ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Caixin Global៖ ការនាំចេញ​ទំនិញ​របស់​ចិន​ទៅ​អាស៊ាន​ធ្លាក់ចុះ ​ខណៈ​កំណើន​សេដ្ឋកិច្ច​សកល​លោក​​ថយចុះ


រូបឯកសារ៖ រថយន្ដ​ដឹក​ទំនិញ​មួយ​គ្រឿង​កំពុង​បើកបរ​នៅ​កំពង់ផែ​មួយ​ក្នុង​ក្រុង Zhangjiagang ខេត្ត Jiangsu ដែល​ស្ថិត​នៅ​ប៉ែកខាង​កើត​ប្រទេស​ចិន ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៨។
រូបឯកសារ៖ រថយន្ដ​ដឹក​ទំនិញ​មួយ​គ្រឿង​កំពុង​បើកបរ​នៅ​កំពង់ផែ​មួយ​ក្នុង​ក្រុង Zhangjiagang ខេត្ត Jiangsu ដែល​ស្ថិត​នៅ​ប៉ែកខាង​កើត​ប្រទេស​ចិន ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៨។

ការ​នាំ​ចេញ​ទំនិញ​របស់​ចិន​ទៅកាន់​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល៣ខែ​ជាប់ៗគ្នា​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នៅពេល​ដែល​តម្រូវការ​ចុះខ្សោយ​មកពី​ពួក​ប្រទេស​អភិវឌ្ឍ​បានបង្អាក់​ការដឹក​ជញ្ជូន​ផលិត​ផល​ប្រើប្រាស់​ទៅកាន់​តំបន់​នោះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Caixin Global ដែល​រាយការណ៍​អំពី​ពាណិជ្ជកម្ម​ចិន ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

តម្លៃទំនិញ​សរុប​ដែល​ដឹក​ជញ្ជូន​ទៅកាន់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំបង្អស់​របស់​ចិន​បាន​ធ្លាក់​ចុះ២១,៤ភាគរយ​កាលពី​ខែ​កក្កដា​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូច​គ្នានេះ​កាលពី​ឆ្នាំទៅ ​បន្ទាប់ពីមាន​ការធ្លាក់​ចុះ១៦,៩​ភាគរយ​កាលពី​ខែ​មិថុនា​និង១៥,៩ភាគរយ​កាលពី​ឧសភា។ នេះ​បើ​តាម​ទិន្នន័យ​របស់​គយ​ ដែល​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Caixin Global។

នៅ​ក្នុង​ប្រទេស​ជប៉ុន​វិញ ទូរទស្សន៍​អាមេរិក CNBC បាន​រាយការណ៍​ថា ​ការនាំចេញ​របស់​ជប៉ុន​បាន​ធ្លាក់​ចុះ០,៣ភាគរយ​នៅ​ក្នុង​ខែ​កក្កដាចាប់តាំង​ពី​ដើម​ឆ្នាំ​មក​ ដែល​នេះ​ជាលើក​ទី១​ហើយ​ចាប់តាំង​ពី​ខែ​កុម្ភៈឆ្នាំ២០២១មក។

លោក Sayuri Shirai ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Keio នៅ​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក បាន​ប្រាប់​ទូរទស្សន៍ CNBC ថា​ ការនាំចេញ​ទំនិញ​តិច​ជាង​មុន​ពី​ប្រទេស​ជប៉ុន​ទៅកាន់​ចិន​និង​អាស៊ី​គឺ​ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ។

ការនាំ​ចូល​ទំនិញ​របស់​ជប៉ុន​បាន​ធ្លាក់​ចុះ១៣,៥ភាគរយ​កាលពី​ខែ​កក្កដា​ដែល​ជា​ការ​ធ្លាក់​ចុះ៤ខែ​ជាប់ៗគ្នា៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG