ប្រទេសចិនកំពុងសម្រួចគោលនយោបាយដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ពេលខ្លួនត្រូវប្រឈមនឹងទំនាក់ទំនងមិនប្រាកដប្រជាជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ដែលនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។ ការសម្រួចគោលនយោបាយនេះគឺផ្ដល់ការលើកទឹកចិត្តឲ្យក្រុមហ៊ុនផលិតកម្មនៅចិនកាត់បន្ថយតម្លៃលក់នៃផលិតផលរបស់ខ្លួនចំនួន ២០% ដែលថ្លៃ ២០% នេះនឹងត្រូវបង់ជូនដោយរដ្ឋាភិបាលចិន។
វិធានការនេះបានធ្វើឡើងមុនសន្និសីទរៀបចំផែនការសេដ្ឋកិច្ចកម្រិតកំពូលរបស់ចិនធ្វើឡើងនៅសប្ដាហ៍ក្រោយ ដែលសន្និសីទនេះនឹងជួយកំណត់យុទ្ធសាស្ត្ររបស់ចិនសម្រាប់ឆ្នាំក្រោយ។
ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសថាខ្លួនកំពុងស្វះស្វែងរកមតិពីសាធារណជនលើផែនការផលិតនៅចិននេះរហូតដល់ថ្ងៃទី ៤ ខែមករាខាងមុខ។ ដើម្បីត្រូវនឹងលក្ខខណ្ឌ ក្រសួងនេះថាផលិតផលនានាត្រូវតែផលិតនៅចិនទាំងស្រុងចាប់ពីដំណាក់កាលវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច ទោះបីជាធាតុផ្សំខ្លះត្រូវតែធ្វើយ៉ាងណាឲ្យត្រូវតាមស្តង់ដារមួយផ្នែកនៃផលិតកម្មក្នុងស្រុកក៏ដោយ។
ផលិតផលកសិកម្ម ព្រៃឈើ រ៉ែ និងនេសាទមិនរាប់បញ្ចូលទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនដែលបានរាយការណ៍កាលពីថ្ងៃសុក្រ។ ផ្នែកលទ្ធកម្មរដ្ឋាភិបាលជាទូទៅស្មើនឹងប្រមាណ ១០% ឬច្រើនជាងនេះនៃសកម្មភាពអាជីវកម្មក្នុងប្រទេសសេដ្ឋកិច្ចធំៗ។
នៅក្រោមកម្មវិធីនេះ ក្រុមហ៊ុននានានឹងទទួលបានការលើកទឹកចិត្តឲ្យកាត់បន្ថយតម្លៃលក់នៃផលិតផលរបស់ខ្លួនចំនួន ២០% ដែលថ្លៃ ២០% នេះនឹងត្រូវបង់ជូនដោយរដ្ឋាភិបាលចិន។ នេះគឺជាផ្នែកមួយនៃវិធានការជាបន្តបន្ទាប់ដើម្បីបង្កើនការលក់ឲ្យបានច្រើនថែមទៀត ដែលរួមបញ្ចូលទាំងការលើកស្ទួយសេវាកម្មធានារ៉ាប់រងនិងការទទួលបានហិរញ្ញប្បទានកាន់តែងាយស្រួលជាងមុនសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញនិងក្រុមហ៊ុនខ្នាតតូចនិងខ្នាតមធ្យមផងដែរ៕
វេទិកាបញ្ចេញមតិ