ទ្វីបអាហ្រ្វិកប្រហែលនឹងដើរចូលក្នុងស្ថានភាពមួយដែលក្រុមអ្នកសុទិដ្ឋិនិយមគិតថាជាយុគសម័យនៃការលើកកម្ពស់សន្តិភាព និងវិបុលភាពតាមរយៈការដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងទ្វីបទាំងមូល។
ប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងទ្វីបនេះ និងស្ថិតនៅតំបន់អាហ្វ្រិកខាងលិច បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីក្នុងទ្វីបអាហ្រ្វិកទាំងមូល នៅថ្ងៃទី៧ ខែកក្កដា ក្នុងកិច្ចប្រជុំកំពូលសហភាពអាហ្រ្វិកក្នុងប្រទេសនីហ្សេ។
ការវិវឌ្ឍបែបនេះ ធ្វើឱ្យប្រទេសអេរីត្រេ ជាប្រទេសតែមួយគត់ដែលមិនទាន់ចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។
ប្រសិនបើកិច្ចព្រមព្រៀងនេះទទួលជោគជ័យ ក្រុមអ្នកវិភាគព្យាករណ៍ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនឹងមានទំហំទឹកប្រាក់៣,៤ ពាន់លានដុល្លារ និងផ្តល់ការងារ និងការអភិវឌ្ឍនានាសម្រាប់ទ្វីបនេះ។
លោក Moussa Faki ប្រធានគណៈកម្មាធិការសហភាពអាហ្រ្វិក បាននិយាយថា៖ «ក្តីស្រមៃពីអតីតកាល កំពុងប្រែក្លាយជាការពិត បុព្វបុរសដែលបានផ្តួចផ្តើមក្តីស្រមៃនេះ ប្រាកដជាមានមោទនភាពជាមិនខាន»។
លោកប្រធានរូបនេះ និងលោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sis បាននិយាយថា៖ «ភាពជោគជ័យកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីក្នុងទ្វីបអាហ្រ្វិកទាំងមូល ដែលហៅកាត់ថា AfCFTA នឹងក្លាយជាលទ្ធផលជាក់ស្តែងនៃការសម្រេចបានកំណើនសេដ្ឋកិច្ច ហើយក៏នឹងប្រែក្លាយក្តីស្រមៃរបស់ប្រជាជនយើងដែលចង់បានសុខុមាលភាព និងគុណភាពជីវិតទៅការពិតជាក់ស្តែង»។
គេបានចំណាយពេល១៧ឆ្នាំឆ្លងកាត់ការចរចាដ៏ជូរចត់ និងតានតឹងទម្រាំបានដល់ដំណាក់កាលថ្ងៃទីប្រាំពីរកក្កដាដ៏សំខាន់នេះ។ ក្រុមអ្នកជំនាញនិយាយថា ធុរកិច្ចក្នុងតំបន់ និងការប្រមូលចូលគ្នាពាណិជ្ជកម្មជាក្រុម អាចនឹងបង្កើនពាណិជ្ជកម្មក្នុងបណ្តាប្រជាជាតិអាហ្រ្វិករហូតដល់៦០ភាគរយក្នុងរយៈពេលត្រឹមតែ៣ឆ្នាំ។
ប៉ុន្តែក្រុមអ្នកជំនាញទាំងនេះ ក៏បានដឹងថាទ្វីបនេះកំពុងជួបបញ្ហាប្រឈមជាច្រើន រួមមាន បណ្តាញផ្លូវថ្នល់និងផ្លូវដែកនៅមិនគ្រប់សព្វនិងមិនទាន់ជឿជាក់បាននៅឡើយ ការងើបតវ៉ារបស់ប្រជាជន អំពើពុករលួយ និងបែបបទរដ្ឋបាលបែបការិយាធិបតេយ្យចាក់ស្រែះ។
តាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការកាត់បន្ថយរបាំងពាណិជ្ជកម្មដោយមិនគិតពន្ធបែបនេះ កិច្ចព្រមព្រៀងនេះ នឹងបង្កើនភាពចម្រើនការងារ ស្តង់ដាជីវភាពរស់នៅ និងកាលានុវត្តន៍ភាពនានាក្នុងទ្វីបអាហ្រ្វិក ហើយក៏នឹងធ្វើឱ្យអាហ្រ្វិកទាំងមូលមានសមត្ថភាពអាចប្រកួតប្រជែងក្នុងតំបន់ និងសាកលលោក។
គោលបំណងរបស់ប្រទេសនីហ្សេរីយ៉ា គឺចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ផ្គូបជាមួយនឹងកិច្ចព្រមព្រៀងសហគមន៍សេដ្ឋកិច្ចនៃប្រទេសអាហ្រ្វិកខាងលិច (ECOWAS)នាពេលថ្មីៗ ដើម្បីអាចអនុម័តរូបិយប័ណ្ណរួមមួយ ដែលនឹងអាចពន្លឿនពាណិជ្ជកម្មក្នុងទ្វីបទាំមូលតែម្តង នេះបើតាមលោក Mohamed Ibn Chambas អ្នកតំណាងពិសេសអគ្គលេខាធិការអ.ស.ប. និងជាប្រធានការិយាល័យអ.ស.ប.ប្រចាំអាហ្រ្វិកខាងលិច និងតំបន់ Sahel ដែលមានឈ្មោះកាត់ (UNOWAS)។
លោក Chambas បានប្រាប់វីអូអេថា៖ «កិច្ចព្រមព្រៀងកំណត់តំបន់ពាណិជ្ជកម្មសេរីក្នុងទ្វីបអាហ្រ្វិក ក្នុងទិដ្ឋភាពធំ នឹងពង្រឹងតំបន់ពាណិជ្ជកម្មសេរីក្នុងតំបន់ ហើយវាក៏តម្រូវឱ្យមានរូបិយប័ណ្ណរួមមួយផងដែរ។ ប្រសិនបើគេមានតំបន់ពាណិជ្ជកម្មសេរី វាក៏ត្រូវតែមានរូបិយប័ណ្ណរួមក្នុងតំបន់ដែរ ផលចុងក្រោយប្រាកដណាស់ វានឹងពន្លឿនទាំងពាណិជ្ជកម្មសេរី និងការជួញដួរកាន់តែងាយស្រួលក្នុងតំបន់នោះ»។
តំបន់ពាណិជ្ជកម្មសេរីក្នុងទ្វីបអាហ្រ្វិក ត្រូវបានគេយកមកពិភាក្សាតាំងពីឆ្នាំ២០០២ម៉្លេះ ហើយសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីដើមឆ្នាំ២០១៨។ កាលពីខែឧសភា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើសច្ចានុមតិពីបណ្តារដ្ឋសភាប្រទេសសមាជិកយ៉ាងហោចណាស់២២៕
ប្រែសម្រួលដោយ កោះ សុគន្ធី