ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន និង​រុស្ស៊ី​នឹង​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ថ្ងៃ​ចន្ទ​ស្អែក


ផែនទីបង្ហាញពី​សមុទ្រចិនខាងត្បូង។ ចិន និង​រុស្ស៊ី​នឹង​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ថ្ងៃ​ចន្ទ​ស្អែក។
ផែនទីបង្ហាញពី​សមុទ្រចិនខាងត្បូង។ ចិន និង​រុស្ស៊ី​នឹង​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ថ្ងៃ​ចន្ទ​ស្អែក។

រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​រុស្ស៊ី នឹង​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​រយៈពេល ៨ ថ្ងៃ​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ស្ថិត​ចេញ​ពី​ឆ្នេរ​នៃ​ខេត្ត Guangdong នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​ជើង​ទឹក​ចិន។

ការ​ធ្វើ​សមយុទ្ធ​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង បន្ទាប់ពី​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ឡាអេ​កាត់​សេចក្ដី​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​ថា ប្រទេស​ចិន​គ្មាន​សិទ្ធិ​ផ្អែក​លើ​ប្រវត្តិសាស្ត្រ​ណា​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ និង​បាន​រិះគន់​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ចិន​នៅ​តំបន់​នោះ។ ប្រទេស​ចិន​បាន​បដិសេធ​នូវ​ការ​សម្រេច​នេះ និង​បាន​បដិសេធ​ចូលរួម​នៅ​ក្នុង​រឿង​ក្ដី​ដែល​ប្តឹង​ដោយ​ប្រទេស​ហ្វីលីពីន​នេះ។

ការ​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​រួម​គ្នា​ប្រចាំ​ឆ្នាំ ២០១៦ នេះ នឹង​មាន​បង្ហាញ​ពី​នាវា​ចម្បាំង នាវា​មុជ​ទឹក យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ​ដែល​ដឹក​តាម​កប៉ាល់ និង​ទាហាន​ម៉ារីន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​ជើង​ទឹក​ចិន​នៅ​ក្នុង​របាយការណ៍​មួយ​នា​ថ្ងៃ​អាទិត្យ​នេះ​នៅ​ក្នុង microblog ផ្លូវការ​របស់​ខ្លួន។

របាយការណ៍​នេះ​បាន​បន្ថែម​ថា ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​ប្រតិបត្តិការ​កិច្ច​ការពារ ជួយ​សង្គ្រោះ និង​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​នឹង​នាវា​មុជ​ទឹក ក៏​ដូចជា​ប្រតិបត្តិការ «ដណ្ដើម​យក​កោះ» និង​សកម្មភាព​ផ្សេងៗ​ទៀត។

កាល​ពី​ឆ្នាំ​ទៅ ប្រទេស​ចិន និង​រុស្ស៊ី​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​ក្នុង​សមុទ្រ​ជប៉ុន និង​សមុទ្រ​មេឌីទែរ៉ានេ។

ប្រទេស​ចិន និង​រុស្ស៊ី​ជា​សមាជិក​ដែល​មាន​សិទ្ធិ​វេតូ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ហើយ​ប្រទេស​ទាំង​ពីរ​នេះ​មាន​ទស្សនៈ​ស្រដៀង​គ្នា​ចំពោះ​បញ្ហា​សំខាន់ៗ​នៅ​ក្នុង​ពិភពលោក ដូចជា​បញ្ហា​ស៊ីរី​ជាដើម ដែល​ជា​រឿយ​ទស្សនៈ​ទាំង​នេះ​ផ្ទុយ​ពី​ទស្សនៈ​របស់​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​អឺរ៉ុប​ខាង​លិច៕

XS
SM
MD
LG