ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ចេញ​ការប្រកាស​ភាព​រាំងស្ងួត​ទូទាំង​ប្រទេស​និង​កំពុង​ជួយ​សង្គ្រោះ​ដំណាំ​នៅ​ក្នុង​រលក​កម្តៅ


គល់​ឈើ​ងាប់​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​លើ​បាត​ទន្លេ Jialing ដែល​ជា​ដៃទន្លេ Yangtze នៅ​ជិត​ទី​ក្រុង Chongqing ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២។
គល់​ឈើ​ងាប់​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​លើ​បាត​ទន្លេ Jialing ដែល​ជា​ដៃទន្លេ Yangtze នៅ​ជិត​ទី​ក្រុង Chongqing ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២។

ប្រទេស​ចិន​បាន​ចេញ​ការប្រកាស​ភាព​រាំងស្ងួត​ទូទាំង​ប្រទេស​ជាតិ​លើក​ទី១​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ​នៅ​ពេល​ដែល​ពួក​អាជ្ញាធរ​ប្រយុទ្ធ​ភ្លើង​ឆេះ​ព្រៃ​និង​ដាក់​ពង្រាយ​ក្រុម​ឯកទេស​ដើម្បី​ការពារ​ដំណាំ​ឱ្យ​គេច​ផុត​ពី​សីតុណ្ហភាព​ដ៏​បំផ្លិច​បំផ្លាញ​នៅ​ទូទាំង​តំបន់​ដី​សណ្ត​ទន្លេ Yangze។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានReuters។

ការប្រកាស​ភាព​អាសន្ន​ពណ៌​លឿង​ទូទាំង​ប្រទេស​ជាតិ​ដែល​បាន​ចេញ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​បាន​កើត​មាន​ឡើង​ក្រោយ​ពី​ខេត្ត Sichuan នៅ​ភាគ​និរតី​រហូត​ដល់​តំបន់​សៀងហៃ​នៅ​ក្នុង​តំបន់​ដី​សណ្តYangtze ​បាន​ជួបប្រទះ​កម្តៅ​ខ្លាំង​បំផុត​អស់​ជា​ច្រើន​សប្តាហ៍។ពួក​មន្ត្រីរដ្ឋាភិបាល​បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា ​ការប្រែប្រួល​អាកាសធាតុ​ទូទាំង​សាកលលោក​ជា​មូលហេតុ​នៃ​ការ​រាំង​ស្ងួត​នេះ។

ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ទន្លេ​ចំនួន​៦៦​នៅ​ក្នុង​សង្កាត់​ចំនួន​៣៤​នៅ​ក្នុង​តំបន់ Chongqing ភាគ​និរតី​បាន​រីងស្ងួត។

CCTV បាន​ដក​ស្រង់​ទិន្នន័យ​រដ្ឋាភិបាល​មូលដ្ឋាន​មក​ចុះផ្សាយ​ថា ការធ្លាក់​ភ្លៀង​នៅ​ក្នុង​តំបន់ Chongqing នៅ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​ចំនួន​៦០​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រដូវ​ធម្មតា ហើយ​ដី​នៅ​ក្នុង​ស្រុក​ជាច្រើន​បាន​ខ្វះ​ជាតិ​សើម​យ៉ាង​ខ្លាំង។

ការិយាល័យ​អាកាសធាតុ​របស់​ចិន​បាន​ឱ្យ​ដឹង​ថា ស្រុក Beibei ទីប្រជុំជន​តំបន់ Chongqing ភាគ​ខាង​ជើង​មាន​សីតុណ្ហភាព​ឡើង​ដល់​៤៥អង្សាសេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

តំបន់ Chongqing មាន​ទីកន្លែង​ក្តៅ​បំផុត​ចំនួន៦នៃ​ទីកន្លែង​ក្តៅ​បំផុត​ចំនួន១០​នៅ​ទូទាំង​ប្រទេស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយ​សីតុណ្ហភាព​នៅ​ក្នុង​ស្រុកBishan បាន​ឡើង​ទៅដល់​ជិត៣៩​អង្សាសេ​រួចហើយ។ ទីក្រុង​សៀងហៃ​មាន​សីតុណ្ហភាព​៣៧​អង្សាសេ៕

XS
SM
MD
LG