ការចោទប្រកាន់របស់អយ្យការទៅលើឧកញ៉ាដែលបាញ់ប្រហារសម្លាប់យុវជន២នាក់ ត្រឹមបទចោទ«ឃាតកម្ម» «ប៉ុនប៉ងឃាតកម្ម» និង«កាន់កាប់អាវុធដែលមិនមានការអនុញ្ញាត» នាំឲ្យមានការរិះគន់ពីសាធារណជន ដោយសារបទចោទនេះមិនមែនជាការជាប់ទោសទណ្ឌមួយជីវិតក្នុងពន្ធនាគារឡើយ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការរាជធានីភ្នំពេញ ចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក ស្រី ស៊ីណា អាយុ៥០ឆ្នាំ ដែលបានសារភាពថាខ្លួនប្រព្រឹត្តបាញ់ប្រហារនេះ ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម (ឃាតកម្មមិនបានសម្រេច) និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
បើតាមសេចក្តីប្រកាសព័ត៌មាន លោក ស្រី ស៊ីណា ដែលត្រូវបានដកគោរមងារជាឧកញ៉ា ក្រោយបានបាញ់ប្រហារ បានទៅទីតាំងផ្ទះរបស់ជនរងគ្រោះ ដើម្បីសួរអំពីជម្លោះទាក់ទងនឹង រឿងកាប់ស្វាយ វាយកម្ទេចផើងផ្កា និងរឿងដាក់ស្នួរខោអាវនៅជាប់ផ្ទះជិតគ្នា ដែលលោក ស្រី ស៊ីណា ជនសង្ស័យ ជួលឲ្យគេម្នាក់។ពេលទៅដល់ លោក ស្រី ស៊ីណា បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយមានការជជែកគ្នា និងឈានដល់ជម្លោះពាក្យសម្តីនឹងគ្នា បន្ទាប់មកលោក ស្រី ស៊ីណា បានដកកាំភ្លើងដែលសៀតនឹងចង្កេះបញ្ចូលគ្រាប់បាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះ ក្នុងនោះមាន២នាក់ស្លាប់ និង២នាក់ទៀតរងរបួសលើដៃនិងជើង។
តុលាការបញ្ជាក់ថាតំណាងអយ្យការបានសន្និដ្ឋានថាអំពើនេះជាអំពើឃាតកម្ម «ដោយពុំមានធាតុផ្សំជាអំពើឃាតកម្មគិតទុកជាមុនតាមការកំណត់នៃច្បាប់»នោះទេ ព្រោះថា នៅមុនពេលបាញ់ប្រហារទៅលើជនរងគ្រោះ គឺមានការជជែកឈ្លោះប្រកែកគ្នាភ្លាមៗ ដោយពុំមានភស្តុតាង និងការរៀបចំផែនការសម្លាប់មនុស្សឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់តុលាការបញ្ជាក់ថា៖ «ការចោទប្រកាន់របស់តំណាងអយ្យការ គឺធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ធផលនៃការស្រាវជ្រាវ ស៊ើបអង្កេតរបស់នគរបាលយុត្តិធម៌ និងអយ្យការ»។ តុលាការបញ្ជាក់បន្ថែមថាចៅក្រមស៊ើបសួរនឹងបន្តស្រាវជ្រាវបន្ថែមទៀត ហើយក្នុងករណីរកឃើញភស្តុតាងថ្មីបន្ថែម ដើម្បីដាក់បន្ទុក ចៅក្រមស៊ើបសួរមានសិទ្ធិអំណាចក្នុងការកែប្រែបទចោទប្រកាន់នេះ។ស្របពេលតុលាការចោទប្រកាន់ជនល្មើសរូបនេះ ក៏មានការផ្សព្វផ្សាយវីដេអូនៃការបាញ់ប្រហារលើបណ្តាញសង្គមហ្វេសប៊ុក នាំឲ្យមានការថ្កោលទោសបន្ថែមលើករណីនេះ ហើយយល់ថាការចោទប្រកាន់នេះគួរតែជាប់ពន្ធនាគារអស់មួយជីវិត។
អ្នកប្រើប្រាស់បណ្តាញសង្គម លោក វ៉ា សុខហាក់ បានបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយចោទជាសំណួរថាបើមិនគិតទុកជាមុន ហេតុអ្វីបានជនត្រូវចោទ កាន់កាំភ្លើងដើរចូលមក ហើយសំញែងអោយជនរងគ្រោះបានឃើញ ហើយបានធ្វើសកម្មភាពបាញ់ប្រហារយ៉ាងព្រៃផ្សៃ ជាច្រើនគ្រាប់ហើយតាមបាញ់ប្រហារទៅលើជនរងគ្រោះពីរនាក់ទៀត។
ប្រជាពលរដ្ឋរូបនេះ សូមស្នើសុំតុលាការចោទប្រកាន់ជនបង្ក តាមសកម្មភាពនៃការបាញ់ប្រហារយ៉ាងព្រៃផ្សៃនេះ។
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ទៀតបានលើកឡើងថា៖«ក្រោយឃើញការសម្រេចកាត់ទោសរបស់ចៅក្រមបែបនេះពួកខ្ញុំជាប្រជារាស្ត្រគឺកាន់តែមានសេចក្តីភ័យខ្លាចទៅលើពួកអ្នកមានអំណាចស័ក្តិធំហើយព្រោះទោសតែ១៥ឆ្នាំពួកអ្នកទាំងនោះខ្លាចអីនឹងធ្វើរឿងដដែលនេះម្តងទៀត?»។
ចំណែកប្រជាពលរដ្ឋម្នាក់ឈ្មោះ សាន ដេវីដ ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជំរុញឱ្យតុលាការដាក់ទោសឱ្យធ្ងន់ធ្ងរចំពោះបទល្មើសព្រៃផ្សៃបែបនេះ ខណៈថាការដាក់ទោសត្រឹម១៥ឆ្នាំគឺស្រាលខ្លាំង ដែលបង្កជាការឈឺចាប់ដល់គ្រួសារជនរងគ្រោះខ្លាំង ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋមិនសូវមានជំនឿលើប្រព័ន្ធតុលាការ។
លោកមៀង សំណាង សាច់ញាតិរបស់ជនរងគ្រោះស្រីឈ្មោះ ឃីន កញ្ចនា ប្រាប់វីអូអេតាមសារប្រព័ន្ធតេឡេក្រាមថា ខាងភាគីរងគ្រោះទាមទារ២ចំណុច គឺទី១ ស្នើសូមឱ្យដាក់ទោសមួយជីវិតដល់ជនបង្ក និងទី២ ទាមទារសំណងរដ្ឋបវេណីមួយចំនួនដែលលោកមិនអាចប្រាប់បាននាពេលនេះ។
ចំណែកកញ្ញាឡុង លីហ័រ ប្អូនស្រីបង្កើតរបស់ជនរងគ្រោះប្រុសឈ្មោះឡុង លីសុងប្រាប់វីអូអេថា កញ្ញាសង្ឃឹមថាតុលាការនឹងរកយុត្តិធម៌សម្រាប់ក្រុមគ្រួសារ។
កញ្ញាថ្លែងថា៖ «ចំណុចនេះគ្រួសារខ្ញុំទាំងមូលគឺយើងចាត់ចែងទៅតាមនីតិវិធីច្បាប់ទាំងអស់ យើងនឹងទាំងក្រុមគ្រួសារនិងជនរងគ្រោះទាំងអស់យើងត្រូវតែជឿទុកចិត្តលើថ្នាក់ដឹកនាំហើយនីតិវិធីទាំងអស់នឹងអញ្ចឹងយើងនឹងចាំមើលទាំងអស់គ្នាថាករណីមួយនេះនឹងធ្វើបានបែបណា»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថាគួរតែមានការផ្តន្ទាទោសអស់មួយជីវិតលើជនល្មើស។
លោកបញ្ជាក់ថា៖«អ្នកដែលប្រព្រឹត្តអំពើឃោឃៅ អមនុស្សធម៌របៀបហ្នឹងគឺថាត្រូវទទួលទោសឱ្យសមនឹងកម្រិតក្នុងការប្រព្រឹត្តដើម្បីធ្វើយ៉ាងម៉េចកុំឱ្យមានការសម្រាលសម្រាប់ការប្រព្រឹត្តហ្នឹង។វាគួរតែទោសអស់មួយជីវិតអ៊ីចឹងទៅ»។
គួរបញ្ជាក់ថាជនរងគ្រោះប្រុសមានឈ្មោះ ឡុង លីសុង អាយុ២៧ឆ្នាំ និងជនរងគ្រោះស្រីមានឈ្មោះ ឃីន កញ្ចនា អាយុ២៥ឆ្នាំជាគូដណ្តឹងនឹងគ្នា។ ពួកគេមានមុខរបរជាអ្នកថតរូបសម្រាប់កម្មវិធីផ្សេងៗ ដូចជាអាពាហ៍ពិពាហ៍ជាដើម។ ជនរងគ្រោះ លោក ឡុង លីសុង ជាម្ចាស់ក្រុមហ៊ុនថតរូបឈ្មោះថា Stellar Pictures៕
វេទិកាបញ្ចេញមតិ