ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខេមបូចា​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធានា​នូវ​សេរីភាព​ពេញលេញ​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា


កង​ប្រដាប់​អាវុធ​បាន​បិទ​ផ្លូវ​ឆ្លង​កាត់​ច្រកព្រំដែន​ប៉ោយប៉ែត នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
កង​ប្រដាប់​អាវុធ​បាន​បិទ​ផ្លូវ​ឆ្លង​កាត់​ច្រកព្រំដែន​ប៉ោយប៉ែត នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​ហៅ​កាត់​ថា ខេមបូចា ដែល​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​អ្នក​សារព័ត៌មាន​កម្ពុជា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​អាជ្ញាធរ​កម្ពុជា​ធានា​ដល់​សិទ្ធិសេរីភាព​របស់​អ្នក​សារព័ត៌មាន​កម្ពុជា​ក្នុង​ការ​បំពេញ​កិច្ចការងារ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ខេមបូចា​ដែល ​VOA ​ទទួល​បាន។

សេចក្ដីថ្លែងការណ៍​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​ពីរ​នាក់​របស់​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា VOD គឺ​លោក វណ្ណ វិចារ និង​លោក ជន ចាន់រ៉ែន ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ទី៩ ខែ​វិច្ឆិកា នៅ​ពេល​ដែល​ពួកគេ​កំពុង​យក​ព័ត៌មាន​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ ទាក់ទង​នឹង​ដំណើរ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ។

លោក វណ្ណ វិចារ និង​លោក ជន ចាន់រ៉ែន ត្រូវ​បាន​កងកម្លាំង​រាជអាវុធហត្ថ​ឃាត់​ខ្លួន​ ខណៈ​ពេល​ដែល​អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប​នេះ​ កំពុង​ព្យាយាម​ថតរូប​និង​ថត​វីដេអូ​អំពី​សកម្មភាព​តវ៉ា​របស់​អាជីវករ​ដឹក​ត្រី ដែល​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​បើក​ច្រក​ព្រំដែន​ ដើម្បី​បាន​យក​ត្រី​ទៅលក់​ក្នុង​ទឹកដី​ថៃ។ នេះ​បើយោង​តាម​សេចក្ដីថ្លែងការណ៍​ដដែល​នោះ។

ក្រោយ​ពី​បាន​សាកសួរ​អស់​រយៈពេល​ជាង​បី​ម៉ោង លោក​ទាំង​ពីរ​ត្រូវ​បាន​កង​រាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ឲ្យ «ធ្វើ​កិច្ចសន្យា​មួយ​មុន​នឹង​ត្រូវ​បាន​ដោះលែង»។​

លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិ​នៃ​ខេមបូចា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​ថា៖ «ការ​ហៅ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​នាក់​នៅ​សាកសួរ​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​មាន​ភាព​ភ័យខ្លាច»។

លោក​បាន​បន្ថែម​ថា៖ «កា​រហៅ​ទៅ​សាកសួរ​នេះ​បង្ហាញ​ថា អាជ្ញាធរ​កំពុង​រឹតត្បិត​សេរីភាព​របស់​អ្នក​សារព័ត៌មាន​កម្ពុជា»៕

XS
SM
MD
LG