ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្កាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២៤ ពីរដ្ឋាភិបាលប្រទេសស៊ុយអ៊ែត ខណៈអ្នកស្រីកំពុងជាប់ពន្ធធនាគារមិនអាចចេញទៅទទួលពានរង្វាន់។
នេះជាពានរង្វាន់លេចធ្លោទី២ដែលមេដឹកនាំសហជីពរូបនេះទទួលបានពីប្រទេសប្រជាធិបតេយ្យ បន្ទាប់ពីពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដែលកញ្ញាទទួលបានពីក្រសួងការបរទេសសហរដ្ឋអាមេរិក។
បើតាមសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយលើគេហទំព័រ វេទិកាសម្រាប់ប្រវត្តិសាស្រ្តរស់នៅរបស់ប្រជាជនសព្វថ្ងៃ (The Forum För Levande Historia) កញ្ញា ឈឹម ស៊ីថរ ត្រូវបានផ្តល់ជូនពានរង្វាន់ជាអ្នកការពារសិទ្ធិមនុស្ស និងលិទ្ធប្រជាធិបតយ្យ ឈ្មោះថា The Per Anger Prize ឆ្នាំនេះ«សម្រាប់ការងារមិនចេះនឿយហត់ និងប្តេជ្ញាចិត្តរបស់នាង ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។
សមាជិកកូដករនៃក្រុមហ៊ុនណាហ្កាវើលដ៍សាទរចំពោះការទទួលបានពានរង្វាន់ជាថ្មីនោះរបស់កញ្ញាឈឹម ស៊ីថរ តែពួកគេក៏សោកស្ដាយ នៅពេលដែលម្ចាស់ពានរង្វាន់មិនអាចចេញទៅទទួលពានរង្វាន់នេះដោយផ្ទាល់នៅប្រទេសស៊ុយអ៊ែត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
អ្នកស្រី ម៉ម សុវឌ្ឍិន កូដករនៃក្រុមហ៊ុនណាហ្កាវើលដ៍ និងជាអ្នកតំណាងទទួលពានរង្វាន់ជំនួសកញ្ញា ឈឹម ស៊ីថរ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ម្ចាស់ពានរង្វាន់មិនអាចចេញទៅទទួលពានរង្វាន់នេះដោយផ្ទាល់បានទេ ព្រោះគាត់កំពុងរងបទចោទ និងជាប់ក្នុងពន្ធធនាគារ។
ទោះយ៉ាងណា អ្នកស្រីយល់ថា ការផ្ដល់ពានរង្វាន់របស់រដ្ឋាភិបាលស៊ុយអ៊ែតជូនកញ្ញាឈឹម ស៊ីថរ គឺជាការលើកទឹកចិត្តដល់កញ្ញាឈឹម ស៊ីថរ និងបង្ហាញពីគុណតម្លៃ និងភាពលះបង់របស់កញ្ញាក្នុងការតវ៉ាដើម្បីឱ្យកម្មករមានលក្ខខណ្ឌការងារល្អប្រសើរ ហើយសិទ្ធិរបស់កម្មករមិនត្រូវបានគេបំពាន។
អ្នកស្រីថ្លែងថា៖ «ការផ្តល់ពានរង្វាន់ទាំងពីរលើក លើកទីមួយរបស់សហរដ្ឋអាមេរិក លើកទីពីររបស់រដ្ឋាភិបាលស៊ុយអ៊ែត មកលើកញ្ញាឈឹម ស៊ីថរ ដែលគាត់បានទទួលហ្នឹងគឺមានន័យថា គេចង់បញ្ជាក់យ៉ាងច្បាស់ៗហើយថា ស្រុកខ្មែរមិនទាន់មានការអនុវត្តដូចប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យនៅឡើយទេ ព្រោះគ្រាន់តែអ្នកការពារសិទ្ធិ អ្នករកអត្ថប្រយោជន៍ជូនកម្មករត្រូវបានជាប់គុកទាំងអយុត្តិធម៌ដោយមិនបានយកច្បាប់មកប្រើឱ្យបានត្រឹមត្រូវ មិនបានយកមកអនុវត្តឱ្យមានប្រសិទ្ធភាព»។
កញ្ញាឈឹម ស៊ីថរ ធ្លាប់ខាកខានមិនបានចេញទៅទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីឆ្នាំ២០២២ ព្រោះពេលនោះកញ្ញាត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន ដោយចោទថា កញ្ញាបានរំលោភលក្ខខណ្ឌនៅក្រៅឃុំ ដែលមិនអនុញ្ញាតឱ្យកញ្ញាចាកចេញពីប្រទេសកម្ពុជា។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ បង្ហាញភាពត្រេកអរចំពោះកញ្ញា ឈឹម ស៊ីថរ ក្នុងការទទួលពានរង្វាន់ Per Anger Prize របស់រដ្ឋាភិបាលប្រទេសស៊ុយអ៊ែត។ ដំណាលគ្នានេះ លោកក៏មានការសោកស្ដាយដែល មេដឹកនាំសហជីពណាហ្កាវើលដ៍មិនអាចទៅទទួលពានរង្វាន់នេះបានដោយផ្ទាល់។
លោកថ្លែងថា៖ «ពានរង្វន់មួយនេះគឺវាបង្ហាញពីការលើកទឹកចិត្តនិងការគាំទ្ររបស់រាជរដ្ឋាភិបាលស៊ុយអ៊ែតទៅដល់សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនសិទ្ធិការងារ ដែលកន្លងមកហ្នឹងគឺតែងតែទទួលរងនូវការគំរាមកំហែង ការចោទប្រកាន់ពីបទព្រហ្មទណ្ឌនិងការប្រើអំពើហិង្សា ការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពដែលពួកគាត់បានចូលរួមសកម្មនៅក្នុងការលើកកម្ពស់ឱ្យមានការគោរពសិទ្ធិការងារសិទ្ធិមនុស្ស និងការគោរពនូវនីតិរដ្ឋនិងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
ទាំងលោក ឃុន ថារ៉ូ និងអ្នកស្រី ម៉ម សុវឌ្ឍិន ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ រួមទាំងមេដឹកនាំសហជីពផ្សេងៗទៀត ដែលកំពុងតែរងការចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធធនាគារពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ចំពោះតួនាទីក្នុងការដឹកនាំការតវ៉ាទាមទារឱ្យក្រុមហ៊ុនណាហ្កាវើលដ៍គោរពសិទ្ធិមនុស្សនិងសិទ្ធិការងារដែលជាទង្វើស្របច្បាប់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា រង្វាន់របស់រដ្ឋាភិបាលស៊ុយអ៊ែតដែលផ្តល់ជូនដល់អ្នកតស៊ូមតិដើម្បីជំរុញដំណើរការប្រជាធិបតេយ្យនោះ មិនអាចជួយជនជាប់ចោទគឺកញ្ញាឈឹម ស៊ីថរឱ្យរួចផុតពីបទចោទបាននោះទេ។
លោកថ្លែងថា៖ «ការផ្តល់ពានរង្វាន់នេះមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ក្នុងការជួយដល់ជនជាប់ចោទឱ្យរួចផុតពីបទចោទ តាមនីតិវិធីច្បាប់របស់កម្ពុជានោះទេ មធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ក្នុងការជួយដល់ជនចាប់ចោទគឺការចូលរួមក្នុងដំណើរការតាមនីតិវិធីរបស់តុលាការហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់»។
កញ្ញា ឈឹម ស៊ីថរ ដែលចេញមុខយ៉ាងសកម្មក្នុងការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនណាហ្កាវើលដ៍ ត្រូវបានអាជ្ញាធរចាប់ខ្លួនជាលើកទីពីរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីចុង ខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលដែលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅក្នុងប្រទេសអូស្ត្រាលី។
កាលពីដើមឆ្នាំ២០២២ កញ្ញាស៊ីថរ ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារសកម្មភាពកូដកម្មរបស់សហជីពដែលកញ្ញាដឹកនាំ។ នេះបើតាមក្រុមអង្គការសង្គមស៊ីវិល៕
វេទិកាបញ្ចេញមតិ