ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​មាន​ទំនុក​ចិត្ត​ថា​ភូមា​នឹង​បន្ត​មាន​ស្ថេរភាព​


លោក​ស្រី Aung San Suu Kyi ដើរ​ចេញ​ពី​តុលាការ​កំពូល​ភូមា​​ជាមួយ​សមាជិក​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​ទី​ក្រុង​ Rangoon កាល​ពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។
លោក​ស្រី Aung San Suu Kyi ដើរ​ចេញ​ពី​តុលាការ​កំពូល​ភូមា​​ជាមួយ​សមាជិក​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​ទី​ក្រុង​ Rangoon កាល​ពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។

ប្រទេស​ចិន​ប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួន​មាន​ទំនុក​ចិត្ត​ថា​ ប្រទេស​ជិត​ខាង​និង​សម្ពន្ធមិត្ត​ភូមា​របស់​ខ្លួន​នឹង​បន្ត​អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ព៌ណនា​ថា​ជា​ដំណើរ​ការ​សន្តិភាព​និង​ការ​ផ្សះផ្សារ​ជាតិ​ជន​ភាគ​តិច​ បន្ទាប់​ពី​ការ​ដោះ​លែង​លោក​ស្រី​អោង​ សានស៊ូជី​ មេ​ដឹក​នាំ​និយម​លទ្ធិ​ប្រជាធិបតេយ្យ។​ ក៍​ប៉ុន្តែ​មន្រ្តី​ម្នាក់​បាន​បដិសេធ​ពុំ​ព្រម​និយាយ​ថា​តើ​ការ​មាន​សេរីភាព​របស់​លោកស្រី​នឹង​មាន​ប៉ះ​ពាល់​ទៅ​លើ​ជោគ​វាសនា​របស់​លោក​ Liu​ Xiaobo​ ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ដែល​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​ចិន​ដែរ​ឬ​ទេ។​ ប្រទេស​ចិន​ប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួន​មាន​ជំនឿ​ទាំង​ស្រុង​ក្នុង​អ្វី​ដែល​ហៅ​ថា​ ផែនទី​ផ្លូវ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ភូមា​ បន្ទាប់​ពីការ​ដោះ​លែង​លោក​ស្រី​អោង​ សានស៊ូជី។

លោក​ហុង លី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ ជឿ​ជាក់​ថា​ នយោបាយ​ភូមា​ដើម្បី​ស្ថេរភាព​និងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នឹង​បន្ត។

លោក​ហុង ​និយាយ​ថា​ ចិន​មាន​ទំនុកចិត្ត​ថា​ ភូមា​នឹង​បន្ត​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​ដល់​ផែនទី​ផ្លូវ​មាន​៧​ចំណុច​របស់​ខ្លួន។

លោក​និយាយ​ទៀត​ថា​ ចិន​មាន​ការ​ទុក​ចិត្ត​លើ​ភូមា​ ដើម្បី​រក្សា​សន្តិភាព​និង​ស្ថេរភាព​ នៅ​ពេល​ដែល​ខ្លួន​ធ្វើ​ឲ្យ​មាន​ការ​ផ្សះផ្សា​ជា​មួយ​ជន​ជាតិ​ភាគ​តិច​ ហើយ​នឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ដែរ។

លោក​មិន​បាន​និយាយ​សំដៅ​ចំៗ​ដល់​លោក​ស្រី​អោង​ សានស៊ូជី​ ទេ។​ រដ្ឋាភិបាល​យោធា​ភូមា​ បាន​ដោះលែង​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​កាល​ពី​ថ្ងៃ​សៅរ៍​ បន្ទាប់​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​៧​ឆ្នាំ។

សកម្មជន​សិទ្ធិ​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ សង្ឃឹម​ថា​ ការ​ដោះលែង​លោក​ស្រី​ នឹង​ដាក់​ការ​គាប​សង្កត់​កាន់​តែ​ច្រើន​ឡើង​ទៀត​ លើ​ប្រទេស​ចិន​ឲ្យ​ដោះលែង​លោក​ Liu​ Xiaobo​ ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ​នេះ។

លោក​ Liu​ បាន​ត្រូវ​កាត់​ទោស​ជាប់​គុក​១១​ឆ្នាំ​កាល​ពី​ឆ្នាំ​ទៅ​ចំពោះ​ការ​ជួយ​បង្កើត​ធម្មនុញ្ញ​ ០៨​ ដែល​គាំទ្រ​ការ​ធ្វើ​កំណែ​ទម្រង់​ខាង​នយោបាយ​ក្នុង​ប្រទេស​ចិន។

លោក​ Shang​ Baojun​ មេធាវី​របស់​លោក​ Liu​ និយាយ​ថា​ លោក​ក៏​សង្ឃឹម​ដែរ​ថា​ ការ​ដោះលែង​លោក​ស្រី​អោង​ សានស៊ូជី​ នឹង​បន្ថែម​ទម្ងន់​លើ​ការ​អំពាវនាវ​ដើម្បី​ ឲ្យ​កូន​ក្តី​របស់​លោក​មាន​សេរីភាព។

លោក​ Shang​ និយាយ​ថា​ លោក​និង​ពួក​អ្នក​គាំទ្រ​លោក​ Liu​ សង្ឃឹម​ថា​ រដ្ឋាភិបាលចិន​ អាច​ដើរ​តាម​គំរូ​ នឹង​ធ្វើ​ដូច​រដ្ឋាភិបាល​ភូមា​ ហើយ​ដោះលែង​លោក​ Liu​ Xiaobo។

ក៍​ប៉ុន្តែ​ លោក​និយាយ​ថា​ លោក​មិន​មាន​សុទុដ្ឋិនិយម​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ បាន​បដិសេធ​ពុំ​ព្រម​ឆ្លើយ​សំនួរ​ច្រើន​ថែម​ទៀត​ពី​អ្នក​យក​ព័ត៌មាន​បរទេស​ អំពី​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ Liu​ ទេ។ ចិន មាន​ការ​ខឹង​សម្បារ​ខ្លាំង​អំពី​រង្វាន់​នេះ​ ហើយ​បាន​ព្រមាន​អ្នក​ការ​ទូត​ប្រទេស​ផ្សេងៗ​ទៀត​ កុំ​ឲ្យ​ចូល​រួម​ពិធី​ទទួល​រង្វាន់​នេះ​ នៅ​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ ក្នុង​ប្រទេស​ណ័រវែ។

រដ្ឋាភិបាល​ ក៏​កំពុង​រារាំង​ពលរដ្ឋ​ដទៃ​ទៀត​ កុំ​ឲ្យ​ទទួល​រង្វាន់​នោះ​ជំនួស​លោក​ Liu​ ដែរ។​ រដ្ឋាភិបាល​ បាន​ហាម​ឃាត់​ភរិយា​របស់​លោក​ ហើយ​នឹង​ហត្ថលេខី ផ្សេងៗ​ទៀត​នៃ​ធម្មនុញ្ញ​ ០៨​ មិន​ឲ្យ​ធ្វើ​ដំណើរ។

ចិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចង់​រក្សា​ស្ថេរភាព​ក្នុង​ប្រទេស​ជិតខាង​ភាគ​ខាង​ត្បូង​របស់​ខ្លួន​ គឺ​ប្រទេស​ភូមា​នេះ​ ជា​ពិសេស​តាម​បណ្តាយ​ព្រំដែន​ដែល​ជា​ទី​កន្លែង​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​ស្តេច​ក្រាញ់​ជួញ​ដូរ​ថ្នាំ​ញៀន​ កង​ទ័ព​ឧទ្ទា​ម​និង​រដ្ឋាភិបាល​កណ្តាល​ភូមា​ ដែល​បាន​ហូរ​ចូល​ក្នុង​ប្រទេស​ចិន​កាល​ពី​អតីតកាល។

ចិន​បាន​បណ្តាក់​ទុន​យ៉ាង​ច្រើន​ក្នុង​ប្រទេស​ភូមា​ ទិញ​ធនធាន​ធម្មជាតិ​ដូច​ជា​ឧស្ម័ន​និង​ឈើ​ហុប។​ ប្រទេស​លោក​ខាង​លិច​ជា​ច្រើន​ រួម​បញ្ចូល​ទាំង​សហរដ្ឋ​អាមេរិក​ បាន​ដាក់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​យោធា​ភូមា​ ដែល​គេ​ចាត់​ទុក​ជា​ប្រទេស​ ធ្វើ​ការ​សង្កត់​សង្កិន​ខ្លាំង​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG