ចំនួនយុវជនគ្មានការងារធ្វើបានកើនច្រើនដល់កម្រិតខ្ពស់ក្នុងកំណត់ត្រាក្នុងខែមេសាដោយមាន ២០,៤% នៃក្រុមយុវជនពីអាយុ១៦ ដល់២៤ឆ្នាំ មិនអាចរកការងារធ្វើបាន ដែលជាអត្រាអាក្រក់បំផុតតាំងពីការិយាល័យស្ថិតិជាតិបានចាប់ផ្តើមបោះពុម្ពផ្សាយរបាយការណ៍នេះក្នុងឆ្នាំ២០១៨មក។
បន្ទាប់មកក្នុងខែឧសភា យុវជនគ្មានការងារធ្វើមាន ២០,៨% ហើយខែមិថុនាមាន ២១,៣%។ ក្នុងខែកក្កដា រដ្ឋាភិបាលបានឈប់ផ្សាយតួលេខយុវជនគ្មានការងារធ្វើ ដែលជាការបញ្ជាក់មួយទៀតថា ប្រទេសចិនដែលមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកកំពុងតស៊ូរើបចេញពីការរាំងខ្ទប់តឹងតែងនៅពេលមានការរាតត្បាតជំងឺកូវីដ១៩។
លោក Fu Linghui អ្នកនាំពាក្យនៃការិយាល័យស្ថិតិជាតិ បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា ការផ្សាយ«អត្រាយុវជនគ្មានការងារធ្វើក្នុងក្រុងដោយមានការបញ្ជាក់អាយុ» នឹងត្រូវផ្អាកចាប់ពីខែសីហាទៅ។
លោក Fu បានស្វះស្វែងកម្ចាត់កង្វល់អំពីតួលេខយុវជនគ្មានការងារធ្វើ ដោយលោកបាននិយាយថា តួលេខនេះប្រហែលត្រូវបំប្លែង ពីព្រោះចំនួនយុវជននៅរៀនក្នុងទីក្រុងមានច្រើនជាងមុន។
លោក Fu ក៏បានថ្លែងដែរថា ក្រុមនិស្សិតភាគច្រើនដែលបានទទួលសញ្ញាបត្រនៅឆ្នាំនេះរកការងារបានធ្វើហើយ។
ក៏ប៉ុន្តែប្រភពឯទៀតៗបាននិយាយថា អត្រាយុវជនគ្មានការងារពិតប្រាកដប្រហែលខ្ពស់ជាងនេះ៕