ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

បណ្ដាញ​កំពង់ផែ​ដឹក​ជញ្ជូន​របស់​ចិន​នៅ​លើ​សាកលលោក​បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ចិន


រូប​ឯកសារ៖ កុងតឺណ័រ​របស់​ក្រុមហ៊ុន​ចិន China Shipping Company និង​ក្រុមហ៊ុន​ផ្សេង​ទៀត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុង Portsmouth រដ្ឋ Virginia សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩។

ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​មួយ​ផ្នែក​ពាណិជ្ជកម្ម​សាកលលោក ប្រទេស​ចិន​មាន​កំពង់ផែ​ដឹក​ជញ្ជូន​ទំនិញ​នៅ​ក្នុង​ប្រទេស​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់។ ប្រទេស​ចិន​ក៏​បាន​ធ្វើ​ការ​វិនិយោគ​សំខាន់ៗ​លើ​កំពង់ផែ​ចំនួន​ប្រហែល ១០០ កន្លែង​ទៀត នៅ​ក្នុង​ប្រទេស​យ៉ាង​តិច ៦០ ផងដែរ។ ក៏​ប៉ុន្តែ​ចំនួន​នេះ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ដោយសារ​តែ​រដ្ឋាភិបាល​ចិន​មាន​បំណង​ចង់​វិនិយោគ​លើ​កំពង់ផែ​បន្ថែម​ទៀត។

កាល​ពី​ដើម​ខែ​កញ្ញា ប្រតិបត្តិការ​នានា​នៅ​ឯ​កំពង់​ផែ Haifa ក្នុង​ប្រទេស​អ៊ីស្រាអែល ដែល​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​ធំ​ជាង​គេ​បង្អស់​មួយ​នៅ​សមុទ្រ​មេឌីទែរ៉ាណេ ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​កំពង់ផែ​អន្តរជាតិ​សៀងហៃ (Shanghai International Port Group) ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​របស់​ប្រទេស​ចិន ដើម្បី​គ្រប់គ្រង​រយៈពេល ២៥ ឆ្នាំ។

ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​សមុទ្រ​ដ៏​ធំ​មហិមា​មួយ​ទៀត​របស់​ចិន​ឈ្មោះ COSCO Shipping មាន​គម្រោង​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ទ្វីប​អឺរ៉ុប តាមរយៈ​ការ​ទិញ​ភាគហ៊ុន​នៅ​កំពង់ផែ​នៃ​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់។ ការ​ចរចា​នានា​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ដំណើរការ​យ៉ាង​រលូន ហើយ​កិច្ច​ព្រមព្រៀង​មួយ​ត្រូវ​គេ​រំពឹង​ថា​នឹង​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ប្រសិនបើ​ការ​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន COSCO នេះ​ទទួល​បាន​ជោគជ័យ នោះ​វា​នឹង​ក្លាយជា​ការ​វិនិយោគ​លើ​កំពង់ផែ​ទី ៨ របស់​ក្រុមហ៊ុន​នេះ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។

កាលពី​ពេល​មុន ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មួយ​នេះ​បាន​ទិញ​យក​កំពង់ផែ Piraeus នៅ​ប្រទេស​ក្រិក។ កំពង់ផែ​នេះ​គឺ​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ទំនិញ​សំខាន់​បំផុត​មួយ​នៅ​លើ​ពិភពលោក ដែល​ស្ថិត​នៅ​ចំណុច​ប្រសព្វ​នៃ​ទ្វីប​អឺរ៉ុប អាស៊ី និង​អាហ្វ្រិក។

ក្រុមហ៊ុន COSCO បាន​ទិញ​ភាគហ៊ុន​ចំនួន ៥១% របស់​ក្រុមហ៊ុន​ដែល​ធ្វើ​ប្រតិបត្តិការ​កំពង់ផែ​នេះ កាលពី​ឆ្នាំ ២០១៦។ បន្ទាប់ពី​តុលាការ​ប្រទេស​ក្រិក​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​កាលពី​ពេល​ថ្មីៗ​នេះ ឥឡូវ​នេះ ក្រុមហ៊ុន COSCO អាច​ទិញ​ភាគហ៊ុន​បន្ថែម​របស់​កំពង់ផែ​នេះ​រហូត​ដល់ ៦៧%។

រដ្ឋាភិបាល​ចិន​ពុំ​មាន​ទម្រង់​ផ្លូវការ​ណា​មួយ​ដែល​បង្ហាញ​ដោយ​សង្ខេប​អំពី​ទិន្នន័យ​ទូទៅ​ស្ដីពី​គម្រោង​វិនិយោគ​របស់​ចិន​លើ​កំពង់ផែ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ប៉ុន្តែ​ព័ត៌មាន​ដែល​អាច​រក​បាន​ជា​សាធារណៈ​បាន​បង្ហាញ​ថា បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​វិនិយោគ​លើ​កំពង់ផែ​យ៉ាង​តិច​ចំនួន ១០០ កន្លែង នៅ​ក្នុង​ប្រទេស​ចំនួន ៦៣។

បើ​យោង​តាម​ទិន្នន័យ​ដែល​ចុះផ្សាយ​នៅ​លើ​វិបសាយ​ផ្លូវការ​របស់​ក្រុមហ៊ុន COSCO គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០២១ នេះ ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ប្រតិបត្តិការ​និង​គ្រប់គ្រង​ចំណត​ចំនួន ៣៥៧ នៅ​កំពង់ផែ​ចំនួន ៣៦ នៅ​ជុំវិញ​ពិភពលោក។ គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ​លើ​កំពង់ផែ​គឺ​មាន​ចាប់ពី​តំបន់​អាស៊ីអាគ្នេយ៍​រហូត​ទៅ​ដល់​តំបន់​មជ្ឈិម​បូព៌ា ទ្វីប​អឺរ៉ុប និង​តំបន់​សមុទ្រ​មេឌីទែរ៉ាណេ។

បន្ថែម​ពី​លើ​នេះ​ទៀត ក្រុមហ៊ុន China Merchants Group ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​និង​ប្រតិបត្តិការ​កំពង់ផែ​ដ៏​ធំ​មួយ​ទៀត​នៅ​ប្រទេស​ចិន បាន​បញ្ជាក់​នៅ​លើ​វិបសាយ​របស់​ខ្លួន​ថា ខ្លួន​បាន​បញ្ចប់ «ការ​ទិញ​យក​ភាគហ៊ុន​កំពង់ផែ​មាន​គុណភាព​ខ្ពស់​ចំនួន ៨ នៅ​ក្នុង​ទ្វីប​អឺរ៉ុប តំបន់​មជ្ឈិម​បូព៌ា និង​តំបន់​សមុទ្រ​ការ៉ាអ៊ីប ត្រឹមតែ​រយៈពេល​មួយ​ឆ្នាំ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​មុន ដែល​ការ​ទិញ​នេះ​បាន​ពង្រីក​ចំនួន​កំពង់ផែ​របស់​ក្រុមហ៊ុន​នេះ​រហូត​ដល់​ចំនួន ៦៨ នៅ​ក្នុង​ប្រទេស​ចំនួន ២៧»។

ការ​ពង្រីក​បណ្តាញ​កំពុងផែរបាន​នាំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ពេល​នេះ​មាន​ការ​វិនិយោគ​នៅ​ក្នុង​កំពុង​ផែ​ជាង​១០០​នៅ​៦៣​ប្រទេស។
ការ​ពង្រីក​បណ្តាញ​កំពុងផែរបាន​នាំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ពេល​នេះ​មាន​ការ​វិនិយោគ​នៅ​ក្នុង​កំពុង​ផែ​ជាង​១០០​នៅ​៦៣​ប្រទេស។

នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​ដែល​បាន​ចុះផ្សាយ​នៅ​លើ​សារព័ត៌មាន Daily Mail លោក Liam Fox ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​និង​ជា​អតីត​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ចក្រភព​អង់គ្លេស និង​លោក Robert McFarlane ដែលជា​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក បាន​កត់​សម្គាល់​ថា បច្ចុប្បន្ន​នេះ ប្រទេស​ចិន​គ្រប់គ្រង​កំពង់ផែ​ចំនួន ៩៦ នៅ​លើ​ពិភពលោក។ កំពង់ផែ​មួយ​ចំនួន​ក្នុង​ចំណោម​កំពង់ផែ​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ទីតាំង​សំខាន់ៗ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ផ្លូវ​សមុទ្រ ដែល​ករណី​នេះ «បាន​ផ្ដល់​ឲ្យ​រដ្ឋាភិបាល​ចិន​នូវ​ឥទ្ធិពល​មាន​ប្រៀប​ផ្នែក​យុទ្ធសាស្ត្រ ដោយ​មិន​ចាំបាច់​ដាក់​ពង្រាយ​ទាហាន ឬ​នាវា ឬ​សព្វាវុធ​ណា​មួយ​នោះ​ឡើយ»។

កាលពី​ឆ្នាំ ២០១៣ ប្រទេស​ចិន​បាន​នាំ​មុខ​សហរដ្ឋ​អាមេរិក​ជា​លើក​ដំបូង​ដោយ​បាន​ក្លាយជា​ប្រទេស​ធ្វើ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ នៅ​ឆ្នាំ​ដដែល​នោះ​ដែរ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ដាក់​ស្នើ​នូវ​គ្រោងការណ៍​យុទ្ធសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា «ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី ២១ (21st Century Maritime Silk Road (MSR)» ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន។

ច្រក​ផ្លូវ​ពាណិជ្ជកម្ម​ជាក់លាក់​នៃ​គម្រោង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី ២១ នេះ ត​ភ្ជាប់​ប្រទេស​ចិន​ទៅ​តំបន់​អាស៊ី​អាគ្នេយ៍ ទ្វីប​អាហ្វ្រិក និង​ទ្វីប​អឺរ៉ុប​តាម​ផ្លូវ​សមុទ្រ។ ក្រុមហ៊ុន​ចិន​នានា​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺជា​ម្ចាស់​នៃ​កំពង់ផែ​សំខាន់ៗ​ទាំងអស់​ដែល​ស្ថិត​នៅ​លើ​បណ្ដាញ​ផ្លូវ​សូត្រ​សមុទ្រ​នេះ។

លោក​បណ្ឌិត Sam Beatson នៃ​សាកល​វិទ្យាល័យ King's College London បាន​និយាយ​ថា វា​ជា​រឿង​សម​ហេតុ​សម​ផល​សម្រាប់​ប្រទេស​ចិន​នៅ​ក្នុង​ការ​ចូល​ពាក់ព័ន្ធ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទិញ​កំពង់ផែ​ទាំង​នេះ ដោយសារតែ​ចិន​មាន​កុងតឺន័រ​ទំនិញ​កាន់តែ​ច្រើន​ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​ទិសដៅ។

លោក​បាន​ប្រាប់ VOA ដូច្នេះ​ថា៖ «កំពង់ផែ ក៏​ដូចជា​ការ​ដឹក​ជញ្ជូន និង​វិស័យ​ពាណិជ្ជកម្ម​តាម​ផ្លូវ​សមុទ្រ​របស់​ប្រទេស​ចិន គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ផ្នែក ដោយសារតែ​វា​មាន​ទំហំ​ធំធេង​និង​មាន​តួនាទី​ជា​សាកល»។

ផ្លូវ​នាវាចរណ៍​សមុទ្រ​សំខាន់ៗ​របស់​ចិន​តាម​បណ្តា​ប្រទេស​នៃ«ផ្លូវ​សូត្រ​សមុទ្រ»​ថ្មី។
ផ្លូវ​នាវាចរណ៍​សមុទ្រ​សំខាន់ៗ​របស់​ចិន​តាម​បណ្តា​ប្រទេស​នៃ«ផ្លូវ​សូត្រ​សមុទ្រ»​ថ្មី។

ប្រទេស​ដែល​អនុវត្ត​ទ្រឹស្ដី​របស់​លោក Mahan ខ្លាំង​ជាង​គេ

កាល​ពី​ជាង​មួយ​សតវត្សរ៍​មុន លោក​វរនាវី​ឯក Alfred Thayer Mahan ដែល​ជា​អ្នក​និពន្ធ​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នា​សម័យ​នោះ បាន​ចាត់ទុក​កំពង់ផែ​សមុទ្រ​ថា​ជា​សសរ​ស្ដម្ភ​មួយ​ក្នុង​ចំណោម​សសរ​ស្ដម្ភ​ទាំង ៣ នៃ​អំណាច​ដែន​សមុទ្រ។

អត្ថបទ​របស់​លោក​បាន​លើក​ហេតុ​ផល​ថា ការ​គ្រប់គ្រង​សមុទ្រ​របស់​ចក្រភព​អង់គ្លេស​មាន​សារៈ​សំខាន់​ខ្លាំង​សម្រាប់​ការ​ងើប​ឡើង​របស់​ប្រទេស​នេះ​ក្លាយជា​មហា​អំណាច​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​លើ​សាកលលោក។ ទស្សនៈ​របស់​លោក​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អ្នក​ធ្វើ​គោល​នយោបាយ​អាមេរិកាំង។

លោក James R. Holmes ដែល​ជា​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ដែន​សមុទ្រ​នៃ​មហា​វិទ្យាល័យ Naval War College នៅ​សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOA ថា៖ «ចាប់​តាំងពី​សម័យ​សង្គ្រាម​ត្រជាក់​មក ប្រទេស​ចិន​បាន​ប្រកាន់​យក​ផ្នត់​គំនិត​របស់​លោក Mahan ទាំង​ស្រុង។ យើង​អាច​និយាយ​បាន​ថា លោក Mahan មាន​ប្រជាប្រិយភាព​នៅ​ប្រទេស​ចិន​ច្រើន​ជាង​នៅ​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ប្រទេស​ចិន​បាន​ចុះផ្សាយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ថា ចាប់​តាំងពី​ឆ្នាំ ២០១៣ មក ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​កំពង់ផែ​មួយ​ស្ទើរតែ​រាល់​ឆ្នាំ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កំពង់ផែ Piraeus កាលពី​ឆ្នាំ ២០១៩ ផងដែរ។

កំពង់ផែ Piraeus នេះ​តភ្ជាប់​គម្រោង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី ២១ និង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម និង​ជា​គម្រោង​ដែល​លោក Xi Jinping បាន​ជំរុញ​ជា​ច្រើន​លើក​ច្រើន​សារ​ជាមួយ​ថ្នាក់​ដឹកនាំ​ប្រទេស​ក្រិក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន។

អ្នក​ជំនាញ​នានា​ផ្នែក​ប្រទេស​ចិន​ជឿ​ថា ការ​បង្កើត​កំពង់ផែ​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​ភូមិសាស្ត្រ​សំខាន់​ផ្នែក​យុទ្ធសាស្ត្រ រួម​មាន​ទាំង​ប្រទេស​ដែល​ស្ថិត​នៅ​ជិត​ច្រក​ឆ្លងកាត់​តាម​ផ្លូវ​សមុទ្រ​ផងដែរ គឺ​ជា​ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​សាកល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Craig Singleton អ្នក​ជំនាញ​អំពី​ប្រទេស​ចិន​នៃ​អង្គការ​មូលនិធិ​សម្រាប់​ការ​ការពារ​ប្រជាធិបតេយ្យ (Foundation for Defense of Democracies) បាន​ប្រាប់ VOA ថា៖ «ការ​ត​ភ្ជាប់​កំពង់ផែ​ទាំង​នេះ​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​បញ្ចូល​ឥទ្ធិពល​នយោបាយ​មិន​ត្រឹមតែ​ទៅ​លើ​ប្រទេស​ដែល​ជា​ទីតាំង​របស់​កំពង់ផែ​ទាំង​នេះ​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ទៅ​លើ​ប្រទេស​ដែល​ស្ថិត​នៅ​ជុំវិញ​នោះ​ផងដែរ ដែល​រឿង​បែប​នេះ​ធ្លាប់​កើតឡើង​ជា​ច្រើន​ករណី​រួច​មក​ហើយ»។

លោក James R. Holmes ដែល​ជា​អតីត​មន្ត្រី​យោធា​ជើង​ទឹក​សហរដ្ឋ​អាមេរិក បាន​កត់​សម្គាល់​ឃើញ​ថា វិបុលភាព​គឺ​ជា​អាទិភាព​កំពូល​សម្រាប់​គ្រប់​រដ្ឋាភិបាល​ទាំងអស់។ ការ​វិនិយោគ​របស់​ចិន​លើ​កំពង់ផែ​មាន​ន័យ​ថា ប្រទេស​នេះ​អាច​យក​មួយ​ផ្នែក​ធំ​នៃ​វិបុលភាព​នៃ​ប្រទេស​ណា​មួយ​ជា​ចំណាប់​ខ្មាំង ដោយ​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​នោះ​ប្រកាន់​យក​ជំហរ​នយោបាយ​ដែល​ស្រប​ទៅ​តាម​គោល​នយោបាយ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន។

លោក​ថ្លែង​ដូច្នេះ​ថា៖ «កំពង់ផែ​សមុទ្រ​គឺ​ជា​កត្តា​ជំរុញ​យ៉ាង​សំខាន់​សម្រាប់​ការ​ប្រឹងប្រែង​របស់​ចិន​ដើម្បី​ជះ​ឥទ្ធិពល​ផ្នែក​ពាណិជ្ជកម្ម ការទូត និង​យោធា»។

លោក Sam Beatson នៃ​សាកល​វិទ្យាល័យ King's College London ដែល​បង្រៀន​អំពី​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​ទាក់ទិន​នឹង​ប្រទេស​ចិន បាន​គូស​បញ្ចាក់​ថា ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​ទាំង​អស់ «ទាំង​រដ្ឋាភិបាល​និង​ទាំង​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ហាក់ដូចជា​មិន​ចង់​រារាំង​ក្រុមហ៊ុន​ចិន​រឿង​គ្រប់គ្រង​កំពង់ផែ​របស់​ពួកគេ​នោះ​ទេ។ ខ្ញុំ​បាន​គូស​បញ្ជាក់​ពី​បញ្ហា​នេះ​ម្ដង​រួច​មក​ហើយ​កាលពី​ឆ្នាំ ២០១៧ នៅ​ពេល​ដែល​ខ្ញុំ​បាន​បង្ហាញ​អំពី​តួនាទី​របស់​ក្រុមហ៊ុន China Merchant Group នៅ​ក្នុង​ការ​គ្រប់គ្រង​កំពង់ផែ Houston និង​កំពង់ផែ Miami តាមរយៈ​ការ​ចូលរួម​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន Terminal Links របស់​ប្រទេស​បារាំង»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាន់កាប់ឬ​មាន​ចំណែក​វិនិយោគ​សំខាន់​នៅ​ក្នុងកំពង់ផែ​ដែល​មមាញឹក​បំផុត​ទាំង​១៥​របស់​ពិភពលោក។
រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាន់កាប់ឬ​មាន​ចំណែក​វិនិយោគ​សំខាន់​នៅ​ក្នុងកំពង់ផែ​ដែល​មមាញឹក​បំផុត​ទាំង​១៥​របស់​ពិភពលោក។

ដោយសារតែ​កំពង់ផែ​ពាណិជ្ជកម្ម​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​គោល​បំណង​យោធា អ្នក​វិភាគ​នានា​មាន​ការ​ព្រួយ​បារម្ភ​ជា​យូរ​មក​ហើយ​អំពី​ផល​ប៉ះពាល់​ផ្នែក​សន្តិសុខ​នៃ​កំពង់ផែ​ទាំង​ឡាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

មូលដ្ឋាន​យោធា​នៅ​ក្រៅ​ប្រទេស​ដំបូង​បង្អស់​របស់​ប្រទេស​ចិន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឯ​កំពង់ផែ​នៃ ប្រទេស​ជីប៊ូទី ដែល​ស្ថិត​នៅ​ច្រក​ចូល​ទៅកាន់​សមុទ្រ​ក្រហម​និង​ព្រែកជីក​ស៊ុយអេ។

លោក Craig Singleton បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យោធា​នីយកម្ម​របស់​ចិន​លើ​គម្រោង​កំពង់ផែ​របស់​ខ្លួន​នៅ​ប្រទេស​ជីប៊ូទី​គឺ​ជា​ការ​ព្រមាន​ឲ្យ​ឃើញ​មួយ​អំពី​ផល​ប្រយោជន៍​របស់ចិន​ផ្នែក​កំពង់ផែ​នៅ​ក្នុង​ប្រទេស​ដទៃ ដូចជា​ប្រទេស​តង់សានី អេមីរ៉ាតអារ៉ាប់រួម ប៉ាគីស្ថាន និង​មីយ៉ាន់ម៉ា​ជាដើម ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត»។

បញ្ហា​ជា​ក្ដី​កង្វល់​ធំ​ជាង​គេ​បង្អស់​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​ការ​គ្រប់គ្រង់​កាន់កាប់​របស់​ប្រទេស​ចិន​លើ​កំពង់ផែ Haifa។ កំពង់ផែ​នេះ​គឺ​ជា​កន្លែង​សម្រាប់​ចត​កង​នាវា​ទី ៦ នៃ​យោធា​ជើង​ទឹក​សហរដ្ឋ​អាមេរិក។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ក្ដី​បារម្ភ​ថា កំពង់ផែ​នេះ​អាច​ផ្ដល់​ឱកាស​ឲ្យ​ចិន​ធ្វើ​ការ​ស៊ើប​យក​ការណ៍​បាន។

លោក​បណ្ឌិត Eyal Pinko អតីត​មន្ត្រី​ស៊ើបការណ៍​អ៊ីស្រាអែល​បាន​លើកឡើង​ថា កំពង់ផែ​នេះ​អាច​ត្រូវ​បាន​ប្រើ​យ៉ាង​ងាយស្រួល​សម្រាប់​ការ​ស៊ើបការណ៍​លើ​យោធា​ជើង​ទឹក។

លោក​បាន​បញ្ជាក់​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ VOA យ៉ាង​ដូច្នេះ​ថា៖ «អ្នក​អាច​តាមដាន​រក​ទីតាំង​របស់​នាវា​និង​សារ​គមនាគមន៍​នានា​បាន។ នៅ​ពេល​ដែល​អ្នក​គ្រប់គ្រង​និង​ធ្វើ​ប្រតិបត្តិការ​លើ​កំពង់ផែ​នោះ កិច្ចការ​ស៊ើបការណ៍​ទាំង​នេះ​គឺ​ងាយស្រួល​នឹង​ធ្វើ​ណាស់។ អ្នក​អាច​ធ្វើ​អ្វីៗ​ដែល​អ្នក​ចង់​ធ្វើ​បាន ដោយសារតែ​អ្នក​គឺជា​ម្ចាស់​កម្មសិទ្ធិ​នៅ​ទីនោះ»៕

ប្រែ​សម្រួល​ដោយ​លោក នៀម ឆេង

XS
SM
MD
LG