ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​កម្ពុជា​នៅ​ប្រើ​ប្រព័ន្ធ​ក្រៅ​ផ្លូវ​ការ​ដើម្បី​បាន​ទៅធ្វើការ​នៅ​ប្រទេស​ជិត​ខាង


រូបឯកសារ៖ ពលករចំណាក​ស្រុក​កម្ពុជាធ្វើដំណើរឆ្លងព្រំដែន​ថៃចូល​ប្រទេស​កម្ពុជា តាមច្រកខេត្តសាកែវ ប្រទេសថៃ កាលពីថ្ងែទី១៥ ខែមិថុនា ឆ្នាំ២០១៤។

ពលករ​ខ្មែរ​ចំណាក​ស្រុក​ភាគច្រើនបាន​បោះ​បង់​ចោល​ប្រព័ន្ធ​ផ្លូវការ​នៅ​ក្នុង​ការ​ចេញ​ទៅធ្វើការ​នៅ​ប្រទេស​ជិត​ខាង​ ក្រោម​ហេតុ​ផល​នៃ​ការ​ចំណាយ​ខ្ពស់​ និង​ភាព​ស្មុគ​ស្មាញ​នៃ​កា​ររត់​ឯកសារ​ដែល​បណ្តាល​ឲ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​ខាត​បង់​ដោយសារ​ការ​កេង​ប្រវ័ញ្ច​ ឬ​ត្រូវ​ប្រឈម​មុខ​នឹង​វិធាន​ការ​សន្តិសុខ។​

នេះ​ជា​ការ​វាយ​តម្លៃ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅកាត់​ថាសង់​ត្រាល់ (Central)​ ដែល​បាន​បន្ត​ផ្តួច​ផ្តើម​ប្រារព្ធ​ទិវា​ពលករ​ចំណាក​ស្រុក​អន្តរ​ជាតិ ​កាល​ពី​ថ្ងៃទី​១៨ ​ខែធ្នូ កន្លង​ទៅ។​

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយកាល​ពីថ្ងៃ​អាទិត្យ​ អង្គការ​សង់​ត្រាល់ បាន​យោងតាម​របាយ​ការណ៍​របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ដែល​បាន​បង្ហាញ​ថា​ ពលករ​កម្ពុជា​ចំនួន​១​លាន​៣​សែន​នាក់​កំពុង​បម្រើ​ការងារ​ក្នុង​ប្រទេស​គោលដៅ ​រួមមាន​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ សិង្ហបុរី​ ជប៉ុន​ កូរ៉េខាង​ត្បូង​ គុយវ៉ែត​ រដ្ឋបាល​ពិសេស​ហុងកុង​ ហ្គាតា​ អារ៉ាប៊ីសាអូឌីត​ និង​ប្រទេស​ជាច្រើន​ទៀត​ដែលមាន ​និង​មិន​មាន​កិច្ច​ព្រម​ព្រៀង​ផ្លូវ​ការ​ ហើយ​ដែល​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ជាក់​ស្តែង​ទាំងស្រុង​នៃ​ចំនួន​ពលករ​ចំណាក​ស្រុក​កម្ពុជា​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។​

បើតាម​អង្គការ​សង់​ត្រាល់​ ​ពលករ​កម្ពុជា​ចំនួន​ច្រើន​បាន​ធ្វើ​ចំណាក​ស្រុក​តាម​ប្រព័ន្ធ​មិន​ផ្លូវការ។​ តាម​ការ​ប៉ាន់​ប្រមាណ​របស់​អង្គការ​សង់​ត្រាល់​ ​គ្រាន់តែ​ក្នុង​ប្រទេស​ថៃមាន​ពលករ​ចំណាក​ស្រុក​កម្ពុជា​ប្រមាណ​២​លាន​នាក់​កំពុង​បម្រើ​ការ​នៅ​ទីនោះ​ ដែល​ភាគ​ច្រើន​ធ្វើ​ការ​ក្នុង​វិស័យ​សំណង់​ កសិកម្ម​ នេសាទ​ ការងារ​តាម​ផ្ទះ​ និង​វិស័យ​ក្រៅប្រព័ន្ធ​ផ្សេងៗ​ទៀត។ ​ក្នុង​នោះ​ មាន​ពលករ​ប្រមាណ​តែ​១៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​ ដែល​ធ្វើ​ចំណាក​ស្រុក​តាម​រយៈ​ប្រព័ន្ធ​ផ្លូវ​ការ ​MOU​ (ឬអនុស្សរណៈនៃការ​យោគយល់​គ្នា) ​ទៅ​បំពេញ​ការងារ​ក្នុង​វិស័យ​ដូច​ជា​ ចំណីអាហារ​ កែច្នៃ​អាហារ​សមុទ្រ​ និង​រោងចក្រ​អគ្គិសនី​ជាដើម។​

តាម​ការ​ចេញ​ទៅធ្វើ​ការនៅ​ក្រៅប្រទេសតាម​ប្រព័ន្ធមិន​ផ្លូវ​ការ​នេះ ​ ពលករ​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា​ ក្នុង​ឆ្នាំ​២០២២​នេះ​ អង្គការ​សង់ត្រាល់​បាន​កត់​ត្រា​ករណី​ពលករ​ចំណាកស្រុក​កម្ពុជា​ត្រូវ​បាន​ឃាត់​ខ្លួន​ ដោយ​អាជ្ញាធរ​ថៃ​នៅ​តាម​ព្រំដែន​ ស្រប​ពេល​ពួក​គេ​ឆ្លង​ដែន​ទៅរក​ការងារ​ធ្វើ​ ដោយ​មិន​មាន​ឯកសារ​ស្រប​ច្បាប់​ចំនួន​៩២​ករណី​ ដែល​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​២.១២១​នាក់​ក្នុង​នោះ​ច្រើន​ជាង​៤០​ភាគរយ​ជាស្ត្រី​ និង​កុមារ​តូចៗ។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង់ត្រាល់​បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖​ «ដំណើរ​ការ​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​តាម​ប្រព័ន្ធ​ផ្លូវការ​ MOU ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ពលករ​មិន​អាច​ និង​ពិបាក​ដំណើរការ​ទៅ​បាន ​រួមមាន​ត្រូវ​ចំណាយ​ពេល​វេលារង់​ចាំយូរ​ នីតិវិធី​ស្មុគស្មាញ​ និង​តម្លៃ​ខ្ពស់​លើស​លប់​ និង​មិន​បាន​កំណត់ច្បាស់​លាស់»។​

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា៖ ​«តាម​រយៈ​ការ​សិក្សា​ដដែល​ និង​ការ​ផ្តល់​ព័ត៌មាន​ត្រឡប់​ពី​អ្នក​ប្រឹក្សា​យោបល់​សុវត្ថិភាព​ចំណាក​ស្រុក​ ដែល​បាន​សម្ភាស​ផ្ទាល់​ជាមួយ​អតីត​ពលករ​ បាន​បញ្ជាក់​ថា​ ពលករ​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​ចន្លោះ​ពី​៣០០​ដុល្លារ​ ទៅ​៦៥០​ដុល្លារ​ និង​ពេល​វេលា​រង់​ចាំ​ចន្លោះ​ពី​១ខែ​ ទៅ​៦​ខែ»។​

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ទេសន្តរ​ប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់​លោក​ ឌី ថេហូយ៉ា​ ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​នេះ​ថា​ ពលករ​ត្រូវ​ចំណាយ​ពេល​ជាង​៤០​ថ្ងៃ​ ឬ​ច្រើន​ជាង​នេះ​ ប្រសិន​បើ​ត្រូវ​ទៅ​តាម​លក្ខ​ខណ្ឌ​ស្រប​ច្បាប់​ ព្រោះ​ក្រុម​ហ៊ុន​ជ្រើសរើស​ពលករ​ត្រូវ​ប្រើ​ពេល​ដើម្បី​ប្រមូលកម្លាំង​ពលកម្ម​សរុប​សម្រាប់​ការ​បញ្ជូន​ចេញ។​

លោក​ថ្លែង​ថា៖ ​«ការ​អនុវត្ត គាត់​អាច​រហូត​ទៅ​ដល់​៩០​ថ្ងៃ​ ៣​ខែ​ ឬ​៦​ខែ​ អ៊ីចឹង​ គាត់​ត្រូវ​រង់​ចាំ​ ឧទាហរណ៍​ថា​ គាត់​ទៅ​ដាក់​ពាក្យតាម​ក្រុមហ៊ុន​ក​ហ្នឹង​ ទម្រាំ​តែ​ប្រមែ​ប្រមូល​មនុស្ស​បាន​ ឬ​ទម្រាំ​តែ​បាន​បញ្ជូន​ទៅ​ អ្នកខ្លះ​មិន​ទាន់​មាន​តម្រូវ​ការ​ពី​ប្រទេស​គោល​ដៅ​ផង​ ប៉ុន្តែ​ចេះ​តែ​ជ្រើស​រើស​គាត់​អ៊ីចឹង​ទៅ។ ​ដល់​ពេល​ជ្រើស​រើស​បាន​ គាត់​ដាក់​ពាក្យ​ ហើយ​ខ្ចីគេ​លុយ​គេ​ ហើយ​បង់​ថ្លៃ​អស់​ហើយ​ គាត់​ត្រូវ​រង់​ចាំ​យូរ ​៣​ខែ​៦ខែ។ បើសិន​ជា​គាត់​ខ្ចី​គេ​ ៦០០ ឬ ៧០០​ដុល្លារ​ ហើយ​ដេក​បង់​ការ​ប្រាក់​ពី​១​ខែ​ទៅ​៦ខែ​... ​ហ្នឹង​ វា​មាន​បញ្ហា​កន្លែង​ហ្នឹង»។ ​

បើ​តាម​លោក​ឌី ថេហូយ៉ា​ រដ្ឋាភិបាលគួរ​តែ​សហការ​ជាមួយ​ប្រទេស​គោលដៅ​ក្នុង​ការ​រៀបចំ​បង្កើត​ឲ្យ​មាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​ការ​ធ្វើ​ឯកសារ​នានាៗ​ដូចធ្លាប់បាន​រៀបចំ​ធ្វើ​ក្នុង​ខេត្ត​រ៉ាក់យ៉ង​ប្រទេស​ថៃ ​ហើយ​ការ​ធ្វើ​ឯកសារ​ដើម្បី​បាន​ទៅធ្វើ​ការ​ដោយ​ស្របច្បាប់​នៅប្រទេស​ថៃ​ ឬ​គោលដៅ​ផ្សេង​ទៀត​ស្របតាម​អនុស្សរណៈ​យោគយល់​គ្នា​ មិន​គួរ​លើស​ពី​មួយ​ខែ​ទេ​ ដើម្បី​សម្រួល​បន្ទុក​ខាង​សង្គម​និ ង​សេដ្ឋកិច្ច​ដល់​ពលករ​ដែល​ចង់​ចេញ​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ឬ​ពលករ​ដែល​មាន​ឯកសារ​ពាក់​ព័ន្ធការ​ងារ​ដែល​មាន​នៅ​ក្រៅ​ប្រទេសរួច​ស្រេច​ហើយ ​តែផុត​សុពលភាព។​

ពលករដែល​ចំណាក​ស្រុក​ដោយ​មិន​មាន​ឯកសារ​ស្រប​ច្បាប់​បាន​ជួប​ស្ថានភាព​លំបាក​គួរ​ឲ្យកត់​សម្គាល់។ ​ពួក​គេ​ត្រូវ​ប្រឈម​នឹង​ការ​រស់​នៅ​ និង​ធ្វើ​ការ​ដោយ​មិន​មាន​ភាព​ស្របច្បាប់​ មាន​ការ​ភ័យ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន​ ចំណាយ​ច្រើន​ ឬត្រូវ​កាត់​កង​ប្រាក់​ឈ្នួល​ដើម្បី​ឲ្យ​មេខ្យល់​ ឬថៅកែ​រត់​ការ​ឯកសារ​ឲ្យ​ ការងារ​មិន​ឋិតថេរ​ជាប់​លាប់​ មិន​ទទួល​បាន​ការ​ការពារ​សិទ្ធិ​ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​តាម​ច្បាប់​ការងារ​ ជាពិសេស​កិច្ច​គាំពារ​សង្គម​ និង​ងាយ​ធ្លាក់​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស។​ នេះ​បើ​តាម​អង្គការ​សង់ត្រាល់។​

អង្គការ​សង់ត្រាល់​ឲ្យដឹង​ទៀត​ថា​ នៅ​ប្រទេស​គោល​ដៅ​ឯណោះ​វិញ​ ពលករ​ចំណាក​ស្រុក​ដែលមាន​ឯក​សារ​ត្រឹម​ត្រូវ​អាច​ប្រឈម​នឹង​ការ​បាត់​បង់​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​នៅ​ពេល​ហួស​សុពលភាព​ ហើយ​នីតិវិធី​នៃ​ការ​បន្ត​ឯកសារ​អាច​មាន​ភាព​ស្មុគ​ស្មាញ​ ចំណាយ​ខ្ពស់​ និង​អាច​ចាញ់​បោក​គេ។

ក្រៅ​ពី​បញ្ហា​នេះ​ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ទេសន្តរ​ប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់​លោក​ ឌី ថេហូយ៉ា​ កត់​សម្គាល់​ទៀត​ថា​ ពលករ​ចំណាក​ស្រុក​កម្ពុជា​មាន​បញ្ហា​ប្រឈម​ចម្បង​មួយ​ទៀត ​គឺ​លទ្ធភាព​ទទួល​បាន​កិច្ចគាំពារ​សង្គម​នៅក្នុង​ប្រទេស​កំណើត​ និង​ប្រទេស​គោល​ដៅ​ដែល​នៅ​មាន​កម្រិត។ ​

លោក​ថ្លែង​ថា៖​ «តម្រូវ​ការ​អាទិភាព​ទីមួយ​ គឺ​ទទួល​បាន​ឯកសារ​ស្រប​ច្បាប់។ ​តម្រូវ​ការ​ទីពីរ​គឺកិច្ច​គាំពារ​សង្គម​ហ្នឹង។ ​ហើយ​សំណួរ​សួរ​ថា ​បើ​សិន​ជា​គាត់​អត់​ទទួល​បាន​ឯកសារ​ស្រប​ច្បាប់​ តើ​គាត់​មាន​ប្រឈម​អី​ខ្លះ? ​ហ្នឹង​គឺ​ថា​ គាត់​នឹង​ប្រឈម​ទីមួយ​ គាត់​នឹង​ក្លាយ​ជា​ជន​ដែល​ងាយ​រង​គ្រោះ​អំពី​អំពើ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ និង​ការ​ជួញ​ដូរ​មនុស្ស​ ក៏ដូច​ជា​រូបភាព​នៃ​អំពើ​រំលោភ​បំពានផ្សេងៗ»។​

នៅ​ត្រង់​ចំណុច​កិច្ច​គាំពារ​សង្គម​នេះ​ សេចក្តី​ថ្លែង​ការណ៍​ខាង​លើ​របស់​អង្គការ​សង់ត្រាល់​បាន​បង្ហាញ​ថា​ ច្បាប់​ការងារ​ និង​ច្បាប់​ស្តីពី​កិច្ច​គាំពារ​សង្គម​ក្នុង​ប្រទេស​គោល​ដៅ​មិន​បាន​ដាក់​បញ្ចូល​ពលករ​ចំណាក​ស្រុក​គ្រប់​វិស័យ​ឱ្យ​ទទួល​បាន​អត្ថ​ប្រយោជន៍​ និង​កិច្ចគាំពារ​សង្គម​បាន​ពេញ​លេញ​នៅ​ឡើយ​ ព្រោះ​ហេតុ​ផល​សញ្ជាតិ​ ស្ថាន​ភាព​នៃ​ការ​ចំណាក​ស្រុក​ ប្រភេទ​ការងារ​ និង​ដោយ​សារ​ការ​រើស​អើង​ជាដើម ​បើ​ទោះបី​ពួកគេ​មួយ​ចំនួន​ធំ​បាន​បង់​វិភាគ​ទាន​៥​ភាគរយ​នៃ​ប្រាក់​ឈ្នួល​ ចូល​ក្នុង​មូលនិធិ​ធានារ៉ាប់​រង​សង្គម​ក៏ដោយ។ ​

អង្គការ​សង់ត្រាល់​ ដោយមានការ​ចួលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ បាន​លើក​ឡើង​អនុសាសន៍​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​ ក្នុង​នោះ​ គឺ​ការ​បង្កើត​ការងារ​ និង​មុខរបរ​ក្នុងស្រុក​ឲ្យបាន​គ្រប់គ្រាន់​ និង​បង្កើត​យន្តការ​ត្រួត​ពិនិត្យ​ តាម​ដាន​ចំពោះ​ការ​អនុវត្ត​របស់​ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ​ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ប្រកប​ដោយ​តម្លា​ភាព​ និង​ភាព​ត្រឹមត្រូវ ​ទៅ​លើ​ដំណើរ​ការ​នៃ​ការ​ជ្រើស​រើស​ និង​បញ្ជូន​ពលករ​ប្រកប​ដោយ​ក្រម​សីលធម៌ ​ហើយ​រដ្ឋត្រូវ​ពង្រីក​វិសាលភាព​នៃ​ការ​ផ្តល់​ជូន​កិច្ច​គាំពារ​សង្គម​ដល់​ពលករ​ចំណាក​ស្រុក​តាម​រយៈ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ទទួល​នានា។​

វីអូអេ​បាន​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពីអ្នកនាំ​ពាក្យ​ក្រសួង​ការ​ងារ​ លោក​ ហេង សួរ ​តែគ្មាន​ការ​ឆ្លើយ​តប​សំណួរ​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម។​

គួរ​បញ្ជាក់​ថា​ នៅ​ខែធ្នូ ​ឆ្នាំ​២០០០​ មហា​សន្និបាត​នៃ​អង្គការ​សហ​ប្រជាជាតិ​ បាន​កំណត់​យក​ថ្ងៃ​ទី​១៨​ខែធ្នូ​ ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​ប្រារព្ធ​ទិវា​ពលករ​ចំណាក​ស្រុក​អន្តរជាតិ។ ​ការ​កំណត់​យក​ថ្ងៃ​១៨​ធ្នូ​នោះ​ គឺ​ក្រោម​ហេតុ​ផល​ថា​ នា​ថ្ងៃនោះ​ក្នុង​ឆ្នាំ​១៩៩០​ អង្គការ​សហ​ប្រជា​ជាតិ​បាន​សម្រេច​អនុម័តអនុសញ្ញា​អន្តរជាតិ​ស្តីពី​ការ​ការពារ​សិទ្ធិ​ពលករ​ទេសន្តរ​ប្រវេសន៍​គ្រប់​រូប ​និង​សមាជិក​គ្រួសារ​របស់​ពួក​គេ។​

នៅកម្ពុជា​ អង្គការ​សង់ត្រាល់​បាន​ប្រារព្ធ​ទិវា​នេះ​ម្តង​ទៀត​នៅ​ឆ្នាំ​២០២២​នេះ​ ដោយ​មាន​កិច្ច​សហការ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋា​នៅក្នុង​ខេត្ត​គោល​ដៅ​ចំនួន​៤​គឺ​ខេត្ត​កំពង់ធំ​ សៀមរាប​ បន្ទាយ​មានជ័យ​ និង​បាត់ដំបង ​ដោយ​មាន​អ្នកចូលរួម​៩៣២​នាក់​ តិច​ជាង​១០៣០​នាក់​ កាលពី​ឆ្នាំទៅ​ ដែល​អង្គការ​សង់ត្រាល់​បាន​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ ថៃ ​និង​ជប៉ុន៕

XS
SM
MD
LG