បទសម្ភាសន៍ VOA៖ គណបក្សភ្លើងទៀនបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូងដើម្បីប្រជែងយកតំណែងមេឃុំនិងចៅសង្កាត់អាណត្តិទី៥ នេះ
នៅព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២២នេះនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឬទ្ធីក្នុងសង្កាត់ក្រាំងធ្នង់អ្នកគាំទ្រគណបក្សភ្លើងទៀនប្រមាណជាង១០០០០នាក់បានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោត។អ្នកគាំទ្រទាំងនោះពាក់អាវ និងមួកស ដែលមានរូបសញ្ញាភ្លើងទៀន ជាសម្គាល់។ ការដង្ហែក្បួនឃោសនាមានការស្រែកជ័យឃោស និងចាក់ចំរៀង ដែលមានន័យជម្រុញឱ្យមានការផ្លាស់ប្តូរមេដឹកនាំថ្នាក់មូលដ្ឋានផងដែរ។ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ និងលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនក៏មានវត្តមានក្នុងការដង្ហែក្បួនឃោសនានោះផងដែរ។ អ្នកស្រី ធីតា វីន បានជួបសម្ភាសជាមួយលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន នៅក្នុងអំឡុងពេលកំពុងធ្វើការឃោសនាបោះឆ្នោតថ្ងៃដំបូងនេះ។ លោកសុន ឆ័យ បានឱ្យដឹងថាគណបក្សភ្លើងទៀនសង្ឃឹមថានឹងទទួលបានការគាំទ្រតំណែងមេឃុំឬចៅសង្កាត់អាណត្តិទី៥នេះមិនចាញ់អាណត្តិទី៤ដែលអតីតគណបក្សសង្គ្រោះជាតិទទួលបាននោះទេ។ សូមអញ្ជើញអស់លោកអ្នកស្តាប់កិច្ចសម្ភាសនេះដូចតទៅ៖