យើងបានឃើញថាសេរីភាពរបស់យើងត្រូវបានប្រើជាអាវុធកាន់តែច្រើនទៅៗ»។
លោក Rasmussen បានបង្ហាញការបារម្ភ ដោយកត់សម្គាល់ថា៖ «វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានសម្រួលការជជែកពិភាក្សាក្នុងសង្គមប្រជាធិបតេយ្យ ត្រូវបានប្រើជាឧបករណ៍ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតដោយគណនីក្លែងក្លាយ bots រុស្ស៊ី។ [ដោយឡែក] សេដ្ឋកិច្ចបើកចំហរបស់ពួកយើងបានធ្វើឲ្យយើងងាយរងគ្រោះនឹងយុទ្ធសាស្ត្រវិនិយោគរបស់ចិនដែលត្រូវបានប្រើប្រាស់ដើម្បីបម្រើយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចពីចិន»។
លោកបន្តថា៖ «បើសិនជាសម្ពាធខាងសេដ្ឋកិច្ចត្រូវបានប្រើជាអាវុធ នោះពិភពលោកសេរីត្រូវតែស្វែងរកវិធីដើម្បីប្រឆាំងនឹងវាវិញ»។
លោក Rasmussen បានបម្រើការនៅអង្គការអូតង់ជាអគ្គលេខាធិការតាំងពីឆ្នាំ២០០៩រហូតដល់២០១៤ ហើយពីមុននោះលោកធ្លាប់ជានាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាកពីរអាណត្តិ។ លោកបានពន្យល់ពីហេតុផលពីក្រោយការបង្កើតអង្គការសម្ព័ន្ធភាពនៃប្រទេសប្រជាធិបតេយ្យកាលពីឆ្នាំ២០១៧ថា «រួបរួមគ្នាយើងឈរមាំ បាក់បែកគ្នាយើងបរាជ័យ»។ ក្នុងស្មារតីនេះ អង្គការរបស់លោកកំពុងជំរុញបុគ្គលឬរដ្ឋាភិបាលដែលមានទឹកចិត្តដូចគ្នាចុះហត្ថលេខាលើកតិកាសញ្ញា Copenhagen Charter។
កតិកាសញ្ញាអំពាវនាវឲ្យប្រជាជាតិដែលកាន់លទ្ធិប្រជាធិបតេយ្យរួមគ្នាជាសម្ព័ន្ធមួយនិងអនុម័ត«មាត្រាសេដ្ឋកិច្ចទី៥» មួយស្រដៀងនឹងបញ្ញត្តិក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថាអូតង់ ដែលជារឿយៗត្រូវបានគេបានសង្ខេបន័យថា «ការវាយប្រហារលើសមាជិកម្នាក់គឺជាការវាយប្រហារលើសមាជិកទាំងអស់» ដូច្នេះយើងអំពាវនាវឲ្យមានការឆ្លើយតបពីគ្រប់សមាជិក។
លោក Rasmussen លើកពីករណីវិធានការដាក់ទណ្ឌកម្មរបស់ចិនប្រឆាំងនឹងអូស្ត្រាលីដែលមិនព្រមចុះញ៉មនឹងការទាមទាររបស់ទីក្រុងប៉េកាំង មកពិភាក្សា ខណៈដែលលោកបន្ថែមថា៖ «ប្រទេសប្រជាធិបតេយ្យផ្សេងជាច្រើនទៀតត្រូវបានគំរាមកំហែងជាមួយនឹងការប៉ះពាល់សេដ្ឋកិច្ចដោយសារប្រទេសចិននៅពេលដែលពួកគេប្រកាន់ជំហរឹងមាំចំពោះគុណតម្លៃរបស់ពួកគេ។» លោកបានអំពាវនាវឲ្យប្រជាជាតិសំឡឹងមើលលើសពីផលប្រយោជន៍បន្ទាន់ហើយយកជំហមូលដ្ឋានមួយគឺ «ផលប្រយោជន៍រយៈពេលខ្លីនឹងនាំយើងឲ្យមានភាពស្ងៀមស្ងាត់ហើយពាក់ព័ន្ធជាមួយនឹងការរំលោភបំពានសិទ្ធិមនុស្សនានា។ នោះជាអ្វីដែលចិនចង់បាន ប៉ុន្តែយើងត្រូវតែរក្សាស័្វយភាពរបស់យើង»។
កាលពីថ្ងៃទី១៣ ខែឧសភា ក្នុងទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានអះអាងជូនរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Marise Payne ថា៖ «សហរដ្ឋអាមេរិកនឹងមិនទុកឲ្យអូស្ត្រាលីនៅម្នាក់ឯងលើវាលទេ ឬប្រហែលខ្ញុំគួរតែនិយាយថា ម្នាក់ឯងលើទីលានប្រកួត នៅក្នុងការប្រឈមនឹងសម្ពាធសេដ្ឋកិច្ចពីប្រទេសចិន»។
ថាតើសហរដ្ឋអាមេរិកនឹងការពារសម្ព័ន្ធមិត្តយូរឆ្នាំរបស់ខ្លួនក្នុងការប្រយុទ្ធជាមួយទីក្រុងប៉េកាំងដោយវិធីណាឬកម្រិតណានោះ មិនត្រូវបានបញ្ជាក់ភ្លាមៗនោះទេ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ