ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកអគ្គរដ្ឋទូត​អាមេរិក​​ប្រចាំនៅ​ចិន​ថា​ ការ​ដាក់​ក្រុមហ៊ុន​អាមេរិក​​ជា​គោលដៅ​ក្នុង​ការ​ត្រួតពិនិត្យ​​​របស់​ចិន​​ មាន​លក្ខណៈ​នយោបាយ


រូបឯកសារ៖ អេក្រង់ទូរសព្ទមួយបង្ហាញផ្លាក Micron ត្រូវបានថត កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣។
រូបឯកសារ៖ អេក្រង់ទូរសព្ទមួយបង្ហាញផ្លាក Micron ត្រូវបានថត កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣។

សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ការ​ប្រឆាំង​តបត​វិញ​ទៅ​នឹង​ប្រទេស​ចិន​ ដែល​បាន​ដាក់​ក្រុម​ហ៊ុន​អាមេរិកាំង​ធ្វើ​ជា​គោលដៅ​ត្រួតពិនិត្យរបស់​ខ្លួន​ដែល​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​យល់​ថា​ ជា​ហេតុផល​នយោបាយ​និង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ នេះ​បើ​តាមឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅប្រទេស​ចិន​ លោក Nicholas Burns ដែល​បាន​និយាយ​ដូចនេះ​ កាល​ពី​ថ្ងៃ​ទី ​៧​ ខែ​មិថុនា ហើយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។

ក្រុមហ៊ុន​អាមេរិកជា​ច្រើនបាន​ប្រឈម​នឹង​ការ​ត្រួត​ពិនិត្យ​កាន់តែខ្លាំងឡើងៗ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ក្នុង​នោះ​ក៏​រួម​មាន​ផង​ដែរ​ ក្រុមហ៊ុន​បច្ចេកវិទ្យា Micron Technology Inc ផលិត​បន្ទះ memory ​របស់​សហរដ្ឋអាមេរិក ដែល​និយ័តករ​បណ្តាញ Internetរបស់​ចិន​ និយាយ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ​ថា​ នឹង​ត្រូវ​ហាមឃាត់ មិន​ឱ្យ​លក់​ផលិតផលរបស់​ខ្លួន​ទៅ​ឱ្យ​ប្រតិបត្តិករនៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នោះ​ឡើយ។

ក្រុម​ហ៊ុន​ជំនួញ​ជា​ច្រើនបាន​ព្រមាន​ពី​ការ​កើន​ឡើង​នៃ​ការប្រើប្រាស់​របស់​ចិន​ ស្តី​ពី​ការ​ហាម​ឃាត់មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស ការ​គាបសង្កត់​ដល់​ក្រុម​ហ៊ុន​បរទេស​ត្រឹមត្រូវ​ជា​ច្រើន​ ​និងភាសា​មិន​ច្បាស់ លាស់​នៅក្នុង​ច្បាប់​ប្រឆាំង​ចារកម្មថ្មី​របស់​ខ្លួន​ ដែលបាន​រារាំងការផ្ទេរ​ឬ​បញ្ជូន​ព័ត៌មាន​នានា​ទាក់ទង​នឹង​សន្តិសុខជាតិ​ និង​ភាព​ទូលំ​ទូលាយ​នៃ​ការឱ្យ​និយមន័យ​ទៅ​លើការ​ធ្វើ​ចារកម្ម​ជាដើម។

លោក​ឯកអគ្គរដ្ឋទូត Burns បាន​និយាយ​ថា ​ក្រុម​ហ៊ុន​អាមេរិក​ចំនួន ៥ ត្រូវ​បាន​កំណត់​ជា​គោលដៅដោយ​អាជ្ញាធរ​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ដែល​ក្នុង​នោះ​រួម​មាន​ក្រុម​ហ៊ុន Micron ក្រុម​ហ៊ុន Deloitte ក្រុម​ហ៊ុន consultancies Bain & Company ក្រុមហ៊ុន Capvision និង​ក្រុមហ៊ុន Mintz Group ។

រូបឯកសារ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅចិន លោក Nicholas Burns ថ្លែងនៅក្នុងវេទិកាមួយស្តីអំពី «អង្គការសហប្រជាជាតិនិងពិភពលោក» ក្នុងវេទិកាសន្តិភាពពិភពលោក នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅចិន លោក Nicholas Burns ថ្លែងនៅក្នុងវេទិកាមួយស្តីអំពី «អង្គការសហប្រជាជាតិនិងពិភពលោក» ក្នុងវេទិកាសន្តិភាពពិភពលោក នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២។

លោក Burns បានថ្លែងនៅក្នុង​វេទិកា​សម្ព័ន្ធ​ភាព​ថ្នាក់​ដឹកនាំ​សាកល​អាមេរិក​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ តាម​រយៈ​ប្រព័ន្ធវីដេអូ​ពី​រដ្ឋធានី​ប៉េកាំង​ប្រទេសចិនថា៖ «រឿងនេះ​មិន​បាន​កើត​ឡើងលើ​ក្រុមហ៊ុន​នៃ​ប្រទេស​ផ្សេង​នោះ​ទេ​ ប៉ុន្តែកើត​ឡើង​តែ​ចំពោះ​ក្រុមហ៊ុន​អាមេរិក​ប៉ុណ្ណោះ។​

លោក​បាន​បន្ថែម​ទៀត​ថា៖ «រឿង​នេះ​មើល​ទៅមាន​ហេតុផល​នយោបាយ។ វា​មើល​ទៅ​ទំនង​ដូចជា​ការ​សងសឹក​ពី​គម្រោង​ផែន​ការ​របស់​ចិន​ ហើយនេះ​ជា​រឿង​ខុស​ឆ្គង។ ច្បាស់​ណាស់​ យើង​នឹង​តវ៉ា​ហើយប្រឆាំង​តបតវិញ​ជុំវិញរឿង​នេះ»។

មេដឹកនាំ​ចិន ​លោកXi Jinping ធ្លាប់បាន​បញ្ជាក់​ពី​បញ្ហា​សន្តិសុខ​ជាតិ ចាប់​តាំង​ពី​លោកចូលកាន់​តំណែងជា​ប្រធានាធិបតី​ចិន​ក្នុង​ឆ្នាំ​ ២០១២​ មក ដោយដាក់​ការមន្ទិល​សង្ស័យកាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្តរបស់​អាមេរិក ក៏ប៉ុន្តែ​រឿង​នេះ​វា​បាន​ដើរ​ផ្ទុយ​នឹង​សារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ថា​ ខ្លួន​កំពុង​បើកចំហរដល់​ការ​ធ្វើ​វិនិយោគ​ពីបរទេស។

ក្រុម​មន្ត្រី​ចិន​ជា​ច្រើនបានត្អូញត្អែថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ក្រុម​ហ៊ុនចិន​រាប់រយ​ នៅ​ក្រោម​ទណ្ឌកម្ម​និង​បញ្ជី​ការ​ហាមឃាត់​នាំទំនិញ​ចេញ​របស់​អាមេរិក​ក្នុងពេល​កន្លង​ទៅ៕

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណរិទ្ធ

XS
SM
MD
LG