ចៅក្រមម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា បានបង្គាប់ឲ្យមេធាវី តំណាងក្រុមហ៊ុនលក់អាហារសមុទ្រនៅសហរដ្ឋអាមេរិកចំនួនពីរ បង្ហាញខ្លួននៅមុខតុលាការ ក្រោយពីមានពាក្យបណ្ដឹងមួយ ដែលត្រូវបានដាក់តំណាងឲ្យពលរដ្ឋខ្មែរចំនួន៧នាក់ ដែលអះអាងថា ពួកគេ ត្រូវបានគេបោកបញ្ឆោតឲ្យធ្លាក់ចូលទៅក្នុងជីវិតជាពលករនេសាទនៅក្រៅប្រទេសដែលផ្គត់ផ្គង់អាហារសមុទ្រដល់ក្រុមហ៊ុនទាំងពីរនេះ។
ជនរងគ្រោះទាំង៧នាក់ ដែលមានស្ត្រីពីរនាក់និងបុរស៥នាក់ បានដាក់ពាក្យបណ្តឹងនេះ ប្រឆាំងនឹងក្រុមហ៊ុន ចុះបញ្ជិកានៅអាមេរិក ឈ្មោះ Rubicon Resources និង Wales & Co. Universe និងក្រុមហ៊ុនថៃ ឈ្មោះ Phatthana Seafood Co និង S.S. Frozen Food Co នៅថ្ងៃទី១៥ ខែមិថុនា។
នៅក្នុងពាក្យបណ្ដឹងនេះ ជនដើមចោទ និយាយថា ពួកគេ ត្រូវបានគេបោកបញ្ឆោតឲ្យធ្វើការឲ្យក្រុមហ៊ុនទាំងនេះ ហើយក៏បានធ្វើការអស់រយៈពេលជិត២ឆ្នាំ ក្នុងស្ថានភាពជាទាសករដោយបង្ខំនៅចន្លោះឆ្នាំ២០១០និង២០១២។
ក្រុមហ៊ុន Walmart ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏មានឈ្មោះក្នុងចំណោមក្រុមហ៊ុនដែលទិញអាហារសមុទ្រពីក្រុមហ៊ុននាំចេញបង្គាPhatthana ផងដែរ។ នេះបើយោងតាមពាក្យបណ្តឹងដដែល។
ចៅក្រម John F. Walter បានបញ្ជាឲ្យមេធាវី បង្ហាញខ្លួននៅមុខតុលាការនៅថ្ងៃទី១៩ខែវិច្ឆិកាខាងមុខនេះ ដើម្បីផ្តល់អំណះអំណាងនិងភស្តុតាងរបស់ខ្លួន ហើយនឹងពន្យល់សំណុំរឿងក្តីនេះ។ មេធាវីការពារក្តី អះអាងថា តុលាការអាមេរិក មិនមានយុត្តាធិការក្នុងសំណុំរឿងក្តីនេះទេ៕