ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​រដ្ឋសភា​​សហរដ្ឋអាមេរិក​លោក​ McCarthy​ បង្ហាញ​ការគាំទ្រ«​​​​គ្មានងាក​រេ‍»​របស់​​​សហរដ្ឋអាមេរិក​​ដល់​កោះ​តៃវ៉ាន់


ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ជួបប្រធាន​រដ្ឋសភា​​សហរដ្ឋអាមេរិក​លោក​ McCarthy​ នៅទីក្រុង Simi Valley រដ្ឋកាលីហ្វ័រញ៉ា។
ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ជួបប្រធាន​រដ្ឋសភា​​សហរដ្ឋអាមេរិក​លោក​ McCarthy​ នៅទីក្រុង Simi Valley រដ្ឋកាលីហ្វ័រញ៉ា។

ប្រធាន​រដ្ឋសភាសហរដ្ឋអាមេរិក​លោក​ Kevin McCarthy ​បានប្តេជ្ញា​ផ្តល់​ការគាំទ្រ​«ដាច់ណាត់ គ្មាន​ងាករេនិង​របស់​គណបក្ស​ទាំង​ពីរ‍»​ដល់​កោះ​តៃវ៉ាន់​នៅ​ក្រោយលោក​បាន​ធ្វើ​ការ​ចរចាកាលពីថ្ងៃ​ពុធជា​មួយប្រធានា​ធិបតីតៃវ៉ាន់​លោកស្រី​ Tsai Ing-wen ​ក្នុង​រដ្ឋ California។​

លោក​បាន​និយាយ​នៅក្នុងសន្និសីទ​កាសែត​រួមគ្នាមួយ​ជាមួយ​លោកស្រី Tsai ​ថា៖​ «ខ្ញុំ​មាន​ជំនឿ​ថាចំណង​ទាក់ទង​គ្នា​របស់​យើងនៅ​ពេល​នេះ​ខ្លាំង​ជាង​ពេល​ណា​ៗទាំងអស់​ឬ​នៅ​ចំណុច​ណាមួយ​នៃជីវិត​ខ្ញុំ‍»។

ជំនួប​កាលពីថ្ងៃ​ពុធ​មានរួម​ទាំង​គណៈប្រតិភូ​សភាមក​ពី​គណបក្ស​ទាំង​ពីរផង​ដែរ។

លោក​ស្រី Tsai ​បាននិយាយ​ថា​«វត្តមានរបស់​ពួក​សមាជិក​រដ្ឋសភា​អាមេរិកាំង​ទាំង​នេះ​និង​ការគាំទ្រ​គ្មានងាក​រេរបស់​ពួក​គេធានា​រ៉ាប់រងជា​ថ្មីដល់​ប្រជារាស្ត្រតៃវ៉ាន់​ថាយើង​មិនមែន​នៅ​ឯកោ​ទេ។ ហើយ​យើង​មិនមែន​នៅ​តែ​ម្នាក់​ឯងឡើយ‍»។

លោកស្រី​ក៏​បានព្រមាន​ថា​ការគំរាម​កំហែង​ខាង​យោធា​ពី​ប្រទេស​ចិន​ ដែល​អះអាង​ថាតៃវ៉ាន់​ជាផ្នែកមួយ​នៃ​ដែនដី​ខ្លួន​«មិន​អាច​មើលស្រាលបាន​ទេ‍»។ លោកស្រីបានថ្លែង​ថាតៃវ៉ាន់​ស្វះស្វែង​ឱ្យ​មាន«ភាព​នៅ​ដូចដើម​ដដែល​ដោយ​សន្តិភាព‍»​និង​«ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ជា​ដៃគូ​ពឹង​ពាក់​បាន​ក្នុង​ពិភពលោក‍»។

កិច្ចចរចា​គ្នា​នេះនាំឱ្យ​មានការជំទាស់​ពី​ប្រទេស​ចិន។ រដ្ឋាភិបាលក្រុង​ប៉េកាំង​បាន​ប្រកាស​អំពីកិច្ចប្រតិបត្តិការ​យាមល្បាត​ក្នុង​ប៉ែក​ខាងជើង-កណ្តាល​ច្រក​សមុទ្រ​តៃវ៉ាន់។ ចំណែក​ឯ​កងទ័ព​រំដោះ​ប្រជាជន​ចិនបាន​និយាយថា​ខ្លួនបានបញ្ជូននាវា​ពិឃាត​ពីរ​គ្រឿងនិងនាវា​ចម្បាំងមួយ​គ្រឿង​ទៅសមុទ្រចិន​ខាងកើតដើម្បី​ធ្វើសមយុទ្ធបាញ់​គ្រាប់ពិត។

គេ​ជឿថាកិច្ចប្រតិបត្តិការ​ទាំង​ពីរនេះជាការតបត​នឹង​តៃវ៉ាន់ដោយសារ​លោកស្រី Tsai បាន​ឈប់​សំចតពីរ​ដង​ក្នុង​សហរដ្ឋអាមេរិកក្នុងពេល​តិច​ជាងមួយ​សប្តាហ៍។

លោក McCarthy ​បាននិយាយប្រាប់ពួក​អ្នក​កាសែត​ថា៖ ​«នេះ​មិនមែន​ជា​បំណង​យើង​ក្នុង​ការបង្កើនភាព​តានតឹង​ទេ។ យើង​ចង់​បន្ត​កសាងនិងជំរុញលទ្ធិ​ប្រជាធិបតេយ្យ​និងសេរីភាពឱ្យ​រីក​ចម្រើន‍។ មិនគួរព្រួយ​បារម្ភ​ទេ‍»៕

XS
SM
MD
LG