ប្រទេសចិនបានដឹកនាំគណៈប្រតិភូដ៏ធំមួយទៅចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះនៅទីក្រុង Davos នៃប្រទេសស្វីសដើម្បីព្យាយាមបញ្ចុះបញ្ចូលពិភពលោកថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកនៅតែបើកចំហសម្រាប់អាជីវកម្ម និងជាកន្លែងដែលអាចទុកចិត្តបានក្នុងការវិនិយោគ។ ក៏ប៉ុន្តែ អ្នកវិភាគនិយាយថា សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី Li Qiang កាលពីថ្ងៃទី១៦ ខែមករានោះ គឺខ្លីហើយនឹងមិនមានការអធិប្បាយក្បោះក្បាយលើចំណុចជាក់លាក់ដែលអ្នកវិនិយោគចង់ឮនោះទេ។
លោក Li បានដឹកនាំគណៈប្រតិភូចំនួន១៤០ នាក់ទៅចូលរួមកិច្ចប្រជុំនៃមេដឹកនាំនយោបាយ និងធុរកិច្ចពិភពលោករយៈពេល ៥ ថ្ងៃនៅក្នុងសប្តាហ៍ទី៣នៃខែមករាកន្លងទៅនេះ។ យោងតាមគេហទំព័រព័ត៌មាននយោបាយ Politico ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រទេសចិនបាននាំយករដ្ឋមន្ត្រីចំនួន១០នាក់ ដែលពាក់ព័ន្ធនឹងកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសចិនទៅចូលរួមកិច្ចប្រជុំនោះ។ លោក Li គឺជាមេដឹកនាំកម្រិតខ្ពស់បំផុតរបស់ចិនដែលបានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ ចាប់តាំងពីឆ្នាំ ២០១៧មក ដែលការនេះឆ្លុះបញ្ចាំងពីសារៈសំខាន់ដែលទីក្រុងប៉េកាំងយកចិត្តទុកដាក់ចំពោះកិច្ចប្រជុំនេះ។
អ្នកស្រី Anna Ashton នាយិកាកិច្ចការសាជីវកម្មចិន និងរវាងសហរដ្ឋអាមេរិកនិងចិន នៅក្រុមហ៊ុន Eurasia Group ដែលជាក្រុមហ៊ុនផ្តល់ការពិគ្រោះយោបល់អំពីហានិភ័យនយោបាយសកលដែលមានមូលដ្ឋាននៅទីក្រុង New York បានប្រាប់វីអូអេតាមអ៊ីមែលថា ការយកចិត្តទុកដាក់របស់ចិនចំពោះកិច្ចប្រជុំនេះ«គូសបញ្ជាក់»អំពី២ចំណុចសំខាន់គឺ ទីមួយ ទីក្រុងប៉េកាំងបន្តចាប់អារម្មណ៍ក្នុងការបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយពិភពលោកនិងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងទីពីរ គឺទីក្រុងប៉េកាំងផ្តល់ភាពសំខាន់ទៅលើការស្តារទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិរបស់ខ្លួនឡើងវិញ។
នៅក្នុងសុន្ទរកថារបស់លោក លោក Li បានធានាដល់អ្នកវិនិយោគ និងអ្នកនយោបាយថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកនេះ មាន «សក្តានុពលយ៉ាងខ្លាំង» ហើយនៅតែជា«ក្បាលម៉ាស៊ីនដ៏សំខាន់» នៃការរីកលូតលាស់នៅក្នុងពិភពលោក បើទោះបីជាប្រទេសនេះមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរកាលពីឆ្នាំមុនក៏ដោយ។
សេដ្ឋកិច្ចរបស់ប្រទេសចិននៅតែមានការលំបាករើបឡើងវិញក្រោយពីការរាតត្បាតនៃជំងឺកូវីដ១៩ ដោយប្រទេសនេះជួបប្រទះបញ្ហាទីផ្សារអចលនទ្រព្យ ភាពអត់ការងារធ្វើរបស់យុវជនមានអត្រាខ្ពស់ និងការធ្លាក់ចុះនៃការនាំទំនិញចេញកាលពីឆ្នាំមុន ដែលនោះគឺជាការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦មក។
នៅក្នុងត្រីមាសទីបីនៃឆ្នាំមុន ប្រទេសចិនមានឱនភាពវិនិយោគផ្ទាល់ពីបរទេសប្រចាំត្រីមាសជាលើកដំបូងរបស់ខ្លួនចំនួន ១១,៨ ពាន់លានដុល្លារ ដែលនោះជាលើកដំបូងដែលបានកើតឡើងចាប់តាំងពីឆ្នាំ១៩៩៨។ នោះមានន័យថា ការដកការវិនិយោគនិងការធ្លាក់ចុះអាជីវកម្មមានចំនួន ១១,៨ ពាន់លានដុល្លារ ច្រើនជាងការវិនិយោគថ្មីនេះបើយោងតាមសារព័ត៌មាន Bloomberg។
កំណើនផលិតផលក្នុងស្រុកសរុបផ្លូវការរបស់ប្រទេសចិនសម្រាប់ឆ្នាំ២០២៣ គឺ ៥,២% ដែលចំនួននេះបានបំពេញតាមគោលដៅរបស់ខ្លួនគឺប្រមាណ ៥% ក៏ប៉ុន្តែចំនួននោះគឺទាបជាងការរំពឹងទុករបស់អ្នកវិភាគ និងជាអត្រាកំណើនប្រចាំឆ្នាំទាបបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏កាលពីថ្ងៃទី១៦ ខែមករាកន្លងទៅនេះ លោក Li បាននិយាយថា និន្នាការវិជ្ជមានរយៈពេលយូរផ្នែកសេដ្ឋកិច្ចនឹងមិនផ្លាស់ប្តូរទេ ហើយប្រទេសចិននឹងបន្តរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ លោកក៏បានសន្យាដែរថា ប្រទេសចិននឹងបន្តប្តេជ្ញាចិត្តចំពោះគោលនយោបាយជាមូលដ្ឋានរបស់ខ្លួនក្នុងការបើកចំហឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក។
លោក Gary Hufbauer ជាសមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិបានប្រាប់វីអូអេថា សុន្ទរកថារបស់លោក Li ជាទូទៅមានភាពវិជ្ជមាន ហើយវាបង្ហាញថា លោកសង្ឃឹមថានឹងលុបបំបាត់ទស្សនៈអវិជ្ជមានរបស់អ្នកខាងក្រៅអំពីសេដ្ឋកិច្ចរបស់ប្រទេសចិន។
ក៏ប៉ុន្តែ លោក Hufbauer បានថ្លែងទៀតថា សុន្ទរកថារបស់លោក Li មិនបានរៀបរាប់អំពីវិធានការជាក់លាក់ណាមួយដែលរដ្ឋាភិបាលក្រុងប៉េកាំងនឹងចាត់វិធានការដើម្បីជាការទាក់ទាញក្រុមហ៊ុនលោកខាងលិចទេ ដែលការណ៍នេះមិនបានបន្ធូរបន្ថយកង្វល់របស់ពួកគេអំពីថាតើសេដ្ឋកិច្ចរបស់ចិនឆ្ពោះទៅផ្លូវណានោះ។
លោក Hufbauer បានថ្លែងបន្ថែមថា «ខ្ញុំគិតថា សហគមន៍ធុរកិច្ច ជាពិសេសក្រុមហ៊ុនដែលមានប្រតិបត្តិការធំៗនៅក្នុងប្រទេសចិននឹងមានអារម្មណ៍ថា «ត្រូវបង្ហាញឱ្យខ្ញុំឃើញ» ពីព្រោះចិនអាចប្រើបទប្បញ្ញត្តិ និងការរឹតបន្តឹងគ្រប់ប្រភេទ ដែលរារាំងដល់លទ្ធភាពធ្វើអាជីវកម្ម យកកម្មសិទ្ធិបញ្ញា ហើយបង្កើតបរិយាកាសដែលមិនមានភាពងាយស្រួលបាន»។
លោក Hufbauer បានបន្តថា «ដូច្នេះសុន្ទរកថានេះមិនមានអ្វីដែលខ្ញុំហៅថា «វិធានការជាក់ច្បាស់» ដែលអាចទាក់ទាញដល់សហគមន៍អាជីវកម្មនោះទេ។ ដូច្នេះពួកគេនឹងកាន់តែមានមន្ទិលសង្ស័យ»។
ក្រុមម្ចាស់ពាណិជ្ជកម្មមួយចំនួននិយាយថា ការឃ្លាតចាកឆ្ងាយពីការវិនិយោគនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិនកើតឡើងដោយសារតែការរឹតបន្តឹងលើការគ្រប់គ្រងផ្នែកនយោបាយ រួមទាំងការវាយឆ្មក់លើក្រុមហ៊ុន និងការហាមប្រាមមិនឱ្យនាយកប្រតិបត្តិបរទេសចាកចេញពីប្រទេសចិនជាដើម។
ការស្ទង់មតិកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយក្រុមប្រឹក្សាសន្និសីទដែលជាសមាជិកភាពអាជីវកម្មមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងជាក្រុមស្រាវជ្រាវបានបង្ហាញថា នាយកប្រតិបត្តិនៃក្រុមហ៊ុនពហុជាតិដែលមានប្រតិបត្តិការនៅក្នុងប្រទេសចិនកំពុងបាត់បង់ទំនុកចិត្តយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន។
ការស្ទង់មតិអំពីសន្ទស្សន៍ទំនុកចិត្តបានធ្លាក់ចុះដល់លេខ ៥៤ នៅលើមាត្រដ្ឋានពី០ ដល់១០០ ដែលលេខនេះ គឺធ្លាក់ចុះពីកម្រិតខ្ពស់បំផុតគឺលេខ៧២ កាលពីខែមេសា ឆ្នាំមុន។ ៤០%នៃនាយកប្រតិបត្តិដែលត្រូវបានស្ទង់មតិក៏រំពឹងដែរថា ការវិនិយោគនៅក្នុងប្រទេសចិននឹងថយចុះ ហើយដូចដែលមនុស្សជាច្រើនរំពឹងនោះ គឺថានឹងមានការបញ្ឈប់បុគ្គលិកក្នុងរយៈពេលប្រាំមួយខែខាងមុខ ដោយធៀបទៅនឹងឆមាសទីមួយនៃឆ្នាំមុន[ការបញ្ឈប់បុគ្គលិក] គឺមានត្រឹមតែ៩% ប៉ុណ្ណោះ។
សភាពាណិជ្ជកម្មជប៉ុនក្នុងប្រទេសចិនកាលពីថ្ងៃទី១៥ ខែមករា បានចេញផ្សាយតួលេខដែលបង្ហាញថា ៤៨% នៃក្រុមហ៊ុនដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេមិនបានវិនិយោគនៅក្នុងប្រទេសចិន ឬកាត់បន្ថយការវិនិយោគរបស់ពួកគេក្នុងឆ្នាំ២០២៣ទេ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា លោក Li បាននិយាយនៅក្នុងពិធីបរិភោគអាហារថ្ងៃត្រង់មួយបន្ទាប់ពីការថ្លែងសុន្ទរកថារបស់លោកកាលពីថ្ងៃទី១៦ ខែមករាថា «យើងនឹងចាត់វិធានការយ៉ាងសកម្មដើម្បីដោះស្រាយការព្រួយបារម្ភដ៏សមហេតុផលរបស់សហគមន៍អាជីវកម្មពិភពលោក»។
ក្នុងគ្រាដែលលោក Li កំពុងប្រាប់ពិភពលោកថា ទ្វាររបស់ចិននឹងបើកចំហកាន់តែទូលំទូលាយនោះ ប្រធានាធិបតីចិនលោក Xi Jinping បានផ្ញើសារផ្សេងដែលសង្កត់ធ្ងន់ទៅលើគោលការណ៍ចម្បងរបស់បក្សកុម្មុយនិស្តចិន។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី១៦ ខែមករា លោក Xi បានលើកឡើងជាថ្មីថា ប្រទេសចិនគួរតែជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមបែប«លក្ខណៈរបស់ចិន» ដែលខុសពីគំរូផ្នែកហិរញ្ញវត្ថុរបស់លោកខាងលិច ដោយប្រកាន់ខ្ជាប់នូវការដឹកនាំបែបមជ្ឈិម និងឯកភាពរបស់បក្សលើការងារសេដ្ឋកិច្ច។
អ្នកស្រី Anna Ashton នៃក្រុមហ៊ុន Eurasia Group បាននិយាយថា អាជីវកម្មរីកលូតលាស់អាស្រ័យទៅលើភាពអាចទស្សន៍ទាយជាមុនបាននិងស្ថេរភាព។
អ្នកស្រី Ashton និយាយថា «សារៈសំខាន់នៃពាក្យសម្តីរបស់ Li នឹងត្រូវបានវាយតម្លៃយ៉ាងល្អបំផុតតាមរយៈសកម្មភាពដូចការសន្យា»។ សកម្មភាពរបស់ប្រទេសចិនផ្ទាល់មាន ហើយនឹងបន្តជាកត្តាចូលទៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយដ៏ច្របូកច្របល់ដែលលោក Li បានរៀបរាប់នោះ។ អាទិភាពផ្សេងគ្នា ផលប្រយោជន៍ និងការប្តេជ្ញាចិត្តមិនអាចគ្រាន់តែត្រឹមជាការចង់បាននោះទេ ហើយការសហការគ្នាឱ្យមានប្រសិទ្ធភាពដើម្បីដោះស្រាយ គឺស្រួលនិយាយ ប៉ុន្តែពិបាកសម្រេចឱ្យបាន»។
នៅប៉ុន្មានថ្ងៃមុនកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុង Davos វេទិកាសេដ្ឋកិច្ចពិភពលោកបានចេញផ្សាយការស្ទង់មតិរបស់អ្នកសេដ្ឋកិច្ចដែលបានបង្ហាញថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគេរំពឹងលើសពីកំណើនសេដ្ឋកិច្ចមធ្យមនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំនេះទេ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់
វេទិកាបញ្ចេញមតិ