ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​នឹង​បើក​​ធ្វើ​សមយុទ្ធ​យោធា​​​​​​​​នៅ​ក្នុង​សមុទ្រ​ចិនខាងត្បូង


រូប​ឯកសារ៖ រូបថត​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ Xinhua របស់​រដ្ឋ​ចិន​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​បង្ហាញ​យន្តហោះ​ចម្បាំង​ចិន​ប្រភេទ J-15 រៀប​ចុះចត​លើ​នាវា​ដឹក​យន្តហោះ​ចម្បាំង​​ចិន​អំឡុង​ការ​ហាត់​មួយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ចិននឹង​ធ្វើ​សមយុទ្ធ​យោធាកងទ័ពជើង​ទឹក​របស់​ខ្លួន​នៅ​សមុទ្រ​ចិនខាងត្បូងនៅ​ថ្ងៃ​សៅរ៍ចុង​សប្តាហិ៍​នេះ។ នេះ​បើ​តាមការ​បញ្ជាក់​ពី​អាជ្ញាធរដែន​សមុទ្ររបស់​ចិន។ សមយុទ្ធ​កងទ័ព​ជើង​ទឹក​របស់​ចិន​នេះ​កើត​មាន​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់​ពីមហា​អំណាចប្រទេស​លោក​ខាង​លិច​បាន​រិះគន់​ចិន​ក្នុង​ការប៉ុនប៉ងបង្ហាញមហិច្ឆតា​យោធា​របស់​ខ្លួន​នៅទូទាំង​តំបន់​ប៉ាស៊ីហ្វិក​នោះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ការ​ធ្វើ​សមយុទ្ធ​បស់​ចិន​នេះដែល​មានគម្រោង​នឹងធ្វើ​នៅ​ក្នុងសមុទ្រ​ដែល​មាន​ចម្ងាយតិច​ជាង​២៥​គីឡូម៉ែត្រពី​ឆ្នេរ​របស់ខេត្ត Hainan​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​នោះ​កើត​មាន​ឡើង​ ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​បានធ្វើ​ការព្រមាន​ពីវត្តមានផ្នែក​សេដ្ឋកិច្ច​និង​យោធា​របស់​ចិន​ដែល​កំពុងតែ​រីក​ខ្លាំង​ឡើង​នៅក្នុង​តំបន់​ដែល​នៅ​ជិត​គ្នា​រវាងសមុទ្រ​ចិន​ខាង​ត្បូង​និងតំបន់​កោះប៉ាស៊ីហ្វិក។

ក្នុង​សេចក្តី​ថ្លែងការណ៍កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋបាល​សុវត្ថិភាពដែន​សមុទ្រ​របស់​ចិន​បាន​និយាយ​ថា៖ «សមយុទ្ធ​យោធា​នឹង​ត្រូវ​ធ្វើ​ហើយ​ការ​ចេញ​ចូល​តំបន់​នោះ​ត្រូវ​បាន​ហាម​ប្រាម»។ ទីភ្នាក់ងារ​រដ្ឋបាល​របស់​ចិន​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ទីតាំង​ដែល​មាន​ទំហំ​ប្រមាណ​១០០​គីឡូម៉ែត្រ​ក្រឡា​នឹង​ត្រូវ​បិទ​ដល់​ការ​ធ្វើចរាចរណ៍​តាម​ផ្លូវ​សមុទ្រ​ក្នុង​រយៈពេល​៥​ម៉ោង។

ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ជា​ប្រចាំ​នៅ​លើ​ផ្ទៃ​សមុទ្រក្បែរ​ឆ្នេររបស់​ខ្លួន​ ​ក៏​ដូច​ជា​សមយុទ្ធ​មួយ​ចំនួន​នៅតាម​បណ្តោយ​ឆ្នេរ​របស់​ខ្លួននៅ​ភាគ​ខាង​កើត​ប្រទេស​ផង​ដែរ។

ក៏ប៉ុន្តែការ​ធ្វើ​សមយុទ្ធ​យោធា​នៅ​ពេល​ថ្មីៗ​របស់​ចិន​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រឈម​នឹង​ការព្រមានជា​បន្តបន្ទាប់​ពី​សហរដ្ឋ​អាមេរិក​និង​សម្ពន្ធមិត្ត​ប្រទេស​លោក​ខាង​លិច​អំពីមហិច្ឆតានៃ​ការពង្រីក​កងកម្លាំង​នាវា​ជើង​ទឹក​របស់ខ្លួន​ ដែល​អ្នក​រិះគន់និយាយ​ថា ជា​ការប៉ុនប៉ងធ្វើ​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​របស់​ចិន​ដើម្បី​ឱ្យ​មាន​តុល្យភាព​អំណាច​ក្នុង​តំបន់។

រដ្ឋមន្ត្រី​ការបរទេសអាមេរិក​លោក Antony Blinken កាល​ពី​ថ្ងៃអង្គារកន្លង​ទៅ​ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា បាន​បង្កើន​ភាព​តានតឹងនៅ​ច្រកសមុទ្រតៃវ៉ាន់​ ដែល​ចិន​ចាត់​ទុក​ថា​ជាផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន៕

XS
SM
MD
LG