នៅក្នុងប្រទេសកម្ពុជា គេឃើញមានជានិច្ចនូវរឿងចម្រូងចម្រាស់មកលើតុលាការមួយដែលបានទទួលការ គាំទ្រពី អ.ស.ប ដែលមានគោលបំណង នឹង កាត់ទោសអតីតមេដឹកនាំក្រុមខ្មែរក្រហម។ តុលាការនោះ ជាតុលាការលើកដំបូងដែលអនុញាតឲ្យជនរងគ្រោះពីឧក្រិដ្ឋកម្មមួយចំនួនអាចចូលរួមក្នុងដំណើរការកាត់ក្ដី។ នាពេលថ្មីៗនេះតុលាការបានបដិសេធមិនព្រមទទួលពាក្យបណ្ដឹងពីជនរងគ្រោះនៃរបបខ្មែរក្រហម ហើយបាននាំឲ្យមានការទិតៀនថ្មីទៀត។
ចៅក្រមជាតិអាល្លឺម៉ង់ លោក ស៊ីកហ្វ្រិក ប៊្លុង (Siegfried Blunk) តែងតាំងដោយ អ.ស.ប ជាមួយសមភាគីខ្មែរគឺលោក យូ ប៊ុនឡេង បានរងការទិតៀនជាលើកដំបូង កាលពីខែមេសា ដោយសារតែបានបិទបញ្ចប់ការស៊ើបអង្កេតមកលើករណីទីបី របស់តុលាការប្រឆាំងនឹងអតីតមេបញ្ជាការយោធាថ្នាក់ខ្ពស់ ពីរ នាក់ របស់ខ្មែរក្រហម ដែលជាប់សង្ស័យថាពាក់ព័ន្ធនឹងមរណភាពមនុស្សច្រើនម៉ឺននាក់។ បុគ្គលិកអន្ដរជាតិភាគច្រើន បានលាលែងចេញពីតំណែងក្រោយពីករណីនោះបានត្រូវទម្លាក់ចោល។
ខណៈដែលករណីទីបី កំពុងស្ថិតនៅក្នុងការពិចារណារបស់តុលាការ ចៅក្រមពេលនេះ កំពុង ពិនិត្យមើលថាតើ ជនរងគ្រោះអាចចូលរួមក្នុងការកាត់ក្ដីក្នុងនាមជាដើមបណ្ដឹងរដ្ឋប្បវេណីបានឬទេ។
ចៅក្រម កាលពីពេលថ្មីៗនេះ បានបដិសេធការដាក់ពាក្យសុំចូលរួមរបស់ជនរងគ្រោះយ៉ាងតិច ៣នាក់។ ម្នាក់ជាស្ដ្រីខ្មែរ ដែលប្ដីរបស់នាងបានរងគ្រោះពីការបង្ខំធ្វើការងារ រួចបានត្រូវក្រុមខ្មែរក្រហមយកទៅសម្លាប់។
នៅក្នុងការបដិសេធនោះ ចៅក្រមនិយាយថា ស្រ្ដីនោះដែលទាមទារពីបទធ្វើឲ្យនាងខូចខាតខាងផ្លូវចិត្ដ «ហាក់ដូចជាមិនមានការណ៍ពិតច្រើនទេ»។ ចៅក្រម ឲ្យអត្ថន័យ ការតម្រូវ នៃពាក្យ«រងរបួសផ្ទាល់» មិនទូលំទូលាយទេ ហើយ ទម្លាក់ចោលនរណាមួយដែល មិនមែនជាអ្នករងគ្រោះផ្ទាល់។
មេធាវីរបស់អ្នកដាក់ពាក្យប្តឹង អ្នកស្រី ស៊ីលគី ស្ទូហ្ស៊ីនស្គី (Silke Studzinsky) បានពិពណ៌នា ការសម្រេចចិត្ដនោះថា គួរឲ្យខកចិត្ដខ្លាំង។ ថ្លែងតាមរយៈប្រព័ន្ធ Skype អ្នកស្រី Studzinsky និយាយពន្យល់អំពីមូលហេតុដែលធ្វើឲ្យអ្នកស្រី ដាក់ពាក្យប្ដឹងឧទ្ធរណ៍។
«គ្មានមូលហេតុណាមួយ ដែលអាចចាត់ទុកថា មានមូលដ្ឋានផ្លូវច្បាប់។ មូលហេតុទីមួយសម្ដែងថា កូនក្ដីរបស់យើងជាជនរងគ្រោះប្រយោល រួចបានត្រូវបដិសេធ»។
អ្នកស្រី Studzinsky ថ្លែងថា នេះ គ្មានន័យទាល់តែសោះ ចាប់តាំងពីជនរងគ្រោះប្រយោល បានត្រូវអនុញាតឲ្យចូលរួមក្នុងការកាត់ក្ដីករណី ពីរដំបូង ការណ៍ពិតកូនក្ដីរបស់អ្នកស្រី ជា ដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងករណីទាំងនោះ ដែលធ្វើឲ្យការបដិសេធនេះ មានការលំបាកនឹងយល់។
លោកស្រី អាន ហេនដេល (Anne Heindel) ទីប្រឹក្សាច្បាប់ នៃ អង្គការស្រាវជ្រាវអំពីការប្រល័យពូជសាសន៍នៅក្នុងទីក្រុងភ្នំពេញ ឬ មជ្ឈមណ្ឌលឯកសារកម្ពុជា និយាយថា មូលហេតុនៃការបដិសេធពាក្យរបស់ ដើមបណ្ដឹងរដ្ឋប្បវេណីមិនស្របទៅតាមបទដ្ឋានអប្បបរិមារបស់ច្បាប់ទេ។
«នេះគួរឲ្យអាម៉ាស់មុខ។ នេះ ជាថ្មីម្ដងទៀត គេប្រើមូលហេតុចន្លោះប្រហោងនៃច្បាប់។ វាបង្ហាញច្បាស់នូវរឿងមួយដែលមិនសមរម្យ។ វាមិនស្របទៅតាមបទដ្ឋាននៃមូលដ្ឋានច្បាប់ទេ។ ហើយ នេះជាការសម្រេចចិត្ដដ៏អាក្រក់បំផុតដែលខ្ញុំមិនធ្លាប់ឃើញ»។
លោក Carmichael៖ តើអ្នកស្រីអានការសម្រេចផ្សេងៗបានប៉ុន្មាន?
លោកស្រី Heidel: ច្រើនករណី។
លោក Carmichael៖ រាប់រយករណី?
លោកស្រី Heindel៖ ច្រើនពាន់។
លោក Carmichael៖ ហើយនេះ ជារឿងអាក្រក់បំផុត មែនទេ?
លោកស្រី Heindel៖ វាជារឿងអាក្រក់បំផុត។ ខ្ញុំមិនដែលឃើញការពិចារណាដ៏អាក្រក់ដូច្នោះទេ។ វា គួរឲ្យអាម៉ាស់មុខដល់តុលាការ។
អ្នកស្រី Heindel បានចោទចៅក្រមថា បានប្រើបទដ្ឋានច្បាប់ដែលមិនស្របតាមយុត្ដាធិការរបស់តុលាការ ឬ មិនស្របតាមច្បាប់អនុវត្ដមកលើដើមបណ្ដឹងរដ្ឋប្បវេណី។
អ្នកស្រីនិយាយថា វាហាក់ដូចជាគេចង់បដិសេធនរណាមួយដែលជាអ្នករងគ្រោះប្រយោលមិនឲ្យចូលរួមក្នុងការកាត់ក្ដី។
«នេះច្បាស់ណាស់ដែលថា គ្រួសារផ្ទាល់របស់ជនរងគ្រោះបានត្រូវទទួលស្គាល់ជាអ្នករងគ្រោះដែរ ហើយអាចចូលរួមនៅក្នុងកាលទេសៈដូច្នោះហេតុដូច្នេះហើយ គេមិនឃើញមានរឿងដូច្នោះនៅអតីតកាល ក្នុងទីកន្លែងណាមួយទេ ដែល គាំទ្រមូលហេតុនៃការសម្រេចចិត្ដដូច្នោះ»។
មានមនុស្សជាង ៣០០ នាក់បានដាក់ពាក្យសុំ តាំងខ្លួន ជាដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងករណីទី បី។ ចៅក្រមបានបដិសេធ មិនព្រមនិយាយថា មានប៉ុន្មាននាក់បានត្រូវទទួលស្គាល់ ឬ ក៏ បដិសេធ។
តែទោះជាចៅក្រមដែលពាក់ព័ន្ធនឹងករណី មិនព្រមឆ្លើយការពារសេចក្ដីសម្រេចចិត្ដរបស់ខ្លួន ក៏ដោយ មន្ដ្រីតុលាការ និយាយថាពេលវេលានៅពុំទាន់មកដល់ ដើម្បីឲ្យយោបល់អំពីកិច្ចការរបស់គេ។
លោក ឡាស អូលសិន(Lars Olsen) មន្ដ្រីខាងទំនាក់ទំនងផ្នែកច្បាប់ របស់តុលាការថ្លែងនៅដើមខែនេះ ក្នុង ក្លឹបអ្នកយកព័ត៌មានបរទេស ក្នុងទីក្រុងបាងកក។
«កេរ្ដិ៍ដំណែល និង សេចក្ដីសន្និដ្ឋានចុងក្រោយ អំពីថាតើតុលាការនេះសមនឹងឲ្យថវិកាធ្វើការសមនឹងខិតខំជួយពេញទំហឹង គេត្រូវចាំរហូតដល់ទីបញ្ចប់នៃកិច្ចការរបស់តុលាការ។ រួច យើងអាចដឹងអំពីអ្វីដែលបានកើតឡើង។ តើល្បែងនោះចប់ដូចម្ដេច? តើវាមានប្រយោជន៍ទេ។ ពេលនេះ យើងគ្រាន់តែប៉ាន់ស្មានប៉ុណ្ណោះ»។
នៅពេលត្រូវសួរអំពីរឿងចម្រូងចម្រាស កាលពីពេលថ្មីៗនេះ អំពីសេចក្ដីសម្រេចចិត្ដរបស់ចៅក្រម លោក អូលសិន ថ្លែងថា សេចក្ដីសម្រេចចិត្ដនោះស្ថិតនៅក្នុងដំណាក់កាលប្ដឹងឧទ្ធរណ៍ហើយ ដំណើរការនោះកំពុងប្រព្រឹត្ដធ្វើ។
នៅពេលដែលជនរងគ្រោះពីរបបគ្រប់គ្រងខ្មែរក្រហមពាក់ព័ន្ធជាមួយតុលាការ ក្រុមអ្នកសង្កេតការណ៍ខាងក្រៅប្រទេស បានអំពាវនាវទៅកាន់អ.ស.ប សុំឲ្យធ្វើការស៊ើបអង្កេតមកលើកិច្ចការរបស់សហចៅក្រមស៊ើបអង្កេត។
អង្គការ Open Society Justice Initiative ដែលជាអ្នកតាមឃ្លាំមើលកិច្ចការរបស់តុលាការកាត់ទោសខ្មែរក្រហម ចាប់តាំងពីដើមទីមក បាននិយាយទិតៀនធ្ងន់ធ្ងរមកលើសេចក្ដីសម្រេចចិត្ដតុលាការ ដោយនិយាយថា ចៅក្រមទាំងនោះ បានបំពានលើបទដ្ឋានច្បាប់ហើយ សួរជាសំណួរអំពីឯករាជ្យភាពនិងសមត្ថភាពរបស់ចៅក្រមស៊ើបអង្កេត។
លោកស្រី Clair Duffy ជាអ្នកតាមឃ្លាំមើលការកាត់ក្ដី ធ្វើការឲ្យអង្គការ Open Society Justice Initiative។ អ្នកស្រីបានអំពាវនាវសុំឲ្យ អ.ស.ប ធ្វើការស៊ើបអង្កេតមកលើតុលាការកាត់ទោសខ្មែរក្រហម។
«កាលពីពេលថ្មីៗនេះ គេឃើញមានសេចក្ដីសម្រេចចិត្ដជាច្រើនរបស់តុលាការ ចេញពីការិយាល័យរបស់ សហចៅក្រមស៊ើបអង្កេត ដែលមិនស្របទៅតាមសេចក្ដីតម្រូវជាមូលដ្ឋាន ឬ ទៅតាមបទដ្ឋានច្បាប់អន្ដរជាតិ ឬ មិនអនុវត្ដតាមយុត្ដាធិការរបស់តុលាការខ្លួនឯង»។
នេះ ជាលើកទីពីរ ដែលអង្គការ OSJI បានស្នើទៅអ.ស.បសុំឲ្យធ្វើការស៊ើបអង្កេត។ តែ រហូតមកទល់ពេលនេះ អ.ស.ប នៅពុំទាន់បង្ហាញឲ្យឃើញអំពីផែនការតាមសំណូមពរនោះទេ។
លោក ម៉ាទីន ណេស៊ឺគី (Martin Nesirky) អ្នកនាំពាក្យរបស់អគ្គលេខាធិការអ.ស.បលោក បាន គី មូន ថ្លែងតាមរយៈអ៊ីម៉េលថា អ.ស.បរំពឹងថា ដំណើរការកាត់ក្ដីតុលាការ ត្រូវមានភាពសេរី មិនមានការជ្រៀតជ្រែកពីខាងក្រៅបានទេ។ លោកសរសេរថា អ.ស.ប នឹងមិនធ្វើអត្ថាធិប្បាយមកលើរឿងនោះទេ ដែលកំពុងបានត្រូវពិនិត្យមើល រាប់ទាំងការប្ដឹងឧទ្ធរណ៍របស់ដើមបណ្ដឹងរដ្ឋប្បវេណីផងដែរ។
លោក Nesirky មិនបានឆ្លើយតបទៅនឹងសំណួរមួយអំពីថាតើចៅក្រមតែងតាំងដោយ អ.ស.ប លោក Siegfried Blunk នៅបានទួលការគាំទ្រពីលោក បាន គី មូន និង ការិយាល័យរបស់ អ.ស.បឬ ទេ៕