ការអភិវឌ្ឍន៍នៅកម្ពុជាបានឈានដល់កម្រិតមួយដែលវិសមភាពនៅមានកម្រិតខ្ពស់បើទោះជាសន្ទុះសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកើនឡើងក៍ដោយ។ នេះគឺដោយសារតែក្រុមវរជនគ្រប់គ្រងធនធានភាគច្រើននៅក្នុងប្រទេស។
ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកំណត់ទស្សនៈវិស័យក្នុងការប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមួយដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងទៅជាប្រទេសអភិវឌ្ឍន៍នៅត្រឹមឆ្នាំ២០៥០។ បើយោងតាមធនាគារពិភពលោក កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា នៅតែរក្សាលំនឹងក្នុងរង្វង់៧ភាគរយក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមកនេះ ដោយប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់បានកើនដល់ប្រហែលជា១២០០ដុល្លាអាមេរិក ដែលធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។
ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានការអភិវឌ្ឍន៍ទាបនៅមុនឆ្នាំ២០១៥។ ប្រជាពលរដ្ឋនៅតាមទីជនបទ និងទីប្រជុំជនជាច្រើននៅទូទាំងប្រទេសនៅតែមានជីវភាពក្រីក្រ។
មានតែមនុស្សមួយក្រុមដែលក្តាប់សេដ្ឋកិច្ចប៉ុណ្ណោះដែលអាចទទួលប្រយោជន៍ពីការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ
លោក អៀ សុផល ដែលជាសាស្រ្តាចារ្យផ្នែកការទូតនិងកិច្ចការពិភពលោកនៃសាកលវិទ្យាល័យ Occidental College នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក និយាយថា មានតែមនុស្សមួយក្រុមដែលក្តោបក្តាប់សេដ្ឋកិច្ចតែប៉ុណ្ណោះ ដែលបានទទួលផលប្រយោជន៍យ៉ាងប្រាកដពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា។
លោក អៀ សុផល បានថ្លែងថា៖«មានតែមនុស្សមួយក្រុមដែលក្តាប់សេដ្ឋកិច្ចប៉ុណ្ណោះដែលអាចទទួលប្រយោជន៍ពីការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ ដោយសារតែពួកគេមានអំណាចនយោបាយ មានលទ្ធភាពក្នុងការគ្រប់គ្រងផ្តាច់មុខ និងមានលទ្ធភាពគ្រប់គ្រងពាណិជ្ជកម្ម។ សេដ្ឋកិច្ចនៅកម្ពុជាគឺជាប្រព័ន្ធសេដ្ឋកិច្ចដែលក្តោបក្តាប់ដោយអ្នកមានអំណាច និងក្រុមវរជន»។
អភិបាលកិច្ចទន់ខ្សោយ
ប្រទេសកម្ពុជាបានស្ថិតនៅស្ទើរតែបាតតារាងនៃសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ។ អង្គការតម្លាភាពអន្តរជាតិ Transparency International បានចាត់ថ្នាក់ប្រទេសកម្ពុជាលេខ១៦១ ក្នុងចំណោម១៨០ប្រទេស។ កម្ពុជាក៏ទទួលបានចំណាត់ថ្នាក់ទាបផងដែរ ទាក់ទិននឹងសេរីភាពសេដ្ឋកិច្ច នីតិរដ្ឋ និងភាពងាយស្រួលនៃការធ្វើពាណិជ្ជកម្ម។
បន្ទាប់ពីបានចូលរួមនៅក្នុងសន្និសីទនៃអង្គការស្រាវជ្រាវមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ លោក អៀ សុផលបាននិយាយថា៖«ប្រទេសកម្ពុជាគឺជាជើងឯកពិភពលោកលើបញ្ហាអំពើពុករលួយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះគឺជាព័ត៌មានដ៏អាក្រក់មួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ពួកគេទទួលបានផលវិបាកពីអំពើពុករលួយនេះ។ ពួកគេគឺជាអ្នកដែលទទួលរងនូវផលវិបាកនេះ»។
លោកបានបន្ថែមថា៖«ការបង់ថ្លៃអំពើពុករលួយគឺការចំណាយថវិកាអត់ប្រយោជន៍។ ថវិកានោះមិនមានប្រយោជន៍សម្រាប់គោលបំណងណាមួយឡើយ ប៉ុន្តែវាបានធ្វើឲ្យមនុស្សមួយក្រុមដែលមានអំណាច កាន់តែមានឡើង ហើយមនុស្សទាំងនោះអាចប្រើប្រាស់អំណាច ឬក៏ធនធានទាំងនោះដើម្បីធ្វើឲ្យពួកគេកាន់តែមានអំណាច និងទ្រព្យធនកាន់តែច្រើនឡើងថែមទៀត»។
សិទ្ធិរបស់កម្មករ
ប្រជាពលរដ្ឋកម្ពុជាប្រមាណ៨សែននាក់ កំពុងធ្វើការក្នុងវិស័យកាត់ដេរ ដែលរួមចំណែកដល់ការបង្កើនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែអ្នករិះគន់ បានបង្ហាញថាការរំលោភបំពានសិទ្ធិមនុស្ស និងប្រាក់ឈ្នួលទាប គឺជាភស្តុតាងនៃកំណើនសេដ្ឋកិច្ចប្រកបដោយការឈឺចាប់របស់កម្ពុជា។ ប្រាក់ឈ្នួលរបស់កម្មករស្ទើរតែមិនអាចទប់ទល់ជាមួយនឹងអតិផរណាដែលនាំឲ្យកម្មករនៅតែទទួលប្រាក់បានឈ្នួលទាប បើទោះបីជាមានការបង្កើនប្រាក់ឈ្នួលអប្បបរមានៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។
មានការរំពឹងថា ច្បាប់សហជីពកម្មករដែលបានអនុម័តក្នុងឆ្នាំ២០១៦អាចជួយការពារកម្មករបន្ថែមទៀត ប៉ុន្តែសមាជិកសហជីពបាននិយាយថាច្បាប់នេះត្រូវបានប្រើប្រាស់ជាឧបករណ៍ដើម្បីរារាំងកម្មករក្នុងការប្រមូលផ្តុំគ្នាទៅវិញ។ កាលពីខែមករាឆ្នាំ២០១៤ អាជ្ញាធរបានដាក់ពង្រាយប៉ូលីស និងទាហានដើម្បីបំបែកហ្វូងកម្មករដែលបានធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ។ ចាប់តាំងពីពេលនោះមក ថ្នាក់ដឹកនាំរបស់សហជីពកម្មករមួយចំនួនត្រូវបានចោទប្រកាន់ ដែលអ្នករិះគន់រដ្ឋាភិបាលហៅថាជាការចោទប្រកាន់នេះថាមានលក្ខណៈនយោបាយ។
ប្រាក់ឈ្នួលអប្បរមាបានកើនឡើង ប៉ុន្តែថ្លៃជីវភាពរស់នៅក៏កើនឡើងផងដែរ ជាពិសេសចំណីអាហារ និងថ្លៃផ្ទះជួល
លោកស្រី អ៊ូ ទេពផល្លីន ដែលជាអនុប្រធាននៃសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មនៅកម្ពុជា បាននិយាយថា បើទោះបីជាមានការកើនឡើងនៃប្រាក់ឈ្នួលអប្បបរមាក៏ដោយ ការចំណាយលើជីវភាពរស់នៅក៏កើនឡើងផងដែរ ដែលធ្វើឲ្យគ្រួសាររបស់កម្មករនៅតែស្ថិតក្នុងភាពក្រីក្រ។
លោកស្រី អ៊ូ ទេពផល្លីន បានថ្លែងថា៖«ប្រាក់ឈ្នួលអប្បរមាបានកើនឡើង ប៉ុន្តែថ្លៃជីវភាពរស់នៅក៏កើនឡើងផងដែរ ជាពិសេសចំណីអាហារ និងថ្លៃផ្ទះជួល»។
សន្តិភាពអវិជ្ជមាន
ក្រុមអង្គការសង្គមស៊ីវិលសង្កេតឃើញថា កម្ពុជាមានការវិវឌ្ឍន៍យឺតទៅរកសន្តិភាព និងសមធម៌ ដែលផ្ទុយពីការលើកឡើងរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែប្រកាសថាប្រទេសកម្ពុជាមានសន្តិភាពនិងស្ថិរភាពដែលមិនធ្លាប់មានពីមុនមក។
ប្រទេសកម្ពុជានៅតែបន្តស្ថិតក្នុងចំណាត់ថ្នាក់ទាបក្នុងសន្ទស្សន៍សន្តិភាពពិភពលោក ក្នុងខណៈពេលដែលសេរីភាពនៃការប្រមូលផ្តុំនិងសិទ្ធិនយោបាយនៅតែត្រូវបានរារាំង។ គណបក្សសង្រ្គោះជាតិត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពី ថ្នាក់ដឹកនាំរបស់គណបក្សនេះត្រូវបានចោទថា មានបំណងផ្តួលរំលំលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ការរំលាយនេះបានធ្វើឡើងបន្តាប់ពីការចាប់ខ្លួន និងការដាក់ឃុំតាំងពីការបោះឆ្នោតឆ្នាំ២០១៣មក។
លោក យឿង សុធារ៉ា អ្នកជំនាញផ្នែកកិច្ចការបោះឆ្នោតនៅកម្ពុជាបានថ្លែងថា៖«អ្វីដែលមើលឃើញថា វាជាការធាក់ថយនៃការអនុវត្តសិទ្ធិនយោបាយ ការចូលរួមសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋនេះ សិទ្ធិនៃការចូលរួមនយោបាយរបស់ក្រុមមួយដែលគេចាត់ទុកថាជាក្រុមប្រឆាំង ឬមួយក៏មាននិន្នាការមិនស្របនឹងបក្សកាន់អំណាច មានការធ្វើទុក្ខបុកម្នេញ ឬក៏មានវិធានការសព្វបែបយ៉ាង ដើម្បីផាត់ចេញក្រុមមនុស្សទាំងអស់នេះចេញពីសង្វៀននយោបាយ។ មានរឿងជាហូរហែបង្កើតទៅជាក្តីក្តាំសព្វបែបយ៉ាងប្រឆាំងនឹងថ្នាក់ដឹកនាំគណបក្សប្រឆាំងរហូតដល់ចុងក្រោយមានការរំលាយចោលគណបក្ស»។
របាយការណ៍ដែលបានចេញផ្សាយថ្មីៗនេះរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្រ្តនិងកិច្ចការអន្តរជាតិ CSISបានបង្ហាញថា ការបំភិតបំភ័យ ការចាប់ខ្លួន ការឃុំខ្លួន ការសម្លាប់ និងការគំរាមកំហែង ត្រូវបានធ្វើលើសកម្មជន និងអត្ថាធិប្បាយបញ្ហានយោបាយនៅប៉ុន្មានខែចុងក្រោយនេះ។ លោក យឿង សុធារ៉ា បានបន្ថែមថា៖ «មិនត្រឹមតែប៉ុណ្ណឹងទេ យើងឃើញថាមានការរួញទៅ នៃលំហរនៃការធ្វើសកម្មភាព លំហរនៃការអនុវត្តន៍ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលមានធានានៅក្នុងរដ្ឋធម្មនុញ្ញ។ ភាគច្រើនអង្គការសង្គមស៊ីវិលដែលមាននិន្នាការខាងតស៊ូមតិ និន្នាការខាងការការពារសិទ្ធិមនុស្ស លំហរនៃការអនុវត្តន៍សកម្មភាពរបស់ពួកគេត្រូវបានរួមតូចទៅៗ ជាពិសេសនៅក្នុងឆ្នាំបោះឆ្នោត២០១៨នេះតែម្តង»។
ខុមហ្រ្វែលយល់ឃើញថា ការចោទប្រកាន់នេះ គឺជាទម្រង់នៃការគំរាមកំហែង បំភិតបំភ័យចំពោះសិទ្ធិចូលរួមសកម្មក្នុងសកម្មភាពស្ម័គ្រចិត្តដើម្បីឃ្លាំមើលស្ថានភាពរបស់ប្រជាពលរដ្ឋ
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលហៅកាត់ថា ខុមហ្រ្វែល ត្រូវបានចោទថាធ្វើឲ្យមានចលាចលសង្គម។ អង្គការ ខុមហ្រ្វែល បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយថា៖ «ខុមហ្រ្វែលយល់ឃើញថា ការចោទប្រកាន់នេះ គឺជាទម្រង់នៃការគំរាមកំហែង បំភិតបំភ័យចំពោះសិទ្ធិចូលរួមសកម្មក្នុងសកម្មភាពស្ម័គ្រចិត្តដើម្បីឃ្លាំមើលស្ថានភាពរបស់ប្រជាពលរដ្ឋ»។
កំណែទម្រង់ដីធ្លី
កំណែទម្រង់ដីធ្លីនៅកម្ពុជាក៏ប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រផងដែរ ដោយសារតែការទន្រ្ទានយកដី និងការបណ្តេញចេញដោយបង្ខំនៅតែបន្ត ធ្វើឡើងនៅពេលដែលក្រុមហ៊ុនធំៗបានដណ្តើមយកដីរបស់អ្នកភូមិក្រីក្រ។ សកម្មជនដីធ្លី និងសិទ្ធិលំនៅដ្ឋានត្រូវបានចាប់ខ្លួន វាយដំ គំរាមកំហែង និងដាក់ពន្ធនាគារ និងត្រូវបានសម្លាប់ដោយសារតែការតស៊ូមតិរបស់ពួកគេ។
នៅពេលដែលយើងបានចាប់ផ្តើមផ្តល់នូវសម្បទានដីធ្លីឲ្យ គេហៅថាសម្បទានដីសេដ្ឋកិច្ច ក៏បានធ្វើឲ្យមានជំលោះកើតឡើង ដោយសារតែយើងមិនបានត្រួតត្រាសភាពការណ៍នេះឲ្យបានដិតដល់
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បាននិយាយថា កំហុសធំបំផុតរបស់លោកនៅក្នុងការគ្រប់គ្រងប្រទេស គឺវិធីដែលរដ្ឋាភិបាលរបស់លោកដោះស្រាយបញ្ហាដីធ្លី។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយផលិតករភាពយន្តលោក Robert Lieberman កាលពីឆ្នាំ២០១៥ថា៖«នៅពេលដែលយើងបានចាប់ផ្តើមផ្តល់នូវសម្បទានដីធ្លីឲ្យ គេហៅថាសម្បទានដីសេដ្ឋកិច្ច ក៏បានធ្វើឲ្យមានជំលោះកើតឡើង ដោយសារតែយើងមិនបានត្រួតត្រាសភាពការណ៍នេះឲ្យបានដិតដល់»។
គណបក្សប្រជាជនកម្ពុជា បានសន្យាថា នឹងធ្វើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបន្តផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបន្តសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅត្រឹមឆ្នាំ២០៣០៕