ទីក្រុង Los Angeles — មកទល់ពេលនេះ ឆ្នាំ ២០២០ គឺពោរពេញទៅដោយដំណឹងអាក្រក់ និងសោកនាដកម្ម ដោយមានការស្លាប់របស់ជនស្បែកខ្មៅល្បីឈ្មោះមួយចំនួន រួមមានកីឡាករបាល់បោះលោក Kobe Bryant សមាជិករដ្ឋសភាលោក John Lewis ហើយនាពេលថ្មីៗនេះ គឺលោក Chadwick Boseman ដែលបានស្លាប់កាលពីថ្ងៃសុក្រ ទី២៨ ខែសីហាកន្លងទៅនេះ។
បុគ្គលទាំងបីរូបនេះ ត្រូវបានគេចាត់ទុកថាជាមេដឹកនាំក្នុងវិស័យកីឡា នយោបាយ និងភាពយន្ត ដែលវិស័យទាំងបីនេះត្រូវបានមនុស្សទូទៅ ជាពិសេសសហគមន៍ជនស្បែកខ្មៅជាញឹកញាប់ងាកមករកដើម្បីបានការជំរុញទឹកចិត្តអំឡុងពេលនៃឆ្នាំមួយ ដែលប្រកបទៅដោយភាពតានតឹងផ្នែកពូជសាសន៍ និងបាតុកម្មប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលិសមកលើជនស្បែកខ្មៅ។
ប៉ុន្តែ សម្រាប់មនុស្សមួយចំនួន ការបាត់បង់នូវបុគ្គលល្បីឈ្មោះដូចជា លោក Boseman គឺមានការប៉ះពាល់ខ្លាំង។ តារាសម្តែង ដែលបានដើរតួនៅក្នុងភាពយន្តអំពីវីរបុរសរបស់ក្រុមហ៊ុនភាពយន្ត Marvel ឈ្មោះថា «Black Panther» បានស្លាប់នៅវ័យ ៤៣ឆ្នាំ នៅគេហដ្ឋានរបស់លោកក្នុងទីក្រុង Los Angeles បន្ទាប់ពីប្រឈមនឹងជំងឺមហារីកពោះវៀនធំដោយស្ងៀមស្ងាត់ អស់រយៈពេលបួនឆ្នាំ។
លោក Al Sharpton ដែលជាសកម្មជនការពារសិទ្ធិពលរដ្ឋអាមេរិកាំងមួយរូប បានថ្លែងក្នុងសម្តីដើមថា៖ «ពួកគេទាំងនោះ ជាសសរទ្រូងនៃសហគមន៍យើង។ នៅក្នុងអំឡុងពេលមានអស្ថិរភាព អ្នកពឹងផ្អែកលើសសរទ្រូងទាំងនេះ។ វាជារឿងអាក្រក់ទៅហើយ នៅពេលដែលមានព្យុះនៅខាងក្រៅ ហើយអ្នកឮសំឡេងរន្ទះ និងផ្គរ។ ហើយវាកាន់តែអាក្រក់ជាងនេះទៀត នៅពេលដែលសសរទ្រូង ដែលអ្នកកំពុងតែសាងសង់ និងពឹងអាស្រ័យ រងការរញ្ជួយ។ វាដូចជាអ្វីមួយកំពុងតែធ្វើឲ្យមូលដ្ឋានគ្រឹះរបស់យើងសឹករិចរិល។ អគារទាំងមូលកំពុងតែរង្គើ ដោយសារតែទម្រ និងអ្វីដែលការពារយើងពីព្យុះនេះ ត្រូវបានដកចេញ»។
លោក Sharpton បានហៅលោក Boseman ថាជាសសរទ្រូងដ៏សំខាន់មួយ ដែលផ្តល់ភាពជាមនុស្សជាតិដល់ជនស្បែកខ្មៅ នៅក្នុងតួនាទីជាតារាសម្តែងរបស់លោក ហើយនេះក៏មានរួមបញ្ចូលកីឡាករវាយកូនបាល់ baseball លោក Jackie Robinson ដែលជួយជ្រោមជ្រែងឲ្យមានការដាក់បញ្ចូលជនស្បែកខ្មៅនៅក្នុងកីឡានេះ តារាចម្រៀងជើងចាស់លោក James Brown និងចៅក្រមតុលាការកំពូលអាមេរិក ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកដំបូងគេ គឺលោក Thurgood Marshall ផងដែរ។
ក្រុមគ្រួសាររបស់លោក Boseman បាននិយាយថា លោកទ្រាំទ្រនឹង «ការវះកាត់និងការព្យាបាលដោយចាក់បញ្ចូលថ្នាំគីមីជាច្រើនលើកច្រើនសារ» ខណៈពេលលោកដើរតួជាព្រះមហាក្សត្រ T'Challa នៃព្រះរាជាណាចក្រប្រឌិតមួយឈ្មោះថា Wakanda នៅក្នុងភាពយន្ត «Black Panther» ដែលជាប់ក្នុងបញ្ជីប្រកួតប្រជែងពានរង្វាន់ Oscar និងដែលជាភាពយន្តមួយបង្ហាញថា ជនស្បែកខ្មៅ ក៏អាចដើរតួជាតួឯកនៅក្នុងភាពយន្តវីរបុរសដ៏ជោគជ័យមួយផងដែរ។
លោក Al Sharpton បានថ្លែងបន្តក្នុងសម្តីដើមថា៖ «មរណភាពរបស់លោក Boseman នៅចំពេលដែលយើងកំពុងតែរងការប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩ និងការវាយប្រហារនានាពីសំណាក់អាជ្ញាធរ ហើយការបាត់បង់មនុស្សដែលជានិមិត្តរូបមួយដែលនាំយើងទៅកាន់ព្រះរាជាណាចក្រ Wakanda នោះ វាពិតជារឿងដ៏គួរឲ្យសោកសង្រេងណាស់។ នៅពេលឮថា វីរបុរសរបស់យើង ដែលជាក្តីសង្ឃឹម បានលាចាកលោកនោះ វាពិតជាសោកសង្រេងខ្លាំងណាស់»។
កីឡាករបាល់បោះលោក LeBron James ប្រចាំក្រុម Los Angeles Lakers បាននិយាយថា លោក Boseman បានឈានជើងចូលក្នុងឆាកមួយ ដែលតារាសម្តែងស្បែកខ្មៅជាច្រើន មិនមានឱកាសទទួលបានពីមុនមក។ ហើយសមត្ថភាពរបស់លោកនៅក្នុងការបញ្ចេញភាពរស់រវើកនៅលើឆាកនោះ បានធ្វើឲ្យតួអង្គពីសៀវភៅតុក្កតាកា្លយជាតួអង្គមានជីវិតមួយ សម្រាប់សហគមន៍ជនស្បែកខ្មៅ។
លោក LeBron James បាននិយាយបន្ត ដោយលោកនិយាយសំដៅទៅលើការបាត់បង់ «តួអង្គ Black Panther និង Black Mamba ដែលជាឈ្មោះហៅក្រៅរបស់កីឡាករបាល់បោះ Kobe Bryant នៅក្នុងឆ្នាំតែមួយ យ៉ាងដូច្នេះថា៖
«ទោះបីជាយើងដឹងថា វាជារឿងប្រឌិតក៏ដោយ ប៉ុន្តែវាហាក់ដូចជា រឿងពិតអ៊ីចឹង។ វាហាក់ដូចជាបង្ហាញថា នៅទីបំផុត យើងមានវីរបុរសជាជនស្បែកខ្មៅ ហើយគ្មាននរណាម្នាក់អាចធ្វើបាបយើងបាននោះទេ។ ដូច្នេះ ការបាត់បង់ដូចនេះ វាជារឿងគួរឲ្យសោកសៅសម្រាប់សហគមន៍របស់យើង»។
កាលពីខែមករា កីឡាករបាល់បោះលោក Kobe Bryant បានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រមួយជាមួយនឹងមនុស្សប្រាំបីនាក់ផ្សេងទៀត ដែលក្នុងនោះ រួមមានកូនស្រីវ័យ ១៣ ឆ្នាំរបស់លោក ឈ្មោះ Gianna ផងដែរ។ សមាជិករដ្ឋសភាលោក John Lewis បានស្លាប់កាលពីខែកក្កដា បន្ទាប់ពីលោកត្រូវបានរកឃើញថា កើតជំងឺមហារីកលំពែងកាលពីឆ្នាំមុន។
ការស្លាប់របស់បុគ្គលល្បីៗដទៃទៀតនៅក្នុងឆ្នាំនេះ រួមមាន តារាសម្តែងស្រី Naya Rivera មេដឹកនាំចលនាសិទ្ធិជនស៊ីវិល C.T. Vivian អ្នកដឹកនាំផ្នែកតន្រ្តីលោក Andre Harrell និងគ្រូបង្វឹកក្រុមកីឡាបាល់បោះនៃសាកលវិទ្យាល័យ Georgetown ដ៏ល្បីឈ្មោះដែលត្រូវបានដាក់បញ្ចូលក្នុងតារាង Hall of Fame គឺលោក John Thompson។ លោក John Thompson គឺជាគ្រូបង្វឹកស្បែកខ្មៅដំបូងគេ ដែលបានដឹកនាំក្រុមរបស់លោកឲ្យឈ្នះពានរង្វាន់បាល់បោះថ្នាក់សាកលវិទ្យាល័យ NCAA championship និងចាត់ទុកការសិក្សាជាអាទិភាពសម្រាប់កីឡាកររបស់លោក។
កីឡាករបាល់បោះលោក Giannis Antetokounmpo នៃក្រុមបាល់បោះ Milwakee Bucks ថ្លែងក្នុងសម្តីដើមថា៖
«ឆ្នាំ២០២០នេះ មានរឿងល្អ និងរឿងអាក្រក់សម្រាប់មនុស្សទាំងអស់គ្នា» ដោយលោកថ្លែងបន្ថែមថា ការស្លាប់របស់លោក Boseman បានបន្សល់ទុក «នូវអ្វីៗជាច្រើន»។
សកម្មជនលោក Martin Luther King III បានហៅការស្លាប់របស់លោក Boseman ថា ជា «ការបាត់បង់ដ៏ធំ» មួយទៀត។ ប៉ុន្តែ លោកលើកទឹកចិត្តឲ្យមនុស្សម្នា កុំបោះបង់ក្តីសង្ឃឹម នៅក្នុងអំឡុងឆ្នាំដ៏ច្របូកច្របល់មួយនេះ។
កូនប្រុសរបស់លោក Martin Luther King Jr. មេដឹកនាំសិទ្ធិពលរដ្ឋដ៏ល្បីល្បាញរូបនេះបាននិយាយក្នុងសម្តីដើមថា៖ «យើងអាចនិយាយយ៉ាងស្រួលថា «អូ! ព្រះអើយ។ នេះជាឆ្នាំដ៏អាក្រក់បំផុតមួយ។ ប៉ុន្តែ ខ្ញុំមិននិយាយដូច្នេះទេ។ ដូនតារបស់យើងបានឆ្លងកាត់ការលំបាកជាច្រើន។ យ៉ាងណាក្តី នៅទីបំផុត យើងនៅតែនៅទីនេះ។ យើងមិនមានកន្លែងផ្សេងដែលយើងត្រូវទៅនោះទេ។ ហើយយើងតែងតែដើរទៅមុខជានិច្ច»។
លោក Gil Robertson សហស្ថាបនិក និងប្រធានសហព័ន្ធអ្នកវាយតម្លៃភាពយន្តអាមេរិកាំងដើមកំណើតអាហ្វ្រិក បាននិយាយថា ជនស្បែកខ្មៅកំពុងស្ថិតនៅលើចំណុចសំខាន់មួយនៃភាពរស់រានមានជីវិតរបស់ពួកគេនៅសហរដ្ឋអាមេរិក។
លោក Robertson បាននិយាយក្នុងសម្តីដើមថា៖
«យើងកំពុងរងការវាយប្រហារពីគ្រប់ទិសទី។ យើង កំពុងតែបាត់បង់មនុស្សខ្លាំងៗ។ មនុស្សដែលធ្វើការដោយសច្ចភាព និងសុចរិតភាពខ្ពស់។ ខ្ញុំគិតថា នេះគឺជារឿងដ៏គួរឲ្យព្រួយបារម្ភមួយ។ ហើយខ្ញុំសង្ឃឹមថា សហគមន៍របស់យើងពិតជាអាចរួមរួបគ្នាបាន។ មិនមែនរួបរួម ដោយសារត្រឹមតែសម្រាប់ហេតុផលតែមួយនោះទេ គឺរួបរួមគ្នាដើម្បីស្តារសហគមន៍របស់យើងឡើងវិញ»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា