ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​មាន​គោលដៅ​​បង្កើន​តួនាទី​​នុយក្លេអ៊ែរ​ទ្វេ​​ដង


រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៅ​ខាង​ក្រៅ​រោងចក្រ​នុយក្លេអ៊ែរ Taishan នៅ​ខេត្ត Guangdong ប្រទេស​ចិន ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១។
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៅ​ខាង​ក្រៅ​រោងចក្រ​នុយក្លេអ៊ែរ Taishan នៅ​ខេត្ត Guangdong ប្រទេស​ចិន ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១។

គេ​រំពឹង​ថា ថាមពល​នុយក្លេអ៊ែរ​របស់​ប្រទេសចិន​នឹង​ជា​របៀប​វារៈមួយនៅ​ក្នុងការពិភាក្សារបស់ប្រទេសនានា​អំពី​អន្តរកាល​ថាមពលនៅ​ក្នុងសន្និសីទ​អាកាសធាតុ COP28 ​នៅទីក្រុង Dubai​ ពីព្រោះ​វា​ជា​ប្រភព​ថាមពល​មិនមែន​ផូស៊ីល​ធំទីពីរ​ក្នុង​ពិភពលោក​នៃ​អគ្គិសនី។

ថាមពល​នុយក្លេអ៊ែរ​ជាប្រភព​មួយលូតលាស់​លឿន​បំផុតនៅ​ក្នុង​ប្រទេស​ចិន​ ​ដែល​នៅ​ពេល​នេះឈ្នះ​ប្រទេស​បារាំងដែលជា​ប្រទេសផលិត​ថាមពលនុយក្លេអ៊ែ​រធំទីពីរក្នុងពិភពលោក​ ដោយនៅ​ពី​ក្រោយតែសហរដ្ឋអាមេរិកមួយ​ប៉ុណ្ណោះ។

ចិនចង់​ផលិតថាមពលនុយក្លេអ៊ែរ​ឱ្យ​បាន១០%នៃ​ថាមពល​ចម្រុះ​របស់ខ្លួនត្រឹមឆ្នាំ​២០២៥ ក្នុង​ចំនួន​ទ្វេ​ដង​ពីកម្រិត​បច្ចុប្បន្ន។ ប៉ុន្តែកង្វល់អំពី​សុវត្ថិភាព​ក្រោយឧប្បត្តិហេតុ Fukushima ​កាលពី​ឆ្នាំ២០១១បាន​បង្អា​ក់​ការ​លូតលាស់​នុយក្លេអ៊ែររបស់ប្រទេសចិន។ នេះ​បើ​តាមលោក Philip Andrews-Speed ​អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន Oxford Institute of Energy Studies ក្នុងចក្រភព​អង់គ្លេស។

លោក​ថ្លែង​ថា៖ «ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ​ណាមួយនៅ​ខាងក្នុង​ឬ​នៅជិតប្រទសចិនឬ​នៅកន្លែង​ណា​មួយក្នុងពិភពលោកធ្វើ​ឱ្យ​អន្តរាយដល់ភាព​គួរ​ឱ្យ​ទុកចិត្តបានលើ​ថាមពល​នុយក្លេអ៊ែរ។ អ្វីដែល​បានកើតមាននៅ​ក្រោយឧប្បត្តិហេតុ Fukushima គឺ​ចិនបាន​ផ្អាក​ការកសាងរោងចក្រ​នុយក្លេអ៊ែរ​ថ្មីៗ​ទាំងអស់។ ពួកគេបាននិយាយដូច្នេះ​ ហើយ​ពួក​គេ​ធ្វើ​តាមគោលនយោបាយនេះ ​គឺមិនឱ្យមាន​រោងចក្រនុយក្លេអ៊ែរ​នៅឆ្ងាយពី​មាត់​សមុទ្រ​ទេ‍»។

​ក្ដី​កង្វល់អំពី​សុវត្ថិភាពទាំង​នេះ​បានពន្យឺតការ​លូតលាស់នុយក្លេអ៊ែរ​ក្នុងប្រទេសចិន។ ទោះជា​ចិន​បានស្ថាបនារោងចក្រ​នុយក្លេអ៊ែ​រទី​មួយរបស់ខ្លួនកាលពី​ពាក់កណ្តាល​ទសវត្សរ៍​១៩៨០​ក៏ដោយ​ ក៏​ថាមពលនុយក្លេអ៊ែរមានតែ​ប្រមាណ​៥%នៃថាមពលអគ្គិសនីចិននៅពេលសព្វថ្ងៃនេះ​តែ​ប៉ុណ្ណោះ។

ទោះជាថាមពល​នុយក្លេអ៊ែរស្អាត​ជាងការ​បង្កើត​អគ្គិសនី​ដោយ​ដុត​ធ្យូងថ្មហើយមាន​ប្រសិទ្ធភាពជាង​ថាមពល​ខ្យល់​និង​ថាម​ពលសូឡា​ពី​ព្រះអាទិត្យក៏​ដោយ ក៏កង្វល់ខាង​សុវត្ថិភាព កង្វល់អំពីកង្វះ​អ្នក​ធ្វើការ​មាន​ការប៉ិនប្រសប់​និង​ការខ្វះកន្លែង​សម្រាប់​កសាងរោងចក្រថ្មីៗ​សុទ្ធ​តែ​ជា​ឧបសគ្គ។

លោក Andrews-Speed ថ្លែង​ទៀត​ថា៖ «ពិតណាស់ ថាមពលសូឡា​ពី​ព្រះអាទិត្យ​និងថាមពល​ខ្យល់អាស្រ័យ​លើ​អាកាសធាតុ​ ហើយ​ពេលខ្លះ​មិនមាន​ពន្លឺ​ថ្ងៃ​ មិនមានខ្យល់ ហើយ​មិនទៀងទាត់​ជា​រៀងរាល់ថ្ងៃ។ ​ថាម​ពល​នុយក្លេអ៊ែរ​អាច​ពឹងពាក់បាន​ច្រើនជាងថាមពល​ឯទៀតៗ។​ លោកអ្នក​បើក​ម៉ាស៊ីន វាក៏មានដំណើរការ។ ថាមពល​សូឡា​ពី​ព្រះអាទិត្យ​គ្មានការប្រថុយប្រថានខាង​សុវត្ថិភាពដែលយើង​បាននិយាយ​ទេ។ ចំពោះថាមពល​ខ្យល់វិញ​ កង្ហារអាចធ្លាក់ហើយ​អាច​នាំឱ្យមាន​មនុស្ស​ត្រូវរបួស តែមិនមែនជា​គ្រោះថ្នាក់ធំដុំទេ»។

តែ​ទោះជា​យ៉ាង​ណាក៏​ដោយ​ ក៏ពួក​អ្នកជំនាញនិយាយថា ការមាន​បច្ចេកទេស​ថ្មីៗធ្វើឱ្យថាមពល​នុយក្លេអ៊ែរ​មាន​សុវត្ថិភាព​ជាង​មុនច្រើន។

សន្និសីទ COP28 នឹងចាប់ផ្តើម​នៅ​ទីក្រុង Dubai នៅថ្ងៃទី៣០​ ខែវិច្ឆិកា៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG