ប៉េកាំង៖ មន្ដ្រីចិនម្នាក់និយាយថាសហរដ្ឋអាមេរិក(ស.រ.អា.)មានឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងប្រទេសអាស៊ីហើយអំពាវនាវឲ្យស.រ.អាដើរនូវតួនាទីអ្វីដែលលោកស្រីហៅថាជាតួនាទីជាវិជ្ជមាននៅក្នុងតំបន់នេះ។
ទីភ្នាក់ងារព័ត៌មានជាផ្លូវការនៃប្រទេសចិនឲ្យដឹងថា រឿងក្នុងព័ត៌មានសំខាន់បំផុតមកពីនាយសមុទ្រនៅឆ្នាំ២០១០ គឺ ការវិលត្រឡប់របស់ស.រ.អាទៅកាន់តំបន់ អាស៊ី-ប៉ាស៊ីហ្វិក ដែលទីភ្នាក់ងារព័ត៌មានស៊ិនហួរឲ្យដឹងថាបានធ្វើឲ្យទំនាក់ទំនងមានការសាំញ៉ាំនៅក្នុងតំបន់។
នៅថ្ងៃព្រហស្បតិ៍ លោកស្រី Jiang Yu ស្ដ្រីអ្នកនាំពាក្យនៃក្រសួងការបរទេសចិនបដិសេធមិនព្រមធ្វើអត្ថាធិប្បាយដោយផ្ទាល់អំពីសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ិនហួរទេ។
ក៏ប៉ុន្ដែលោកស្រី Jiang និយាយថា ប្រទេសចិនជឿថា ស.រ.អា មានឥទ្ធិពលយ៉ាងធំធេងទៅលើតំបន់នេះ ហើយសង្ឃឹមថាស.រ.អាអាចដើរតួនាទីមួយដែលលោកស្រីពិពណ៌នាហៅថាជាតួនាទីជាវិជ្ជមាននៅក្នុងការរក្សាសន្ដិភាពតំបន់និងស្ថេរភាព។
លោកស្រីមិនបានឲ្យសេចក្ដីលម្អិត អំពីអ្វីដែលលោកស្រីចាត់ទុកថាជាវិជ្ជមាននោះទេ។
អត្ថបទនៅក្នុងទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ចង្អុលទៅរកអ្វីដែលខ្លួនហៅថាជាអន្ដរាគមន៍យ៉ាងញឹកញាប់របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅក្នុងជម្លោះពីក្នុងចំណោមប្រទេសអាស៊ី។ បញ្ជីនេះ មានរាប់ទាំងការតានតឹងកើនកាន់តែច្រើនឡើងរវាងប្រទេសកូរ៉េខាងត្បូងនិងកូរ៉េខាងជើង ហើយនឹងប្រជុំកោះ ដាវយូដែលប្រទេសចិននិងប្រទេសជប៉ុនបានទាមទារ។ អត្ថបទនេះក៏ចង្អុលផងដែរទៅរកការពាក់ព័ន្ធរបស់ស.រ.អានៅក្នុងជម្លោះដណ្ដើមដែនដីរបស់ប្រទេសផ្សេងៗនៅសមុទ្រចិនខាងត្បូង។
ស.រ.អា ជាប្រទេសមានអំណាចមួយនៅតំបន់ប៉ាស៊ីហ្វិកជាងមួយសតវត្សរ៍មកហើយ ហើយរក្សាទុកសម្ព័ន្ធភាពយ៉ាងរឹងមាំជាមួយប្រទេសអាស៊ីមួយចំនួន មានរាប់ទាំងប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង ហើយនឹងប្រទេសថៃផង។
ស្ដ្រីអ្នកនាំពាក្យនៃប្រទេសចិននេះមិននិយាយទេថា តើវត្ដមាននៃស.រ.អានៅក្នុងប្រទេសអាស៊ី នឹងត្រូវលើកយកទៅពិភាក្សាគ្នា ពេលលោកប្រធានាធិបតី ហ៊ូ ជីនតាវ(Hu Jintao) អញ្ជើញមកស.រ.អានៅខែក្រោយឬយ៉ាងណាទេ។
ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថា ខ្លួនមិនសប្បាយចិត្ដនឹងសមយុទ្ធរួមគ្នារបស់កងទ័ពជើងទឹក សរអានិងប្រទេសកូរ៉េខាងត្បូងនៅក្នុងសមុទ្រលឿងទេហើយថាខ្លួនមិនគិតទេថារដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោនមានតួនាទីនៅក្នុងជម្លោះដែនដីនៅសមុទ្រចិនខាងត្បូងទេ។
ជម្លោះមួយទៀតរវាង ស.រ.អានិងប្រទេសចិនពាក់ព័ន្ធទៅនឹងសេចក្ដីប្រកាសរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងថាខ្លួននឹងកាត់បន្ថយចំនួននាំចេញនូវដីរ៉ែកម្រមាន ដែលជារ៉ែមានសារ:សំខាន់ជាទីបំផុតសម្រាប់ការធ្វើផលិតផលអេឡិកត្រូនិកមួយចំនួននិងបច្ចេកវិទ្យាថាមពលស្អាត។
ប្រទេសចិនមានឃ្លាំង ដីរ៉ែកម្រមាន មួយភាគបីនៃពិភពលោកក៏ប៉ុន្ដែផ្គត់ផ្គង់ដល់ការផលិតច្រើនជាង៩០ភាគរយ នៃផលិតកម្មសកលលោក។ នៅដើមអាទិត្យនេះ ប្រទេសចិនប្រកាសថា ខ្លួននឹងកាត់បន្ថយការនាំចេញជិតដល់ទៅ ១១ភាគរយ ក្នុងរយ:ពេល៦ខែដំបូងនៃឆ្នាំ២០១១៕
ប្រែសម្រួលដោយអ្នកស្រីកងស៊ីវន