មន្រ្តីសហរដ្ឋអាមេរិកបានដាក់ចេញយន្តការផែនការពហុជាតិថ្មីមួយដែលធ្វើឡើងដើម្បីផ្តល់ឲ្យជនជាតិស៊ីរីនូវការជួយសង្គ្រោះឲ្យគេចផុតពីការវាយប្រហារខាងយោធា។ ផែនការដែលត្រូវបានធ្វើឡើងដោយក្រុមអន្តរជាតិគាំទ្រស៊ីរី បានអំពាវនាវឲ្យមានការបញ្ឈប់អារិភាព។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry មានប្រសាសន៍ថា ពួកប្រឆាំងស៊ីរី បានស្នើឲ្យមានការផ្អាកសកម្មភាពខាងយោធាដែលត្រូវបានគេចាត់ទុកថាជាការបញ្ឈប់ដែលមានលក្ខណៈខុសគ្នាពីការឈប់បាញ់គ្នា។
ក្រោយមកបន្តិចនៅក្នុងការថ្លែងព័ត៌មានត្រួសៗកាលពីថ្ងៃសុក្រ មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសអាមេរិក បានពណ៌នាពីភាពខុសគ្នាដោយនិយាយថា ក្រុមប្រឆាំងស៊ីរីជឿជាក់ថា ការឈប់បាញ់គ្នាចង្អុលបង្ហាញពីការបញ្ចប់ជាផ្លូវការនូវជម្លោះដែលក្នុងនោះគោលបំណងខាងនយោបាយបានបញ្ជាក់ថា ជម្លោនោះ ត្រូវបានបោះបង់ចោលឬត្រូវបានដោះស្រាយ។ ក៏ប៉ុន្តែ វាជាស្ថានភាពមួយដែលមិនបានកើតមានឡើងនៅក្នុងប្រទេសស៊ីរីទេ។
មន្រ្តីរូបនោះនិយាយថា៖ «គោលបំណងរួមគឺបញ្ឈប់អំពើហឹង្សា»។
ការបញ្ឈប់សកម្មភាពខាងយោធានឹងមិនរាប់បញ្ចូលក្រុមភេរវជនដូចជា ក្រុមរដ្ឋ ឥស្លាមនិងក្រុម al-Nusra Frontទេ។ តាមផ្នែកមួយនៃផែនការនោះ សហរដ្ឋអាមេរិកនិងរុស្ស៊ី នឹងដឹកនាំគណៈកម្មាធិការចំពោះកិច្ចឈប់បាញ់គ្នាដែលនឹងធ្វើការដើម្បីគូសព្រាងដែនដីដែលត្រូវបានកាន់កាប់ដោយក្រុមភេរវជនហើយនឹងដោះស្រាយការមិនអនុវត្តតាមការបញ្ឈប់សកម្មភាពយោធានោះ៕