លោក ជា ប៉ូច អតីតអ្នកនយោបាយគណបក្សប្រឆាំង ប្រកាសផ្តាច់ខ្លួនពីមេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី ដើម្បីទទួលបានការលើកលែងទោសពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែនដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
នៅក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នៅប្រទេសអូស្ត្រាលី លោក ជា ប៉ូចលើកឡើងថា៖ «ខ្ញុំបាទបានសម្រេចចិត្តផ្ដាច់ខ្លួនពីលោកសម រង្ស៊ី និងឈប់ធ្វើសកម្មភាពនយោបាយជាមួយក្រុមអតីតគណបក្សសង្រ្គោះជាតិ ព្រមទាំងគណបក្សភ្លើងទៀន និងគណបក្សដែលមាននិន្នាការប្រឆាំង ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ការមួលបង្កាច់ ការជេរប្រមាថ ការលាបពណ៍ ការបំបែកបំបាក់ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន»។
លិខិតរបស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ជា ប៉ូច ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក និងប្រព័ន្ធតេឡេក្រាមផ្លូវការរបស់លោកហ៊ុន សែន កាលពីថ្ងៃអង្គារ។
នៅក្នុងការអត្ថាធិប្បាយមួយលើទំព័រហ្វេកប៊ុករបស់លោកកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានប្រកាសទទួលយកការសុំអភ័យទោសរបស់លោក ជា ប៉ូច អតីតអ្នកនយោបាយគណបក្សប្រឆាំង ដែលបានធ្វើការសុំទោសជាថ្មីមង្ដទៀត និងអះអាងថាខ្លួននិងផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ី ព្រមទាំងបញ្ឈប់រាល់សកម្មភាពជាមួយគណបក្សនយោបាយដែលមាននិន្នាការប្រឆាំង។
លោកហ៊ុន សែន បានបង្ហោះសារដោយភ្ជាប់ជាមួយលិខិតសូមអភ័យទោសរបស់លោក ជា ប៉ូច ថា៖ «ក្នុងស្មារតីបង្រួបបង្រួមជាតិ ខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឱ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឱ្យបានឆាប់»។
លោក ហ៊ុន សែន បញ្ជាក់ជាថ្មីថា លោកនឹងទទួលយកការសុំទោស និងលើកលែងទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុស និងប្រកាសផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី ដែលលោកហៅថា«ជនក្បត់ជាតិបីជំនាន់»។
លោកបានសង្កត់ធ្ងន់ថា៖«យើងនឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណាដែលជេរប្រមាថមួលបង្កាច់មកលើគណបក្សឬមកលើខ្ញុំតទៅទៀតដោយគ្មានការលើកលែង។ យើងមិនអាចអត់ឱនឱ្យបានទេចំពោះជនណាឬក្រុមណាក៏ដោយមិនថាខ្មែរឬបរទេសដែលចង់ដុតផ្ទះយើងដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ជា ប៉ូចអតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត បាននៅឡើយទេគិតត្រឹមថ្ងៃពុធនេះ។
អ្នកវិភាគមើលឃើញថាការចាកចេញរបស់លោក ជា ប៉ូច នឹងធ្វើឱ្យសំឡេងគាំទ្រគណបក្សប្រឆាំងកាន់តែអន់ថយ ប៉ុន្តែកម្លាំងប្រជាធិបតេយ្យនឹងមិនថយចុះនោះទេ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេតាមទូរសព្ទអ្នកវិភាគនយោបាយលោក មាស នី បញ្ជាក់ថា៖ «ចង់មិនចង់ក៏វាបង្ហាញអំពីការចុះខ្សោយរបស់កម្លាំងគណបក្សប្រឆាំង ក៏ប៉ុន្ដែគ្រាន់ថាតើការចុះចូលហ្នឹងវាប៉ះពាល់ដល់កម្លាំងប្រជាធិបតេយ្យប៉ុណ្ណានោះជារឿងមួយផ្សេងទៀត។ ប៉ុន្ដែបើយើងមើលនៃរចនាសម្ព័ន្ធនយោបាយ កាលណាមានសមាជិកចាកចេញច្រើនឡើងៗ ចង់មិនចង់ក៏ត្រូវតែចុះខ្សោយតាមហ្នឹង»។
ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ចាត់ទុកការចាកចេញរបស់អ្នកនយោបាយគណបក្សប្រឆាំង ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ឬគណបក្សផ្សេងទៀតជាសិទ្ធិនិងសេរីភាពបុគ្គលក្នុងការជ្រើសរើសផ្លូវដើរផ្នែកនយោបាយ។
លោកថ្លែងថា៖ «ចឹងអាហ្នឹងវាជាសិទ្ធិនិងសេរីភាពក្នុងការសម្រេចចិត្តរបស់បុគ្គលមួយៗក្នុងការជ្រើសរើសផ្លូវដើរផ្នែកនយោបាយក៏ដូចជាសេរីភាពរបស់ខ្លួន»។
លោក ជា ប៉ូច ជាអ្នកអតីតសមាជិកគណបក្សជាតិខ្មែរ និងបានចូលធ្វើនយោបាយជាបន្តបន្ទាប់ជាមួយ គណបក្សសម រង្ស៊ី និងអតីតគណបក្សសង្គ្រោះជាតិ ហើយធ្លាប់ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សភ្លើងទៀនផងដែរ។
ដើមហេតុនៃការប្តឹងផ្តល់លោក ជា ប៉ូច គឺពាក់ព័ន្ធជាមួយការថ្លែងរបស់លោកកាលពីខែមីនា ឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំពង្រឹងសកម្មជននៅទីស្នាក់ការគណបក្សភ្លើងទៀន រាជធានីភ្នំពេញ ថា «គោលដៅខ្ញុំគឺទម្លាក់លោក ហ៊ុន សែន ឱ្យបាន»។ ក្រោយមកកាលពីខែឧសភា ឆ្នាំ២០២៣នោះ លោកជា ប៉ូច បានចេញលិខិតសុំទោស ពន្យល់លោកហ៊ុន សែន ថា ការថ្លែងរបស់លោក គឺខ្វះការពិចារណា និយាយមិនបានគិតវែងឆ្ងាយ។ ប៉ុន្ដែគ្រានោះលោក ហ៊ុន សែន បានច្រានចោលភ្លាមៗ មិនទទួលការសុំទោសពីអ្នកនយោបាយជំទាស់រូបនោះឡើយ។
ទាក់ទិនការស្នើរបស់អតីតនាយករដ្ឋមន្ត្រីឱ្យដកពាក្យបណ្តឹងប្តឹងលោកជា ប៉ូច ប្រធានក្រុមមេធាវីការពារក្តីរដ្ឋាភិបាលលោក គី តិច បញ្ជាក់វីអូអេឱ្យដឹងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ករណីលោកជា ប៉ូច «ចំណាត់ការនីតិវិធីតាមផ្លូវច្បាប់ និងតុលាការបាននិងកំពុងអនុវត្តហើយ» ៕
លោកជា ប៉ូចប្រកាសផ្តាច់ខ្លួនពីលោកសម រង្ស៊ី ដើម្បីបានរួចផុតពីបទចោទ
ភ្នំពេញ —
វេទិកាបញ្ចេញមតិ