កាលពីថ្ងៃអង្គារ ប្រទេសចិនបានប្តឹងសហរដ្ឋអាមេរិកនៅអង្គការពាណិជ្ជកម្មពិភពលោកដោយចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា ផ្តល់ប្រាក់ឧបត្ថម្ភ«ដោយមានការរើសអើង»ដល់យានយន្តអគ្គិសនីខ្លះ។
ការផ្តល់ប្រាក់ឧបត្ថម្ភទាំងនេះ ដែលចាប់ផ្តើមនៅឆ្នាំនេះតាមរយៈច្បាប់កាត់បន្ថយអតិផរណានឹងធ្វើឱ្យពលរដ្ឋអាមេរិកាំងដែលទិញរថយន្ត មិនមានសិទ្ធិទទួលការសម្រាលពន្ធពី ៣.៧០០ដុល្លារ ទៅ ៧.៥០០ដុល្លារ ប្រសិនបើផ្នែកផ្សំធុងអាគុយខ្លះត្រូវបានផលិតដោយប្រទេសចិន រុស្ស៊ី កូរ៉េខាងជើងឬប្រទេសអ៊ីរ៉ង់។
បេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការពាណិជ្ជកម្មពិភពលោកបាននិយាយថា គោលនយោបាយទាំងនេះ«ស្ថិតនៅក្រោមការបន្លំថាជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» ប៉ុន្តែ«តាមការពិតមានការទាក់ទិននឹងការទិញនិងការប្រើទំនិញមកពីសហរដ្ឋអាមេរិក ឬត្រូវដឹកជញ្ជូនចូលពីតំបន់ពិសេសណាមួយ»។
បើតាមអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិន រដ្ឋាភិបាលក្រុងប៉េកាំងបានសុំដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឱ្យ«កែតម្រូវជាបន្ទាន់នូវគោលនយោបាយឧស្សាហកម្មមានការរើសអើងនិងថែរក្សាស្ថិរភាពនៃឧស្សាហកម្មសាកលនិងសង្វាក់ផ្គត់ផ្គង់សម្រាប់យានយន្តប្រើថាមពលថ្មី»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមអ៊ីនធឺណិតក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ការរឹតត្បិតខាងផ្តល់ប្រាក់ជំនួយបន្ថែមផាត់ចោលផលិតកម្មចិន តែក៏នាំឱ្យមានផលអវិជ្ជមានដល់ខ្សែចង្វាក់ផ្គត់ផ្គង់សាកលនិងការប្រកួតប្រជែងដោយយុត្តិធម៌ក្នុងផ្សាររថយន្តអគ្គិសនីផងដែរ។
ការតវ៉ានេះរបស់ចិនមានឡើងក្រោយជម្លោះរវាងអាមេរិកនិងចិនកាលពីពេលថ្មីៗនេះ រួមមានជម្លោះអំពីពន្ធគយនិងសេចក្តីព្រាងច្បាប់មួយរបស់សហរដ្ឋអាមេរិក ដើម្បីដកហូតកម្មវិធីបណ្តាញសង្គម TikTok មានប្រជាប្រិយភាពពីក្រុមហ៊ុនចិនធំរបស់ផងខ្លួនដោយសារមានកង្វល់ខាងសន្តិសុខជាតិ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters The Associated Press និង Agence France-Presse។
វេទិកាបញ្ចេញមតិ