ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នកតំណាងរាស្ត្រ ជាម ចន្នី បាន​ទទួល​មរណភាព​ដោយ​រោគាពាធ


លោក ជាម ចន្នី អតីតអ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ដែល​លោក នៅ​មាន​ជីវិត។ (រូបថត​ដកស្រង់​ពី​ទំព័រFacebook របស់​លោក ជាម ចន្នី)
លោក ជាម ចន្នី អតីតអ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ដែល​លោក នៅ​មាន​ជីវិត។ (រូបថត​ដកស្រង់​ពី​ទំព័រFacebook របស់​លោក ជាម ចន្នី)

អតីត​អ្នកតំណាងរាស្ត្រ​រូប​នេះ ​ធ្លាប់​ជាប់​ពន្ធនាគាររយៈ​ពេល​មួយឆ្នាំ​ មុនពេល​ត្រូវ​ព្រះមហាក្សត្រ​ប្រោស​ប្រទាន​លើកលែង​ទោសក្នុង ខែ​កុម្ភៈ ឆ្នាំ​២០០៦។

អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ គឺ​លោក ជាម ចន្នី​ បាន​ទទួល​មរណភាពនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុ​ងអាយុ​៥៧ឆ្នាំ​ដោយ​រោគាពាធ។ នេះ​បើ​តាមការ​ប្រកាស​របស់​មន្ត្រី​គណបក្ស។​

លោក ​ជាម ចន្នី គឺជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​មុនពេល​ដែល​គណបក្សសង្គ្រោះជាតិ ​ត្រូវ​បាន​រំលាយ​កាលពី​ខែវិច្ឆិកាឆ្នាំ​២០១៧។ លោក ​គឺជា​អ្នកដែល​តែងតែរិះគន់​រដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​ពុករលួយ ​ជនអន្តោប្រវេសន៍​វៀតណាម ​និង​បញ្ហា​ព្រំដែន។

អតីត​អ្នកតំណាងរាស្ត្រ​រូប​នេះ ​ធ្លាប់​ជាប់​ពន្ធនាគាររយៈ​ពេល​មួយឆ្នាំ​ មុនពេល​ត្រូវ​ព្រះមហាក្សត្រ​ប្រោស​ប្រទាន​លើកលែង​ទោសក្នុង ខែ​កុម្ភៈ ឆ្នាំ​២០០៦ ​ដោយសារ​រដ្ឋាភិបាលបាន​ចាប់ខ្លួន​និង​ចោទ​ប្រកាន់លោកពីបទ​ជ្រើសរើស​កងទ័ព​ដើម្បី​បម្រើក្នុង​ក្រសួង​ការពារ​ជាតិ​នៃ​រដ្ឋាភិបាល​ស្រមោល​ដែល​ជា​ទម្រង់​នៃ​គណៈកម្មការមួយ​របស់​គណបក្ស​ប្រឆាំង​ដើម្បី តាម​ដាន​មើលការងារ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​លោក​បាន​ច្រានចោល​ការចោទប្រកាន់នោះ​ហើយ​សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​ការ​ដាក់​ទោសនេះ។

លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យ​លោក​ កឹម សុខា​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុកសម្តែង ការសោកស្តាយ​ និង​អាឡោះអាល័យ​ហើយ​ចាត់​ទុក​ថា​លោក​ ជាម ចន្នី គឺ​ជាអ្នកស្នហាជាតិ ដែល​បាន​ចំណាយពេល​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​ដើម្បី​បុព្វហេតុ​រំដោះ​ជាតិ​មាតុភូមិ​ពី​ការឈ្លានពាន​របស់​បរទេស ​និង​ដើម្បី​បុព្វហេតុ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក​មុត ចន្ថា​បាន​បន្ថែមថា៖

«ក្នុង​បុព្វហេតុ​លទ្ធិ​ប្រជាធិបតេយ្យ ​លោក​បាន​ប្រឈមនឹង​ការគំរាម​កំហែង​គ្រប់បែប​យ៉ាង​ និង​ការជាប់​ពន្ធនាគារ​ផង។ ទោះជាយ៉ាងនេះ​ក្តី ​លោក​ពុំ​បានរាថយឡើយ ​ព្រោះ​លោក​មាន​បំណង​ប្រាថ្នា​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​មានសិទ្ធិ ​សេរីភាព​ពេញបរិបូរណ៍ ​យុត្តិធម៌ និង​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ ការបាត់បង់​នៃ ​ឯកឧត្តម ជាម ចន្នី ​គឺជា​ការបាត់បង់​នូវ​ធនធាន​មនុស្ស​ និង​ជា​អ្នកស្នេហា​ជាតិ​ប្រកប​ដោយ​ឧត្តមគតិម្នាក់‍»៕

XS
SM
MD
LG