ប្រែសម្រួលដោយ លី សុខឃាង
ចាប់តាំងពីវេទិកាសេដ្ឋកិច្ចបានចាប់ផ្តើមកាលពី៣០ឆ្នាំកន្លងទៅ ការរីកចម្រើនរបស់ប្រទេសចិនត្រូវបាន ធ្វើឲ្យមាននិរន្តរភាពដោយកម្មករប្រើកម្លាំងពលកម្ម។
គ្មានកន្លែងណាមួយមានភស្តុតាងច្រើនជាងខេត្តហ្គ័ងទុង (Guangdong) ខេត្តភាគខាងត្បូងប្រទេសចិននោះទេ ជាទីកន្លែងដែលតាមការប៉ាន់ស្មានមានកម្មកររោងចក្រចំណាកស្រុកចំនួន៣០លាននាក់។
ក្រុមហ៊ុនហ្វក់ស៍ខន់ ដែលជាអង្គភាពមួយនៃឧស្សាហកម្មអេឡិចត្រូនិកហុនហៃរបស់តៃវ៉ាន់ (Hon Hai Precision Industry) បាន ផ្តល់ការងារបុរសនិងស្ត្រីក្មេងៗជាង៣សែននាក់នៅក្នុងខេត្តនេះ ដើម្បីផលិតឧបករណ៍អេឡិចត្រូនិក ដែលមានម៉ាក អ៊ែបផល (Apple) អេចភី (HP) និងសូនី (Sony)។
ការប៉ុនប៉ងធ្វើអត្តឃាតរបស់បុគ្គលិកយ៉ាងហោចណាស់១២នាក់ ដែលជាលទ្ធផលត្រូវបានបញ្ជាក់ថាស្លាប់ចំនួន១០នាក់ បានទាញការយកចិត្តទុកដាក់ទៅលើលក្ខខ័ណ្ឌការងារនៅក្នុងក្រុមហ៊ុន ហ្វក់ស៍ខន់ និងប្រទេសចិនជាទូទៅ។
លោកចេហ្វ្រេ ក្រូថល (Geoffrey Crothall) នៃព្រឹត្តប័ត្រការងាររបស់ប្រទេសចិន (China Labor Bulletin) ដែលជាក្រុមការពារសិទ្ធិនៅទីក្រុងហុងកុង និយាយថា ប្រាក់រង្វាន់សម្រាប់កម្មករគឺបានមកពីការធ្វើការដ៏ច្រើន។ លោកក្រូថលមានប្រសាសន៍ថា៖
"ពួកគេនឹងធ្វើការចាប់ពី៨ ទៅ១២ម៉ោងក្នុងមួយថ្ងៃៗ ដោយធ្វើការដដែលៗដើម្បីទទួលបានប្រាក់ឈ្នួលយ៉ាងតិចតួច។ ប្រាក់ឈ្នួលអប្បរិមាគឺមិនមែនជាប្រាក់ឈ្នួលដែលអាចរស់នៅ បានទេនៅក្នុងប្រទេសចិន។ ដើម្បីទទួលបានប្រាក់ឈ្នួលអាចរស់បាន ពួកគេត្រូវធ្វើការលើសម៉ោងរហូតដល់ទៅ៦០ម៉ោងជារៀងរាល់ខែ"។
អ្នកធ្វើការភាគច្រើនបំផុតនៅក្រុមហ៊ុនហ្វក់ស៍ខន់ មានអាយុខ្ទង់២០ឆ្នាំ ហើយមកពីទីជនបទ។ រហូតដល់មានការតម្លើងប្រាក់បៀរវត្សរ៍នាពេលថ្មីៗនេះរបស់ក្រុមហ៊ុន អ្នកធ្វើការភាគច្រើនបានទទួលប្រាក់ប្រហែល១៣២ដុល្លារក្នុងមួយខែ ដោយធ្វើការ ៦ថ្ងៃក្នុងមួយសប្តាហ៍។
បុគ្គលិកទទួលបានកន្លែងស្នាក់នៅរួមគ្នាដោយឥតគិតថ្លៃ ប៉ុន្តែតូចចង្អៀត នៅលើទីធ្លាទំហំ ៦០០អេឃឺ ឬប្រហែលជាង២គីឡូម៉ែត្រការ៉េ។ អាហារត្រូវបានផ្តល់ជូនផងដែរ។ ប៉ុន្តែលោកសាស្រ្តាចារ្យផូល យីប (Paul Yip) ជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងទប់ស្កាត់អំពើអត្តឃាតរបស់សាកលវិទ្យាល័យហុងកុង មានប្រសាសន៍ថា សម្រាប់មនុស្សជាច្រើន ការធ្វើអន្តរកាលពីជនបទទៅទីក្រុងនៅប្រទេសចិនគឺមានការលំបាក ណាស់។ លោកយីបថ្លែងថា៖
"មនុស្សដែលកើតក្រោយទសវត្សរ៍១៩៨០ និង១៩៩០ ទទួលបានការរស់នៅដ៏ល្អគួរសមនៅទីជនបទដោយផ្អែកលើគោលនយោបាយ កូនតែមួយ។ ប៉ុន្តែ នៅពេលពួកគេចេញទៅធ្វើការនៅក្នុងទីក្រុង គឺមានការគ្រប់គ្រងដ៏តឹងរឹង។ ប្រការនោះហើយមិនអាចឲ្យមនុស្សវ័យក្មេងៗទាំងអស់នោះសម្រប ខ្លួនបានល្អទេ"។
សេចក្តីរាយការណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់របស់ប្រព័ន្ធឃោសនានៅប្រទេសចិន ភាគខាងត្បូងបានឲ្យដឹងថា ក្រុមហ៊ុនហ្វក់ស៍ខន់ ក៏ដូចជារោងចក្រជាច្រើនទៀតដែរ បានដាក់ចេញនូវបទដ្ឋានប្រសិទ្ធភាពការងារ និងផលិតកម្មដ៏តឹងរឹងមកលើកម្មកររបស់ខ្លួន ដោយរួមមានភាពស្ងៀមស្ងាត់នៅកន្លែងធ្វើការ។ លោកយីបបន្តថា៖
"គ្មានសេរីភាពផ្ទាល់ខ្លួនឡើយ។ អ្នកអាចស្រមៃថា ក្នុងនាមជាមនុស្សវ័យក្មេង ពួកគេចូលចិត្តរាប់រកគ្នា ទាក់ទងគ្នាណាស់។ ប៉ុន្តែប្រសិនបើអ្នកមិនត្រូវបានអនុញ្ញាតឲ្យទាក់ទងគ្នារយៈពេល ១២ម៉ោងជារៀងរាល់ថ្ងៃនោះទេ ចូរគិតមើលថាតើជីវិតនឹងទៅជាយ៉ាងម៉េច"។
លោកយីប មើល ឃើញបញ្ហានេះគឺទាក់ទងនឹងភាពខ្វះខាតការថែទាំ យកចិត្តទុកដាក់ បើទោះជាអ្នកចាត់ការរបស់ក្រុមហ៊ុនហ្វក់ស៍ខន់បាននិយាយថា ខណៈដែលអំពើអត្តឃាតជារឿងទុក្ខព្រួយ អត្តឃាតកម្មរបស់មនុស្ស១០នាក់ក្នុងចំណោមកម្មករចំនួន៣សែននាក់ គឺជាចំនួនតិចតួច។
ដើម្បីឆ្លើយតបទៅនឹងការរិះគន់ដែលចេះតែកើនឡើង រួមទាំងការប៉ុនប៉ងរបស់ក្រុមហ៊ុនឲ្យកម្មករចុះហត្ថលេខាលើ កិច្ចសន្យាថានឹងមិនធ្វើអត្តឃាត ក្រុមហ៊ុនហ្វក់ស៍ខន់បានរៀបចំដំណើរទស្សនកិច្ចមួយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងក្រុមហ៊ុនរបស់ខ្លួននៅចុងខែឧសភា។ ក្រុមហ៊ុនបានជួលអ្នកពិគ្រោះយោបល់ឲ្យជួយបុគ្គលិកក្នុងបញ្ហាផ្លួវចិត្ត ហើយសំណាញ់សុវត្ថិភាពត្រូវបានបំពាក់សម្រាប់ទ្រអ្នកណាដែលលោតទម្លាក់ខ្លួនពីលើដំបូលរោងចក្រ។
នៅថ្ងៃអាទិត្យនេះ ក្រុមហ៊ុនហ្វក់ស៍ខន់បានប្រកាសពីការតម្លើងប្រាក់បៀរវត្សរ៍ជាលើក ទីពីរក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។ ចាប់តាំងពីខែតុលាទៅ ដោយយោងតាមបទដ្ឋាននៃការធ្វើការងារ ប្រាក់បៀរវត្សរ៍ជាមូលដ្ឋាននៅរោងចក្រឡុងហួរ (Longhua) នឹងកើនឡើង ដល់២៩៣ដុល្លារ គឺកើនឡើងលើសពីរដងនៃចំនួនទឹកប្រាក់បៀរវត្សខែមុន។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបានឲ្យដឹងថា ការតម្លើងប្រាក់បៀរវត្សរ៍នេះ គឺដើម្បីកាត់បន្ថយសេចក្តីត្រូវការរបស់បុគ្គលិកក្នុងការ ធ្វើការម៉ោងបន្ថែម ហើយជួយសម្រួលដល់ការឈប់សម្រាក។ ក្រុមអ្នកគាំទ្រការងារ ដូចជា ក្រូថល (Crothall) បាន និយាយថា នៅទីបញ្ចប់ប្រាក់បៀរវត្សរ៍នៅក្រុមហ៊ុនហ្វក់ស៍ខន់បានឈាន ដល់ប្រាក់បៀរវត្សរ៍ដែលអាចរស់នៅបាន។
លោកសាស្រ្តាចារ្យយីប បានគាំទ្រយន្តការប្រាក់បៀរវត្សរ៍សមរម្យ។ ប៉ុន្តែលោកមានប្រសាសន៍ថា ថៅកែត្រូវដឹងថា យន្តការនេះទាមទារនូវមេត្តាធម៌ ដែលមិនមែនតែលុយមួយមុខទេ ក្នុងការធ្វើសុខភាពផ្លូវចិត្តរបស់អ្នកធ្វើការមាន និរន្តរភាព។ លោក យីប មានប្រសាសន៍ថា៖
"ចូរកុំគិតថា អ្នកធ្វើការគឺជាគ្រឿងយន្ត ដែលអាចធ្វើការដដែលឥតឈប់ រយៈពេល១២ម៉ោងនោះ។ ចូរប្រព្រឹត្តទៅលើពួកគេដោយសេចក្តីគោរព ហើយបន្ទាប់មកផ្តល់ការគាំទ្រ និងថែរក្សាគ្រប់បែបយ៉ាង ដែលពួកគេសក្តិសមនឹងទទួល។ បើមិនធ្វើដូច្នេះទេ ខ្ញុំគិតថា ការរីកចម្រើននេះនឹងមិនមាននិរន្តភាពឡើយ ហើយភាពសុខដុមរមនាក្នុងសង្គមនឹងមិនអាចសម្រេចបានឡើយ"។
ឥឡូវនេះ ប្រទេសចិនកំពុងត្រួតពិនិត្យចាប់ពិរុទ្ធព័ត៌មានទាក់ទិនទៅនឹង ការធ្វើអត្តឃាតនៅក្នុងក្រុមហ៊ុនហ្វក់ស៍ខុន ដូច្នេះវាប្រហែលជាការលំបាកសម្រាប់ក្រុមសកម្មជនការងារ និងអ្នកផ្សេងៗទៀត ក្នុងការកំណត់ថាតើប្រាក់បៀរវត្សរ៍ខ្ពស់ជាងមុន និងលទ្ធភាពទទួលបានការប្រឹក្សាយោបល់ មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការស្លាប់ដែរឬទេ៕